ជាតិ
សេដ្ឋកិច្ច
៦ក្រុមហ៊ុនធំៗ ប្រកាសរើសបុគ្គលិកជិត ១០០០នាក់
× ភ្នំពេញ៖ ផ្សារទំនើប Aeon Mall និងក្រុមហ៊ុនធំៗ ៥ទៀត ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ១០០០នាក់។ នេះជាការជ្រើសរើសបុគ្គលិករបស់ផ្នែកឯកជន ដែលមានការសម្របសម្រួលពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការជ្រើសរើសបុគ្គលិកនេះ នឹងធ្វើឡើង នៅក្នុងវេទិកាការងារ នៅថ្ងៃទី២២ខែកុម្ភៈ សប្ដាហ៍នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥និង៣០នាទីងល្ងាច នាបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បេក្ខជន ត្រូវរៀបចំប្រវត្តិរូបសង្ខេប និងត្រៀមខ្លួនសម្រាប់សម្ភាសការងារនៅក្នុងវេទិកានោះ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រាន់តែផ្សារទំនើប Aeon ដែលគ្រោងបើកផ្សារទំនើបទី២ របស់ខ្លួន ត្រូវការរើសបុគ្គលិកជាង ៤០០នាក់។ ក្រុមហ៊ុនធំៗ៥ទៀត មានដូចជា ផ្សារទំនើប Makro ក្រុមហ៊ុន Park Café, Online, GFG Investment និងក្រុមហ៊ុន គង់នួនគ្រុប រួមទាំងក្រុមហ៊ុនផ្សេងៗទៀត ត្រូវការបុគ្គលិកសរុបជិត ១០០០នាក់។
គួរបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ រៀបចំវេទិកាការងារនេះ ជារៀងរាល់សប្ដាហ៍ទី៤នៃខែនីមួយៗ ដើម្បីផ្គូផ្គងអ្នកស្វែងរកការងារ និងក្រុមហ៊ុនដែលមានតម្រូវការបុគ្គលិក តាមផ្នែក តាមជំនាញផ្សេងៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com