អន្តរជាតិ
តុលាការកំពូលម៉ាល់ឌីវព្យួរតំណែងតំណាងរាស្ត្របក្សប្រឆាំង ១២ រូប បំពេញចិត្តប្រធានាធិបតី ប្រធានាធិបតីម៉ាល់ឌីវ Abdulla Yameen
× តុលាការកំពូលម៉ាល់ឌីវបានសម្រេចព្យួរតំណែងសមាជិកសភាបក្សប្រឆាំង ១២ រូប ដែលផ្តាច់ខ្លួនចេញពីបក្សកាន់អំណាចកន្លងមក។ ការសម្រេចបែបនេះធ្វើឡើង ក្រោយពេលដែលប្រធានាធិបតីម៉ាល់ឌីវប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន និងចាប់ខ្លួនប្រធានតុលាការកំពូលផងនោះ។
ទំនងជាបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនចៅក្រមតុលាការកំពូលម៉ាល់ឌីវបានផ្លាស់ប្តូរការសម្រេចរបស់ដោយព្យួរតំណែងសមាជិកសភាបក្សប្រឆាំងទាំង ១២ នាក់ជាផ្លូវការនៅថ្ងៃអាទិត្យទី ១៨ ខែកុម្ភៈ។ កន្លងមកតុលាការនេះធ្លាប់សម្រេចផ្តល់អំណាច និងបុព្វសិទ្ធជាតំណាងរាស្ត្រដល់អ្នកនយោបាយទាំង ១២នាក់នេះអស់ហើយដែរ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP តុលាការកំពូលកាត់ក្តីបែបនេះទំនងជាឆ្លើយតបនឹងការចង់បានរបស់ប្រធានាធិបតី Abdulla Yameen ដែលកំពុងក្តោបក្តាប់អំណាចម្នាក់ឯងនោះ។ ចំណែកតំណារាស្ត្រ ១២ នាក់នោះដើមឡើយជាសមាជិកបក្សកាន់អំណាចទេ ប៉ុន្តែនាំគ្នាផ្តាច់ខ្លួនទៅរួមជីវភាពនយោបាយជាមួយគណបក្សប្រឆាំងតែម្តង រហូតដល់មានរឿងក្តីក្តាំបែបនេះ។
ចៅក្រមតុលាការកំពូលដែលនៅសល់គីគ្នាបីរូបនោះបានអះអាងថា ខ្លួនសម្រេចព្យួរការសម្រេចចិត្តលើកមុនដើម្បីឆ្លើយតបការអំពាវនាវពីអគ្គរដ្ឋអាជ្ញា។ ការព្យួរតំណែងសមាជិកសភាផ្តាច់ខ្លួននេះអាចធ្វើឡើងតាមការចង់បានរបស់ប្រធានាធិបតី Yameen។ កន្លងមកសេចក្តីសម្រេចរបស់តុលាការដែលផ្តល់អំណាចនិងបុព្វសិទ្ធិដល់តំណាងរាស្ត្រ ១២ នាក់ឡើងវិញ ធ្វើឲ្យបក្សកាន់អំណាចបាត់បង់សំឡេងភាគច្រើនក្នុងសភាដែលមានសមាជិកសរុប ៨៥ នាក់ដែរ។
កាលពីសប្តាហ៍មុន តុលាការកំពូលនេះក៏បានសម្រេចលុបចោលការសម្រេចចិត្តរបស់ខ្លួនផងដែរ ពាក់ព័ន្ធការដោះលែងអ្នកទោសនយោបាយ ប្រាំបួនរូប រួមទាំងអតីតប្រធានាធិបតី Mohamed Nasheed ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសផងដែរ។
សូមបញ្ជាក់ថា នាថ្ងៃចន្ទទី ៥ ខែកុម្ភៈ ប្រធានាធិបតី Abdulla Yameen ចេញក្រឹត្យប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន រយៈពេល ១៥ ថ្ងៃ។ បន្ទាប់ពីដាក់រដ្ឋក្នុងភាពអាសន្នហើយ រដ្ឋាភិបាលរបស់លោក ចាប់ផ្តើមបង្ក្រាបរាល់ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលក្នុងនោះមានការចាប់ខ្លួនចៅក្រមតុលាការកំពូល និងអ្នកនយោបាយដែលចូលរួមជាមួយគណបក្សប្រឆាំងដើម្បីត្រៀមទម្លាក់លោកពីតំណែងក្នុងនោះមានអតីតប្រធានាធិបតីដែលជាបងប្អូនរបស់លោកផងដែរ។ ចំណែកបាតុករទាំងឡាយដែលហ៊ានបាតុកម្មប្រឆាំងលោកក៏ត្រូវបានចាប់ និងឃុំខ្លួនផងដែរកាលពីចុងសប្តាហ៍កន្លងទៅនេះ។ Yameen ត្រូវបានគេរិះគន់ និងចាត់ទុកជាអ្នកនយោបាយពុករលួយ ប្រើប្រាស់អំណាចខុសគោលដៅ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផងដែរ៕
Tag:
ម៉ាល់ឌីវ
តុលាការកំពូល
Abdulla Yameen
© រក្សាសិទ្ធិដោយ thmeythmey.com