រថយន្ត
អន្តរជាតិ
ផលិតផល Land-Rover ដំបូង​បំផុត​បង្ហាញ​វត្តមាន​ក្នុង​ទីក្រុង​ឡុង​ដ៍​
19, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ផលិតផល​រថយន្ត Land-Rover JUE 477 ដំបូង​បំផុត ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​ក្លិប​រាជរថ Royal Automobile Club នៅ Pall Mall ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស កាលពីពេល​ថ្មីៗ​កន្លងមក​។ រថយន្ត​ដែលមាន​លេខ​តួ ៨៦០០០១ មួយ​នេះ បង្ហាញ​វត្តមាន​ចុងក្រោយ​កាលពី​២០​ឆ្នាំមុន​នៅ​មជ្ឈមណ្ឌល Shugborough Hall នា​ពិធី​ប្រារព្ធ​ខួប​៥០​ឆ្នាំ​នៃ​ការបើក​ដំណើរការ​ក្រុមហ៊ុន Land-Rover​។​



JUE 477 លេខ​តួ ៨៦០០១ ត្រូវបាន​ផលិតឡើង​នៅ​ខែកក្កដា ឆ្នាំ​១៩៤៨ ក្រោម​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​របស់ Land-Rover ដែលមាន​រោងចក្រ​នៅ​តំបន់ Solihull​។ នា​ឆ្នាំ​១៩៥០ វា​ត្រូវបាន​ចុះបញ្ជី​ផ្លូវការ មុនពេល​លក់​ទៅ​ឲ្យ​សាស្ត្រាចារ្យ Mcewen ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ Newcastle​។​



​បើតាម​ការផ្សាយ​របស់​គេហទំព័រ Auto Classic រថយន្ត​នេះ ត្រូវបាន​លក់​បន្តទៅ​ឲ្យ​លោក David Fairless ដែល​ធ្វើការ​ក្នុង​កសិដ្ឋាន​មួយ​នៅ Northumberland​។ លោក Fairless បាន​យក​វា​ទៅ​បង្ហាញ​ក្នុង​ពិ​ព័រ​ណ៌​នៅ Shugborough Hall នា​ឆ្នាំ​១៩៩៨ នា​ពិធី​រំលឹក​ខួប​៥០​ឆ្នាំ​នៃ​ការបង្កើត​ក្រុមហ៊ុន Land-Rover​។

​ក្រោយ​បាត់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយ​មិនដឹង​មូលហេតុ JUE 477 បានបង្ហាញ​ខ្លួន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ Royal Automobile Club នៅ Pall Mall ក្រុង​ឡុង​ដ៍ ជាមួយ​រថយន្ត​ម៉ូ​ដែល​ចាស់​ផ្សេងៗ​ទៀត​។​



​វត្តមាន​របស់ JUE 477 បានធ្វើ​ឲ្យ​មានការ​មន្ទិល​ចំពោះ​រថយន្ត HUE 166 ដែល​ត្រូវបាន​ចាត់ទុកថា ជា​ម៉ូ​ដែល Land Rover ដែលមាន​វ័យ​ចំណាស់​ជាងគេ​។ តាមពិតទៅ HUE 166 ត្រូវបាន​តម្លើង​តាំងពី​ឆ្នាំ​១៩៤៧​មក ប៉ុន្តែ​វា​មិនមែនជា​ផលិតផល​សម្រេច​ផ្លូវការ​នោះឡើយ ដោយ​វា​គ្រាន់តែ​ផ្នែក​មួយ​នៃ​ការសាកល្បង​របស់ Land Rover ប៉ុណ្ណោះ​៕





© រក្សាសិទ្ធិដោយ thmeythmey.com