អន្តរជាតិ
ហេតុអ្វី​វា​ដល់ពេល​អាមេរិក​ត្រូវ​រឹតបន្តឹង​ការគ្រប់គ្រង​កាំភ្លើង​?
19, Feb 2018 , 6:02 pm        
រូបភាព
រូបភាព BBC
រូបភាព BBC
​ហេតុការណ៍​បាញ់រះ​នៅ​រដ្ឋ Florida ដែល​សម្លាប់​មនុស្ស​អស់​១៧​នាក់​ភាគច្រើន​ជា​សិស្សសាលា បានធ្វើ​ឲ្យ​អាមេរិក​រញ្ជួយ​ជាថ្មី ហើយ​ការទាមទារ​ឲ្យ​មានការ​កែទម្រង់​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ក៏​លេចឡើង​ម្ដងទៀត​។ មិនមែនជា​រឿង​ថ្មី​សម្រាប់​អាមេរិក​ដែល​ការបាញ់បោះ​តែង​កើតមាន​ស្ទើរ​ក្លាយជា​ទម្លាប់ តែ​ការគ្រប់គ្រង​អាវុធ​បន្ត​ធូររលុង​ដដែល ហើយ​ប្រធានបទ​នេះ​នៅតែ​បង្ក​ការបែងចែក​ក្នុង​នយោបាយ​អាមេរិក​ជាច្រើន​ឆ្នាំ​មកនេះ​។ តើ​អាមេរិក​គួរ​គិតគូរ​ការគ្រប់គ្រង​អាវុធ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជាង​មុន ឬ​បន្ត​ឲ្យ​ឈាម​ជនស្លូតត្រង់​បន្ត​ហូរ​?



​គេ​តែង​ឮជា​ញឹកញាប់​ពី​ហេតុការណ៍​បាញ់រះ​នៅ​អាមេរិក មិន​ថា​នៅ​សាលារៀន ទីសាធារណៈ ឬ​កន្លែង​ប្រគំ​តន្ត្រី​ឡើយ​។ ទោះជា​ជនដៃដល់​មាន​គោលដៅ​ផ្សេងៗ​គ្នា​ក្ដី ជនរងគ្រោះ​ភាគច្រើន​លើសលប់​ជាម​នុស្ស​ស្លូតត្រង់ ឬ​ជា​សិស្សសាលា​ក្មេង ដែល​ត្រូវបាន​បាត់បង់​ជីវិត​អត់​អំពើ​។ ការបាញ់រះ​នៅ​សាលារៀន​នៅ​រដ្ឋ Florida កាលពី​សប្ដាហ៍​មុន គឺជា​ហេតុការណ៍​លើកដំបូង​នៅ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨ នេះ ប៉ុន្តែ​ហេតុការណ៍​លើក​ទី​ពីរ លើក​ទី​បី លើក​ទី​បួន នឹង​កើត​ឡើងជា​បន្ត​ជា​បន្ទាប់​មិន​ខាន​។​

​ក្រោយ​ហេតុការណ៍​នេះ សិស្សសាលា​នៅ​ទូទាំង​អាមេរិក​បានរៀបចំ​ផែនការ​ជួបជុំគ្នា​ដើម្បី​ទាមទារ​ឲ្យ​មានការ​កែប្រែ​ច្បាប់គ្រប់គ្រងអាវុធ​នៅ​អាមេរិក និង​លើកកម្ពស់​សុវត្ថិភាព​នៅ​តាម​សាលារៀន​។ ការទាមទារ​របស់​សិ​ស្សវ័យ​ក្មេង​នៅ​អាមេរិក ប្រៀបដូចជា​សាំង​ចាក់​ភ្លើង​ដែល​ឆេះ​ងំ​ជុំវិញ​ការជជែក​ដេញដោល​ស្ដីពី​ការគ្រប់គ្រង​អាវុធ​រវាង​ក្រុមគាំទ្រ និង​ក្រុមប្រឆាំង​ការ​រឹតបន្តឹង​កម្មសិទ្ធិ​កាំភ្លើង​។ បញ្ហា​នេះ​ត្រូវបាន​ជជែក​ច្រើន​ឆ្នាំ​មកហើយ តែ​គ្មាន​ចេញ​លទ្ធផល​អ្វី​សោះ​។ 

​សុវត្ថិភាព និង​សិទ្ធិ​គ្រប់គ្រង​អាវុធ​

​នៅ​អាមេរិក ប្រជាជនមាន​សិទ្ធិ​ស្របច្បាប់​ដើម្បី​កាន់កាប់​អាវុធ​។ សិទ្ធិ​មូលដ្ឋាន​ក្នុងការ​កាន់កាប់​អាវុធ ត្រូវ​បានចែង​ក្នុង​វិសោធនកម្ម​លើក​ទី​ពីរ​នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក​។ ច្បាប់​គ្រប់គ្រង​កាំភ្លើង​ឆ្នាំ​១៩៦៨ ចែងថា ប្រជាជន​អាមេរិក​មាន​អាយុ​យ៉ាងតិចណាស់​១៨​ឆ្នាំ អាច​ទិញ​កាំភ្លើងខ្លី និង​កាំភ្លើង​វែង​។ ចំណែក​កាំភ្លើង​ដទៃទៀត​រាប់ទាំង​កាំភ្លើង​ដៃ ត្រូវ​លក់​ឲ្យ​អតិថិជន​មាន​អាយុ​ចាប់ពី​២១​ឆ្នាំ​ឡើងទៅ​។​

​ជនល្មើស​រត់គេចខ្លួន បុគ្គល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សង្គម និង​អ្នកជំងឺ​ផ្នែក​ប្រព័ន្ធ​ប្រសាទ គ្មាន​សិទ្ធិ ទិញ​កាំភ្លើង​ឡើយ​។ លើសពីនេះ បុគ្គល​មាន​ប្រវត្តិ​ជាប់ពន្ធនាគារ​លើសពី​មួយ​ឆ្នាំ ឬ​បុគ្គល​ជាប់ទោស​មជ្ឈិម​ក៏ត្រូវ​ហាមឃាត់​ទិញ​អាវុធ​ដែរ​។ ប៉ុន្តែ លក្ខខណ្ឌ​ហាមប្រាម ឬ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កាំភ្លើង អាច​ខុសគ្នា​ទៅតាម​រដ្ឋ​នីមួយៗ តែ​មិនអាច​ទាប​ជាង​ការកំណត់​របស់​រដ្ឋាភិបាល​សហព័ន្ធ​បានឡើយ​។ ចន្លោះប្រហោង​ក្នុងការ​គ្រប់គ្រង ធ្វើ​ឲ្យ​អាវុធ​ធ្លាក់​ចូលក្នុង​ដៃ​របស់​បុគ្គល​ដែល​គ្មាន​សិទ្ធិ​កាន់កាប់​។​

​សុវត្ថិភាព គឺជា​គោលការណ៍​សំខាន់​ក្នុងការ​គ្រប់គ្រង​អាវុធ​។ ក្រុម​អ្នកគាំទ្រ​កម្មសិទ្ធិ​កាំភ្លើង​អះអាងថា ការកាន់កាប់​កាំភ្លើង​ជួយ​ពង្រឹង​សុវត្ថិភាព​របស់​ម្ចាស់​កម្មសិទ្ធិ​ពី​ការយាយី​ទាំងឡាយ ហើយ​ការ​រឹតត្បិត​សិទ្ធិ​នេះ នឹងធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​សុវត្ថិភាព​។ យ៉ាងណាមិញ ក្រុមប្រឆាំង​បានទាមទារ​ឲ្យ​មាន​រឹតបន្តឹង​ការគ្រប់គ្រង​កាំភ្លើង និង​បាន​និយាយ​ផ្ទុយ​វិញ​ថា សុវត្ថិភាព​ប្រជាជន​បាន​ធ្លាក់ចុះ ដោយសារ​ការប្រើប្រាស់​កាំ​ភ្លើង​យ៉ាង​សេរី​ខ្លាំងពេក​។  

​ហេតុអ្វី​ការកែទម្រង់​ច្បាប់គ្រប់គ្រងអាវុធ​មិន​ទៅមុខ​?

​ឲ្យ​តែមាន​ការបាញ់ប្រហារ​ម្ដងៗ ការទាមទារ​ឲ្យ​រឹតបន្តឹង​ការគ្រប់គ្រង​កាំភ្លើង​ក៏​ពុះកញ្ជ្រោល តែ​ក៏​សាបរលាប​ជា​បន្តបន្ទាប់​។ ប្រជាជន​អាមេរិក​បាន​ទម្លាក់កំហុស​លើ​អ្នកនយោបាយ​អាមេរិក ជាពិសេស​សមាជិកសភា និង​ចោទថា ពួកគេ​ស្ថិតក្រោម​អំណាច​ទឹកប្រាក់​របស់​សមាគម​កាំភ្លើង​វែង​ជាតិ (NRA) ដែលជា​សមាគម​ប្រមូលផ្ដុំ​ដោយ​ក្រុមហ៊ុន​ផលិត​កាំភ្លើង និង​ក្រុម​អ្នកគាំទ្រ​សិទ្ធិ​កាន់កាប់​កាំភ្លើង​។ និយាយ​ឲ្យ​ស្រួល​យល់ NRA ជំទាស់​ការ​រឹតបន្តឹង​ការគ្រប់គ្រង​កាំភ្លើង ព្រោះ​វា​ធ្វើ​ឲ្យ​កាំភ្លើង​លក់​មិនសូវ​ដាច់ ហើយ​ចំណេញ​មិន​ច្រើន​។​

​តាមពិតទៅ NRA អាច​បញ្ចុះបញ្ចូល (Lobby) ឬ​បញ្ជ្រាប​ឥទ្ធិពល​លើ​ក្រុមតំណាងរាស្ត្រ​អាមេរិក​បាន​ស្រួល តាមរយៈ​ការផ្ដល់​លុយ​ទៅក្នុង​មូលនិធិ​របស់​អ្នកនយោបាយ​ទាំងនោះ​ដើម្បី​ធ្វើ​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​។ ជា​ថ្នូរ​មកវិញ ចង់​មិន​ចង់ តំណាងរាស្ត្រ​អាមេរិក​ទាំងនោះ​ត្រូវ​តបស្នង​វិញ​ដូចជា​បង្កើត​ច្បាប់​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ម្ចាស់​ឧបត្ថម្ភ ឬក៏​ជំទាស់​ការកែប្រែ​ច្បាប់​ដែល​ប៉ះពាល់​ប្រយោជន៍​របស់​ពួកគេ​ជាដើម​។​

​បើតាម​សារព័ត៌មាន BBC កាលពី​ក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត NRA បានផ្ដល់​លុយ​ចំនួន​១១,៤​លាន​ដុល្លារ​ទៅ​ឲ្យ​យុទ្ធនាការ​របស់លោក ត្រាំ ។ កន្លងមក មានមតិ​ខ្លះ​លើកឡើងថា ក្រុម​អ្នក​បញ្ចុះបញ្ចូល​ទាំង​អស់ហើយ គឺជា​អ្នកគ្រប់គ្រង​អាមេរិក​ពិតប្រាកដ មិនមែន​អ្នកនយោបាយ​ឃើញ​តាម​ទូរទស្សន៍​នោះទេ​។ ច្បាស់​ណាស់​ថា ក្រុម​អ្នកជំនួញ​ទាំងនេះ ប្រាកដជា​មិន​ចង់​បាត់បង់​ផលប្រយោជន៍​ខ្លួន​ឡើយ ទោះជា​ឈាម​ជនរងគ្រោះ​ដោយសារ​កាំភ្លើង​បន្ត​ហូរ​ក៏ដោយ​។

​ដល់ពេល​គិតគូរ​ពី​ការ​រឹតបន្តឹង​ច្បាប់​គ្រប់គ្រង​កាំភ្លើង​?

​ការបាញ់រះ​ក្នុង​វិទ្យាល័យ​នៅ​រដ្ឋ Florida គឺជា​ហេតុការណ៍​ធ្ងន់ធ្ងរ​បំផុត​តាំងពី​ឆ្នាំ​២០០៧ មក​។ សិស្សសាលា​វ័យក្មេង​ដែលមាន​វាសនា​គេច​ផុតពី​ការបាញ់​នេះ បានទាមទារ​ឲ្យ​រដ្ឋអំណាច​រឹតបន្តឹង​ការគ្រប់គ្រង​អាវុធ​។ ក្នុងការ​ជួបជុំ​នៅឯ Fort Lauderdale នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ សិស្សសាលា និង​ឪពុកម្ដាយ​របស់​ពួកគេ ក៏ដូចជា​អ្នកនយោបាយ​មួយចំនួនទៀត បាន​រិះគន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​សមាជិកសភា ដែល​ទទួល​លុយ​ពី NRA ។​

​ជាការ​ពិត ការគ្រប់គ្រង​កាំភ្លើង​នេះ គឺជា​បញ្ហាសំខាន់ ដែល​ត្រូវ​គិតគូរ ទោះជា​រក​ច្រកចេញ​មិនទាន់រួច​ក្ដី​។ ម្ខាង​បណ្ដា​លពី​ការបញ្ចុះ​បញ្ចូល​របស់ NRA ឯ​ម្ខាង​ទៀត គឺ​ការខ្វែងគំនិត​រវាង​អ្នកនយោបាយ​អាមេរិក​តែម្ដង​។ បក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​លោក ត្រាំ ថា មិនបាន​ដោះស្រាយ​បញ្ហា​ឲ្យ​ទាន់ពេល តែ​លោក ត្រាំ ឆ្លើយ​វិញ បក្ស​ប្រជាធិបតេយ្យ​គួរ​ជជែក​រឿងនេះ​តាំងពី​ខ្លួន​នៅ​គ្រប់គ្រង​សភា​ទាំងពីរ​អំឡុង​អាណត្តិ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា មកម្ល៉េះ​៕


Tag:
 អាមេរិក​
  កាំភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com