កម្មសិទ្ធិបញ្ញា (IP) ជាពិសេសចុះបញ្ជីម៉ាកពាណិជ្ជកម្ម ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការពង្រឹង និងពង្រីកអាជីវកម្ម។ ពាណិជ្ជករសិង្ហបុរី លោក Adrin Loi ប្រធានប្រតិបត្តិក្រុមហ៊ុន Ya Kun International បានចែករំលែកយុទ្ធសាស្ត្រជោគជ័យរបស់ខ្លួនក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ នៅសិង្ហបុរី និងនៅអាស៊ីទាំងមូល។
លោក Adrin ជាកូនប្រុសពៅក្នុងចំណោមកូនប្រុសស្រី៨នាក់របស់លោក Loi Ah Koon ដែលបានធ្វើអន្តោប្រវេសន៍ពីកោះហៃណាន ប្រទេសចិន ទៅកាន់សិង្ហបុរី នាឆ្នាំ១៩២៦ ក្នុងវ័យ១៥ឆ្នាំ។ ក្រោយបម្រើការនៅតៀមកាហ្វេ លោក Ah Koon បានបើកដំណើរការអាជីវកម្មខ្លួនឯង រហូតដល់បានចុះបញ្ជីផ្លូវការក្រោមឈ្មោះ Ya Kun Coffeestall នៅឆ្នាំ១៩៤៤ ហើយត្រូវបានប្តូរឈ្មោះទៅជា «Ya Kun Kaya Toast» នៅឆ្នាំ១៩៩៨ ។
ដោយសារភាពល្បីល្បាញរបស់ភោជនីយដ្ឋាន លោក Adrin បានពង្រីកអាជីវកម្មជាលក្ខណៈគ្រួសារ ហើយចាប់ផ្តើមលក់សិទ្ធិអាជីវកម្មបន្ត (Franchise) និងពង្រីកសាខានៅក្នុងប្រទេសសិង្ហបុរី។ នៅឆ្នាំ២០០១ Ya Kun ក្លាយជាសាជីវកម្មធំមួយ ហើយផ្តើមពង្រីកខ្លួននៅបរទេស ពោលគឺចេញដំណើរពីឥណ្ឌូណេស៊ី នៅឆ្នាំ២០០២ ។
បើតាមលោក Adrin បច្ចុប្បន្ន Ya Kun មាន៦៥ទីតាំងនៅទូទាំងសឹង្ហបុរី និង៥៥ទីតាំងទៀតនៅក្រៅប្រទេស រួមមានឥណ្ឌូណេស៊ី ចិន មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន តៃវ៉ាន់ ហុងកុង ម៉ាកាវ រួមទាំងកម្ពុជា ផងដែរ។ «អាជីវកម្មរឹងមាំយើងមិនខ្លាចការប្រកួតប្រជែងឡើយ»។ នេះជាការអះអាងរបស់លោក Adrin។
Ya Kun បានឆ្លើយតបគ្រប់លក្ខខណ្ឌទៅគោលការណ៍កម្មសិទ្ធិបញ្ញា។ «ម៉ាក និងគំនូរពាណិជ្ជកម្មរបស់យើងត្រូវបានការពារតាមផ្លូវច្បាប់ ពីព្រោះវាមានតម្លៃខ្លាំងណាស់ ក្នុងការប្រើប្រាស់ Ya Kun Brand ផ្តាច់មុខ រួមទាំងការលក់អាជីវកម្មបន្តទៅឲ្យអ្នកដទៃ»។
ទោះបីជាយ៉ាងណាក៏ដោយ អាជីវកម្មដែលត្រាប់តាម «Ya Kun Kaya Toast» មិនងាយបានទទួលជោគជ័យឡើយ។ លោកបានគូសបញ្ជាក់ថា៖ «ពិតណាស់ អ្នកដែលត្រាប់តាមយើងនៅលើទីផ្សារ អាចធ្វើឲ្យអតិថិជនច្រឡំ និងនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់យើង ប៉ុន្តែជាទូទៅ ពួកគេរលំទៅដោយខ្លួនឯង នៅមុនយើងសុំឲ្យមានចំណាត់ការតាមផ្លូវច្បាប់»៕