ជាតិ
កូនស្រីច្បងលោក កឹម សុខា បានបណ្ណសរសើរខាងប្រជាធិបតេយ្យ ពីតំណាងរាស្ត្រអាមេរិក កញ្ញា កឹម មនោវិទ្យា ឡើងទទួលបណ្ណសរសើរខាងប្រជាធិបតេយ្យ ពីតំណាងរាស្ត្រអាមេរិក ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅទីក្រុងឡងបិចនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២0១៨
× កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា និងជាអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ទទួលបានបណ្ណសរសេរស្តីពីការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពីតំណាងរាស្ត្រពីររូបនៃសហរដ្ឋអាមេរិក គឺលោក Ed Royce និង Alan Lowenthal។ ការផ្តល់បណ្ណសរសើរនេះ ធ្វើឡើងក្នុងឱកាសដែលកញ្ញា កឹម មនោវិទ្យា ជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ក្នុងទីក្រុងឡងបិចនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២0១៨។
លោក Ed Royce បានសរសេរក្នុងបណ្ណសរសើរថា៖«វា ជាកិត្តិយសរបស់អ្នក ដែលបានប្តេជ្ញាចិត្ត ក្នុងការគាំទ្រគោលការណ៍ប្រជាធិបតេយ្យ។ សូមអរគុណចំពោះការប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួនរបស់អ្នក។ ឯលោក Alan Lowenthal បានសរសេរថា៖«ភាពជាអ្នកដឹកនាំរបស់អ្នកក្នុងការលើកកម្ពស់សិទិ្ធមនុស្សនិងប្រជាធិបតេយ្យ គួរតែទទួលបានការកោតសរសើរ»។
កញ្ញា កឹម មនោវិទ្យា ត្រូវបានគេសង្កេតឃើញថា ជាតួអង្គលេចធ្លោមួយរូប និងមានសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីជួយឪពុករបស់នាង ឲ្យបានរួចផុតពីពន្ធនាគារ។ កាលពីប៉ុន្មានខែមុន កញ្ញា កឹម មនោវិទ្យា បានពឹងពាក់មេធាវីអន្តរជាតិមួយក្រុម ឲ្យយកករណីឃុំខ្លួនលោក កឹម សុខា ទៅប្តឹងនៅក្រុមការងារទទួលបន្ទុកផ្នែកការឃុំខ្លួនដោយបំពាន (The Working Group on Arbitrary Detention) ដែលជាអង្គភាពមួយរបស់អង្គការសហប្រជាជាតិ ដើម្បីឲ្យជួយរកយុត្តិធម៌។
កន្លងទៅ កញ្ញា កឹម មនោវិទ្យា ក៏អំពាវនាវឲ្យអង្គការសហប្រជាតិ ព្យួរអាសនៈរបស់ប្រទេសកម្ពុជា ផងដែរ។
បច្ចុប្បន្ននេះ កញ្ញា កឹម មនោវិទ្យា នៅតែបន្តធ្វើដំណើរទៅតាមបណ្តាប្រទេសនានា ដើម្បីជំរុញឲ្យដាក់សម្ពាធបន្ថែមមកលើរដ្ឋាភិបាលកម្ពុជា។ មិនមែនមានតែកញ្ញា កឹម មនោវិទ្យានោះទេ ថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្សសង្គ្រោះជាតិ ក៏ពុះពារខ្លាំងណាស់ដែរ ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពឡើងវិញ។
ដោយយល់ថា ដើម្បីឲ្យការទាមទារនេះទទួលបានជោគជ័យ លោក សម រង្ស៊ី រួមទាំងអតីតថ្នាក់ដឹកនាំមួយចំនួននៃគណបក្សសង្គ្រោះជាតិ ក៏បង្កើតចលនាសង្គ្រោះជាតិឡើង។ ប៉ុន្តែពួកគេ អាចធ្វើសកម្មភាពតែនៅក្រៅប្រទេប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ចាត់ទុកចលនាសង្គ្រោះជាតិ ថាជាក្រុមឧទ្ទាម។ ថ្មីៗនះ ក្រសួងមហាផ្ទៃ បានដាក់បណ្តឹងទៅកាន់តុលាការ ដើម្បីប្តឹងថ្នាក់ដឹកនាំនិងសមាជិកនៃចលនានេះ។
នៅក្នុងប្រទេសកម្ពុជា សកម្មភាពរបស់ក្រុមអ្នកប្រឆាំង បានបាត់ទាំងស្រុង ចាប់តាំងគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២0១៧៕
© រក្សាសិទ្ធិដោយ thmeythmey.com