អន្តរជាតិ
មហាសេដ្ឋី Bill Gates ៖ អ្នកមាន​ដូច​ខ្ញុំ​គួរ​បង់ពន្ធ​ឲ្យ​បាន​ច្រើន ព្រោះ​រកស៊ី​ចំណេញ​ណាស់​
20, Feb 2018 , 3:01 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​មហាសេដ្ឋី​លំដាប់​ទី​ពីរ​របស់​ពិភពលោក ប៊ី​ល ហ្គេ​ត (Bill Gates) បាន​រិះគន់​វិធានការ​កាត់បន្ថយ​ពន្ធ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ការកាត់បន្ថយ​ពន្ធ​នេះ បានផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អ្នកមាន ព្រោះ​មិនចាំបាច់​បង់ពន្ធ​ច្រើន​ដូច​មុន តែ​ក្លាយជា​បន្ទុក​សម្រាប់​វណ្ណៈ​កណ្ដាល​ដែល​ត្រូវ​បង់ពន្ធ​ច្រើន​។ ប៉ុន្តែ​សម្រាប់​លោក ប៊ី​ល ហ្គេ​ត មហាសេដ្ឋី​មាន​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​គួរតែ​បង់ពន្ធ​ឲ្យ​បាន​ច្រើន​វិញ​។​



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CNN នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ សហ​ស្ថាបនិក​ក្រុម​បច្ចេកវិទ្យា Microsoft ប៊ី​ល ហ្គេ​ត និយាយថា លោក​គួរ​បង់ពន្ធ​ឲ្យ​បាន​ច្រើន ហើយ​កំពូល​មហាសេដ្ឋី​ផ្សេងទៀត ក៏​គួរ​បង់ពន្ធ​ឲ្យ​ច្រើន​ដូចគ្នា​ដែរ​។ លោក ហ្គេ​ត ដែលមាន​ទ្រព្យសម្បត្តិ​៩២​ពាន់​លាន​ដុល្លារ បាន​បង់ពន្ធ​ច្រើនជាង​ដប់​ពាន់​លាន​ដុល្លារ​មកហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ គឺ​ច្រើនជាង​មហាសេដ្ឋី​ផ្សេងទៀត ប៉ុន្តែ​រដ្ឋាភិបាល​គួរ​តម្រូវ​ឲ្យ​ក្រុម​ហា​សេដ្ឋី​បង់ពន្ធ​ខ្ពស់​។​

​លោក ហ្គេ​ត ដែលមាន​លុយ​ច្រើន​លំដាប់​ទី​ពីរ​បន្ទាប់ពី​ម្ចាស់ Amazon លោក Jeff Bezos បាន​រិះគន់​ចំៗ​ការកែប្រែ​ពន្ធ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ក្រុម​សាធារណរដ្ឋ​អះអាងថា ការកាត់បន្ថយ​ពន្ធ​នេះ ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​វណ្ណៈ​កណ្ដាល​។ យ៉ាងណាមិញ មហាសេដ្ឋី​រូបនេះ​និយាយថា ច្បាប់​ថ្មី​នេះ​មិនមាន​ភាពជឿនលឿន​ឡើយ តែ​ជា​ច្បាប់​ដែល​ដើរ​ថយក្រោយ​ទៅវិញ​។

«​មនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ហូរហៀរ​មាន​និន្នាការ​ទទួលបាន​ប្រយោជន៍​ច្រើនជាង​អ្នកធ្វើការ ឬ​អ្នកក្រីក្រ​។ ដូច្នេះ​វា​ផ្ទុយ​ពី​ចរន្ត​ទូទៅ​ដែល​យើង​ចង់ឃើញ គឺ​សំណាញ់​សុវត្ថិភាព​កាន់តែ​រឹងមាំ ហើយ​អ្នកមានៗ​បង់ពន្ធ​កាន់តែ​ខ្ពស់​។​» នេះ​ជា​បញ្ជាក់​របស់​មហាសេដ្ឋី​អាមេរិក​រូបនេះ​។ ពោល គឺ​ច្បាប់​ថ្មី​របស់​រដ្ឋបាល​លោក ត្រាំ នឹង​កាត់បន្ថយ​ទំហំ​ទឹកប្រាក់​បង់ពន្ធ​របស់​អ្នកមាន ដែល​រកស៊ី​ចំណេញ​ប្រាក់​ក្រាស់ក្រែល​ច្រើន​ពី​សេដ្ឋកិច្ច​។​

​ជុំវិញ​ការកើនឡើង​វិសមភាព​នៅ​អាមេរិក​វិញ​នោះ មហាសេដ្ឋី​ដែល​បរិច្ចាគ​ប្រាក់​រាប់រយ​លាន​ដុល្លារ​ទៅ​ឲ្យ​មូលនិធិ​សុខាភិបាល បានស្នើ​ឲ្យ​មេដឹកនាំ​គិតពី​បញ្ហា​នេះ​ឡើងវិញ​។ លោក ប៊ី​ល ហ្គេ​ត បញ្ជាក់ថា ការណ៍​ដែលមាន​ប្រជាជន​៦​ភាគ​រស់នៅក្នុង​លក្ខខណ្ឌ​មិន​សមប្រកប​នោះ គឺ​ពិតជា​រឿង​ខកចិត្ត​ខ្លាំងណាស់ ហើយ​រដ្ឋាភិបាល​ចាំបាច់​គិតគូរ​ពី​រឿងនេះ​។ លោក​ក៏​លើក​ជា​សំណួរ​ថា ហេតុអ្វី​យើង​មិន​ធ្វើ​ការងារ​ឲ្យ​ល្អ​សម្រាប់​ពួកគេ​?

​តាមពិតទៅ ក្រុម​មហាសេដ្ឋី​ប្រាក់​លាន​ប្រមាណ​៤០០​នាក់ ធ្លាប់​ជំទាស់​គំនិត​កាត់បន្ថយ​ពន្ធ​របស់​ក្រុម​សាធារណរដ្ឋ ព្រមទាំង​សរសេរ​លិខិតស្នើ​កុំ​ឲ្យ​មានការ​បន្ថយពន្ធ​ទៅទៀត​។ មហាសេដ្ឋី​ដូចជា លោក George Soros, លោក Ben Cohen, លោក Jerry Greenfield និង​លោក Steven Rockefeller ជាដើម បាន​អំពាវនាវ​ឲ្យ​មានការ​ប្រឆាំង​ផែនការ​របស់​អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ ព្រោះ​វា​បង្កើន​វិសមភាព​សង្គម​កាន់តែខ្លាំង​៕


Tag:
 អាមេរិក​
  ពន្ធ​
  Bill Gates
© រក្សាសិទ្ធិដោយ thmeythmey.com