ជាតិ
លោក សូរ ប្លាតុង ប្តេជ្ញារៀបសណ្តាប់ធ្នាប់ក្រុងសៀមរាបឲ្យសក្តិសមទៅនឹងការសរសើរ
× សៀមរាប៖ រដ្ឋបាលក្រុងសៀមរាប បាននិងកំពុងមមាញឹកចំពោះការរៀបចំសណ្តាប់ធ្នាប់ ពិសេសនៅតាមតំបន់ប្រជុំជនសំខាន់ៗ រួមមាន ផ្សារចាស់ ផាប់ស្ទ្រីត និងផ្សារលើធំថ្មីជាដើម។ អភិបាលក្រុងសៀមរាបបានបង្ហាញជំហរមិនរាថយ ចំពោះវិធានការរៀបចំសណ្តាប់ធ្នាប់ក្រុង ដោយអះអាងថា នឹងបន្តធ្វើការងារនេះ និងមិនលើកលែងសម្រាប់អ្នកបំពានដោយយកចំណីផ្លូវសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បាននិងកំពុងបញ្ចេញស្នាដៃរៀបចំសណ្តាប់ធ្នាប់ក្រុងសៀមរាប បន្ទាប់ពីក្រុងនេះ បានជាប់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០១៨-២០២០ កាលពីចុងខែមករា និងត្រៀមទទួលជ័យលាភីរំដួល៣ទងនាពេលខាងមុខ។ ផាប់ស្ទ្រីត ដែលជាគោលដៅគំរូ ដែលក្រុងសៀមរាប បានចុះរៀបចំសណ្តាប់ធ្នាប់ចាប់ពីចុងឆ្នាំ២០១៧មក និងទទួលបានការសរសើរពីពលរដ្ឋ និងទេសចរ ថាមានរបៀបរៀបរយជាងមុន គឺតាមផ្លូវសំខាន់ៗមានភាពទូលាយ មានចន្លោះសម្រាប់ភ្ញៀវដើរ ដោយគ្មានទៀតទេ វត្តមានរ៉ឺម៉កកង់បីចតពាសវាលពាសកាល។
ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានពេលចុះអនុវត្តបន្តការរៀបចំសណ្តាប់ធ្នាប់ក្រុងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ លោក សូរ ប្លាតុង ថ្លែងថា គោលដៅបន្តបន្ទាប់សម្រាប់រៀបចំក្រុង រួមមានផ្លូវ ៦០ម៉ែត្រ ផ្លូវតាមបណ្តោយដងស្ទឹងសៀមរាប ចាប់ពីស្ពាននាគដល់ផ្លូវក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៦អា ទៅតាមកាន់ប្រាសាទអង្គរ ដូចជាផ្លូវកូម៉ៃ ហ្គាលដឺហ្គោល ស៊ីវុត្ថា។ល។
បែបមិនលើកលែងទៀតឡើយ សម្រាប់ជនណាដែលបន្តរំលោភ និងប្រើប្រាស់ផ្លូវសាធារណជាប្រយោជន៍ផ្ទាល់ខ្លួន។ លោក សូរ ប្លាតុង អះអាងថា ក្រោយចុះរៀបចំរួច អាជ្ញាធរមានដាក់ក្រុមការងារដើម្បីចល័ត និងឃ្លាំមើលជាប្រចាំ មិនឲ្យពលរដ្ឋរំលោភផ្លូវសាធារណ ដែលបង្កឲ្យបាត់បង់សោភ័ណភាពក្រុងទៀតឡើយ។ លោកបន្ថែមថា ក្រុមការងារទាំងអស់មិនរាថយ និងមានកម្មវិធីច្បាស់លាស់ ក្នុងការតាមដានលើការងារទាំងនេះ សំដៅរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាន ដើម្បីឲ្យក្រុងសៀមរាប ស័ក្តសមជាទីក្រុងទេសចរណ៍ស្អាតសម្រាប់ទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទី។
ទាក់ទងនឹងការងារនេះដែរ លោក សូរ ប្លាតុង ថ្លែងថា នឹងធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលសំរាម ដើម្បីពន្លឿនសេវារបស់ខ្លួន។
យ៉ាងណា គេនៅមិនទាន់ដឹងថា តើអាជ្ញាធរអាចនឹងរៀបចំបានកម្រិតណា ឬនៅពេលណានោះឡើយ។ ប៉ុន្តែដើម្បីធ្វើទៅបាន លោកអភិបាលក្រុង ស្នើឲ្យពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធចូលរួម ដើម្បីបរិស្ថានក្រុង ដើម្បីកិត្តិយលខ្លួនឯង និងសង្គមជាតិ៕
Tag:
សូរ ប្លាតុង
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com