អន្តរជាតិ
មេដឹកនាំនេប៉ាល់ថ្មីសន្យាពង្រឹងទំនាក់ទំនងជាមួយចិនដើម្បី បន្ថយការពឹងផ្អែកលើឥណ្ឌា នាយរដ្ឋមន្ត្រីថ្មីរបស់នេប៉ាល់ KP Sharma Oli
× ក្រោយស្បថចូលកាន់តំណែងភ្លាម នាយករដ្ឋមន្ត្រីនេប៉ាល់ដែលជាអ្នកនយោបាយបក្សកុម្មុយនីស្ត បានប្រកាសដោយចំហថា លោកនឹងចាប់ផ្តើមគម្រោងសាងសង់វារីអគ្គីសនីរបស់ចិនឡើងវិញ។ ក្រៅពីនេះ លោកក៏សន្យាផ្សាភ្ជាប់ទំនាក់ទំនងជាមួយចិនដើម្បីជំរុញពាណិជ្ជកម្មតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយការពឹងផ្អែកលើមហាយក្សឥណ្ឌាដូចមុនផង។
ដោយមានទំនោរទៅរកចិនស្រាប់ នាយករដ្ឋមន្ត្រីនេប៉ាល់មកពីបក្សកុម្មុយនីស្តរួបរួមម៉ាក-លេនីន (Unified Maxis-Leninist) លោក Khadga Prasad Sharma Oli បានបញ្ជាក់ថា រដ្ឋាភិបាលលោកនឹងអនុញ្ញាតឲ្យមានការចាប់ផ្តើមគម្រោង Budhi Gandaki ដែលមានទំហំ ២,៥ ពាន់លានដុល្លារដើម្បីសាងសង់វារីអគ្គីសនីឡើងវិញនៅពេលខាងមុខ។
យោងតាមសារព័ត៌មាន South China Morning Post នាយករដ្ឋមន្ត្រីដែលទើបស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះបាននិយាយដូច្នេះ៖ «បុរេវិនិច្ឆ័យនយោបាយ និងសម្ពាធពីក្រុមហ៊ុនមួយចំនួនជាហេតុផលដែលជំរុញឲ្យមានការផ្អាកគម្រោងសាងសង់នេះ។ ប៉ុន្តែសម្រាប់យើង វារីអគ្គីសនីជាអ្វីដែលយើងយកចិត្តទុកដាក់។ យើងនឹងអនុវត្តគម្រោងនេះឡើយវិញ»។
លោកបានបន្ថែមទៀតថា រដ្ឋាភិបាលនេប៉ាល់ក៏នឹងជំរុញការផ្សាភ្ជាប់ និងទំនាក់ទំនងពាណិជ្ជកម្មបន្ថែមជាមួយចិនដោយការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផង។ តាមពិតទៅគម្រោងសាងសង់វារីអគ្គីសនីរបស់ចិនខាងលើត្រូវបង្កើតឡើងដោយរដ្ឋាភិបាលដែលដឹកនាំដោយបក្សកុម្មុយនីស្ត(កណ្តាលនិយមលទ្ធិម៉ៅ) កាលពីខែមិថុនាឆ្នាំមុន ដោយនេប៉ាល់ជាសមាជិកគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយវិថីមួយ។
ប៉ុន្តែក្រោយមក គម្រោងនេះត្រូវបានព្យួរដោយរដ្ឋាភិបាលថ្មីដឹកនាំដោយបក្សសមាជប្រជាជាតិនេប៉ាល់ (Nepali Congress) ដែលដែលមានសមាចិត្តចំពោះឥណ្ឌា។ គេវាយតម្លៃថា កាលនោះនេប៉ាល់រងសម្ពាធពីឥណ្ឌាព្រោះមហាយក្សមួយនេះបារម្ភពីការកើនឡើងឥទ្ធិពលរបស់មហាយក្សចិននៅក្បែរព្រំដែនខ្លួនដែរ។
ដោយឡែក លោកនាយករដ្ឋមន្ត្រីថ្មី Sharma Oli ក៏សន្យាត្រួតពិនិត្យ និងកំណត់ទំនាក់ទំនងឡើងវិញជាមួយឥណ្ឌាដែរ ដោយធ្វើយ៉ាងណាធានាកាត់បន្ថយការផ្តេកផ្តួលលើមហាយក្សអាស៊ីខាងត្បូងនេះ។ ក្នុងនោះមានការត្រួតពិនិត្យឡើងវិញការអនុវត្តក្នុងកិច្ចសហប្រតិបត្តិការយោធាយូរអង្វែងដែលទាហាននេប៉ាល់ត្រូវបម្រើការងារក្នុងចំណោមកងទ័ពឥណ្ឌានោះ។ ទោះជាយ៉ាងណាក្តី មេដឹកនាំនេប៉ាល់រូបនេះយល់ថា ទំនាក់ទំនងទ្វេភាគីរវាងនេប៉ាល់ និងឥណ្ឌានៅតែរឹងមាំ។
«យើងតែងតែមានទំនាក់ទំនងល្អបំផុតមួយជាមួយឥណ្ឌា។ វាមានធាតុផ្សំខ្លះក្នុងរដ្ឋាភិបាលឥណ្ឌាដែលតែងតែធ្វើឲ្យមានការយល់ច្រឡំពីគ្នា។ប៉ុន្តែមេដឹកនាំឥណ្ឌាបានធានាចំពោះមុខយើងថា វានឹងមិនមានការលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងនេប៉ាល់នៅពេលអនាគតឡើយ ហើយយើងនឹងគោរពអធិបតេយ្យគ្នាទៅវិញទៅមកដែរ»។ នេះជាការកត់សម្គាល់របស់លោក Sharma Oli។
. ទំនាក់ទំនងរវាងលោក Oli និងឥណ្ឌាមិនសូវល្អ
តាមពិតទៅ ទំនាក់ទំនងរវាងលោក Sharma Oli និងមហាយក្សឥណ្ឌាជាមិត្តជិតខាងមិនដែលល្អឡើយ។ លោក Sharma Oli ធ្លាប់ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនេប៉ាល់ម្តងពីឆ្នាំ ២០១៥ ដល់ ២០១៦ ហើយកាលនោះហើយជម្លោះរវាងរដ្ឋាភិបាលលោក និងរដ្ឋាភិបាលឥណ្ឌាកើតឡើង។ ដើមចមនៃបញ្ហាគឺ ការប្រកាសដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញថ្មី ដោយឥណ្ឌាចោទប្រកាន់ថា រដ្ឋធម្មនុញ្ញនេះរើសអើង ប្រជាជននេប៉ាល់ដែលមានដើមកំណើតឥណ្ឌា។
ឆ្លើយតបនឹងការអនុវត្តរដ្ឋធម្មនុញ្ញនេះ ឥណ្ឌាបានដាក់ហ៊ុមព័ទ្ធសេដ្ឋកិច្ចនេប៉ាល់តែម្តង ប៉ុន្តែវិធានការនេះប្រៀបដូចជារុញទូកបណ្តោយទឹក។ ប្រមុខរដ្ឋាភិបាលនេប៉ាល់លោក Sharma Oli បានងាកទៅរកជំនួយពីចិន ហើយកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនត្រូវបានភាគីចុះរួមគ្នាផងកាលនោះ។ មិនត្រឹមតែងាកទៅរកចិនទេ លោក Sharma Oli បានសម្រេចលុបចោលទស្សនកិច្ចប្រធានាធិបតីទៅកាន់ប្រទេសឥណ្ឌាថែមទៀតផង។
ក្នុងការឃោសនាបោះឆ្នោតកន្លងមក លោក Sharma Oli ក៏អាចរកសំឡេងគាំទ្របានច្រើនដោយប្រើប្រាស់ការឃោសនាប្រឆាំងឥណ្ឌាដែរ។ អ្នកនយោបាយកុម្មុយនីស្តរូបនេះលើកយកបញ្ហាហ៊ុមព័ទ្ធសេដ្ឋកិច្ចដែលឥណ្ឌាដាក់ចេញប្រឆាំងនេប៉ាល់ និងបញ្ហាដទៃទៀតដើម្បីទាញយកប្រជាប្រិយភាពរហូតឈ្នះបានអាសនៈ១២១ ក្នុងចំណោមអាសនៈសរុប ២៧៥ក្នុងសភានោះ។
សម្រាប់លោក Sharman Oli ការងាកទៅពង្រឹងទំនាក់ទំនងជាមួយចិនជារឿងយុទ្ធសាស្ត្រការទូត ដោយទាញយកប្រយោជន៍ផង និងធ្វើយ៉ាងណាឲ្យនេប៉ាល់មានទឹកមាត់ប្រៃក្នុងការដោះស្រាយបញ្ហាប្រឈមជាមួយឥណ្ឌាផង។ នេះក៏ដោយសារ ឥណ្ឌាបច្ចុប្បន្ន បារម្ភខ្លាំងពីការកើនឡើងឥទ្ធិពលរបស់ចិននៅបណ្តាប្រទេសជុំវិញដូចជាស្រីលង្កា និងនេប៉ាល់តែម្តង។ គ្រាន់តែលោក Sharma Oli ជាប់ឆ្នោតភា្លម នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ទូរសព្ទទៅលោកបីដងរួចទៅហើយដើម្បីប្រាប់ពីឆន្ទៈឥណ្ឌាក្នុងការពង្រឹងចំណងមិត្តភាពជាមួយនេប៉ាល់។ សប្តាហ៍មុននេះទៀត ក្រុងញ៉ូវដែលីបានបញ្ជូនរដ្ឋមន្ត្រីការបរទេសលោកស្រី Sushma Swaraj ទៅកាន់ប្រទេសនេប៉ាល់ថែមទៀតដើម្បីពាំនាំសាររបស់រដ្ឋាភិបាលឥណ្ឌាក្នុងការបន្តលើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគីដែរ៕
Tag:
ឥណ្ឌា
នេប៉ាល់
ចិន
Khadga Prasad Sharma Oli
© រក្សាសិទ្ធិដោយ thmeythmey.com