Chelsea នឹងបើកទ្វារស្វាគមន៍ FC Barcelona ក្នុងទឹកដី Stamford Bridge នៃក្របខណ្ឌ UEFA Champion League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយនារាត្រីថ្ងៃអង្គារទី២០ ខែកុម្ភៈ វេលាម៉ោង ២:៤៥នាទី រំលងអធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ក្នុងជំនួបនេះលោក Ruud Gullit ដែលជាអតីតអ្នកចាត់ការក្រុមបាល់ទាត់ម្នាក់បានណែនាំក្រុមរហស្សនាមតោខៀវកុំផ្តោតតែលើ Lionel Messi ខ្លាំងពេក តែត្រូវសិក្សាឲ្យស៊ីជម្រៅពីក្រុម Barcelona ទាំងមូលទើបជាការល្អ។
Ruud Gullit ដែលជាអតីតកីឡាករ និងអ្នកចាត់ការ Chelsea អំឡុងឆ្នាំ ១៩៩៦ ដល់ ១៩៩៨ បានប្រាប់ SportMail ដូច្នេះថា៖«អ្នកមិនអាចបញ្ឈប់ Messi បានទេ។ ហើយនោះមិនមែនជាអ្វីដែល Chelsea ត្រូវផ្តោតសំខាន់នោះដែរ ដូច្នេះត្រូវមើលលើក្រុមទាំងមូល។ ចំណុចសំខាន់បំផុតដែលកីឡាករ Chelsea ត្រូវធ្វើលើទីលានគឺនៅពេលគ្រប់គ្រងបាល់ និងការបញ្ជូនបាល់ឲ្យដៃគូឲ្យចំគោលដៅ។ នេះជាគន្លឹះល្អបំផុត»។
បុរសវ័យ៥៥ឆ្នាំ ដែលជាអតីតអ្នកចាត់ការ Sampdoria និង AC Milan បានបន្ថែមថា៖«Chelsea អាចធ្វើបានក្រោមការដឹកនាំរបស់ Antonio Conte ហើយខ្ញុំស្គាល់គាត់ គាត់ជាអ្នកចាត់ការសញ្ជាតិអ៊ីតាលីល្អបំផុត»។
ក្រៅពីជំនួបរវាង Chelsea និង Barcelona នៃក្របខណ្ឌកំពូលអឺរ៉ុបនេះ នៅមានមួយគូទៀតគឺម្ចាស់ផ្ទះ Bayern Munich ក៏នឹងបើកទ្វារកីឡដ្ឋាន Arena ដើម្បីទទួលភ្ញៀវ Besiktas សម្រាប់ការប្រកួតជើងទី១ នៅវេលាម៉ោងដូចគ្នានេះដែរ៕