អន្តរជាតិ
អ្នកស្រាវជ្រាវ៖ អូស្ត្រាលី និងនូវែលសេឡង់ គួរចូលជាសមាជិកអាស៊ាន នាយរដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាល់ខុម ធឺនប៊ូល និងអតីតនាយករដ្ឋមន្ត្រីឡាវលោក ថោងស៊ីង ថាម៉ាវង្ស (រូបភាព៖ AFP)
× វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បានផ្តល់យោបល់ថា អូស្ត្រាលី និងនូវែលសេឡង់គួរតែចូលរួមជាសមាជិកអាស៊ានក្នុងកម្រិតថ្មី ជា«ដៃគូនៃសហគមន៍អាស៊ាន»។ ស្ថាប័ននេះអះអាងថា ការចូលរួមជាមួយអង្គការតំបន់នេះសំខាន់សម្រាប់មហាអំណាចគីឡូមធ្យមដូចជា អូស្ត្រាលី និង នូវែលសេឡង់នេះ ខណៈដែលអាស៊ានរងសម្ពាធពីបណ្តាមហាអំណាចធំៗដូចជាអាមេរិក ចិន និងឥណ្ឌាជាដើមនោះ។
របាយការណ៍ចងក្រងឡើងដោយលោក Graeme Dobell នៃវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី បានស្នើឲ្យ រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ពិចារណាចូលរួមជាសមាជិកអាស៊ាន ខណៈដែលអូស្ត្រាលីត្រៀមរៀបចំកិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ាននៅខែមីនាខាងមុខ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ាល់ខុម ធឺនប៊ូល នឹងស្វាគមន៍មេដឹកនាំអាស៊ានទាំងដប់ដែលនឹងទៅចូលរួមកិច្ចប្រជុំពិសេសដែលត្រូវរៀបចំនៅអូស្ត្រាលីជាលើកដំបូងនេះ។ វានឹងផ្តល់ឱកាសសំខាន់សម្រាប់អូស្ត្រាលី ក្នុងការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យបានស៊ីជម្រៅថែមទៀត ដោយផ្តោតលើសន្តិសុខអ៊ីនធឺណិត, ប្រឆាំងភេរវកម្ម និងចលនាជ្រុលនិយម សន្តិសុខសមុទ្រ។
របាយការណ៍ខាងលើបានផ្តល់យោបល់ថា អូស្ត្រាលី និងនូវែលសេឡង់ចូលរួមជាសមាជិកអាស៊ានក្នុងទម្រង់ថ្មីដោយធ្វើជាដៃគូនៃសហគមន៍អាស៊ានត្រឹមឆ្នាំ ២០២៤ តែមិនមែនធ្វើជាសមាជិកធម្មតាឡើយ។
«ការចូលរួមជាមួយអាស៊ានជាវិធីសាស្ត្រល្អបំផុតដែលអនុញ្ញាតឲ្យយើងអាចបញ្ចេញយោបល់ពេញលេញក្នុងការបង្កើតអនាគតសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំពិសេសក្រុងស៊ីដនី អាចធ្វើឲ្យមហិច្ឆតានេះក្លាយជានិមិត្តរូបមួយដែលអាចឈានទៅបង្កើតផ្លែផ្កាពេលខាងមុខផង»។ នេះជាការបញ្ជាក់របស់លោក Graeme Dobell ដែលជាអ្នកសរសេររបាយការណ៍។
អ្នកជំនាញខាងលើកត់សម្គាល់ថា ប្រទេសអាស៊ានរងសម្ពាធដោយសារការប្រជែងអំណាចរវាងមហាមហាអំណាចគីឡូធ្ងន់ដូចជា អាមេរិក ចិន ជប៉ុន និងឥណ្ឌានោះ។ ដូច្នេះហើយ វាជារឿងវិជ្ជមានដែលអាស៊ានមានសមាជិកមហាអំណាចមានគីឡូមធ្យមដូចជា អូស្ត្រាលី និងនូវែលសេឡង់ចូលរួមជាមួយខ្លួននោះ។
ការស្វែងរកសមាជិកភាពរបស់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងតំបន់អាស៊ានប្រឈមបញ្ហាច្រើន។ របាយការណ៍ខាងលើសង្កេតឃើញថា បញ្ហាធំបំផុតនោះគឺដោយសារការគិតរបស់អូស្ត្រាលីខ្លួនឯង។ តាំងពីយូរមកហើយ អូស្ត្រាលីប្រកាន់ផ្នត់គំនិតមួយដោយមិនដែលចង់ចូលរួមជាសមាជិកនៃក្រុមណាមួយឡើយ។
កន្លងមកអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Paul Keating បានតស៊ូមតិដោយជំរុញឲ្យអូស្ត្រាលីចូលរួមជាសមាជិកអាស៊ានដើម្បីធានាសន្តិសុខតំបន់អាស៊ីផង។ បច្ចុប្បន្នអូស្ត្រាលីក្លាយខ្លួនជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ានរួចទៅហើយ។ ប៉ុន្តែក្រសួងការបរទេសអូស្ត្រាលី លើកពីកង្វល់របស់ខ្លួនផងដែរ កាលណាបើអូស្ត្រាលីចូលរួមជាសមាជិកអាស៊ាននោះ។ បញ្ហាធំគឺអូស្ត្រាលី បាត់បង់ឯរាជ្យ និងលែងមានសិទ្ធិរិះគន់បណ្តារដ្ឋាភិបាលអាស៊ានដែលបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ៕
Tag:
អូស្ត្រាលី
នូវែលសេឡង់
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com