លោក វេ​ង សាខុន បញ្ជា​ឲ្យ​លុបបំបាត់​ហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​សាច់​លក់​លើ​ទីផ្សារ​ថ្លៃ​
ជាតិ
សេដ្ឋកិច្ច
លោក វេ​ង សាខុន បញ្ជា​ឲ្យ​លុបបំបាត់​ហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​សាច់​លក់​លើ​ទីផ្សារ​ថ្លៃ​
20, Feb 2018 , 10:39 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម
លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សារាចរ​ណែនាំ​មួយ​ពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​សត្វ និង​ជលផល ដើម្បី​ទប់ស្កាត់​ការលក់​សាច់ សត្វ និង​ផលិតផល​ជលផល តាម​ការញាក់​តម្លៃ​តាមចិត្ត​បុគ្គល​។



​ក្រសួងកសិកម្ម បានលើកឡើង​ពី​ភាពមិនប្រក្រតី​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​សត្វ និង​ជលផល ដែល​នាំ​ឲ្យ​ផលិតផល​ទាំងនោះ​លក់​លើ​ទីផ្សារ​មាន​ថ្លៃ​ខ្ពស់​។ ក្រសួង​បានកត់សម្គាល់​ឃើញថា មានការ​ធ្វើ​អាជីវកម្ម​សត្តឃាតដ្ឋាន​ផ្ដាច់មុខ ការឃុបឃិត​ក្នុងចំណោម​អាជីវករ​ពិឃាតសត្វ អ្នក​លក់ដុំ និង​លក់រាយ​ធ្វើ​ការកំណត់ថ្លៃ និង​ភាពផ្ដាច់មុខ​លើ​ការ​នាំចូល ចែកចាយ​ផលិតផល​ជលផល​។

«​កត្តា​ទាំងនេះ បង្ក​ឲ្យ​មានការ​បូក​ថ្លៃ​បន្ថែម​ខ្ពស់​នៅ​គ្រប់​ដំណាក់កាល​នៃ​ខ្សែសង្វាក់​ផលិតកម្ម និង​អាជីវកម្ម និង​ធ្វើ​ឲ្យ​មាន​អត្រា​អតិផរណា​ម្ហូបអាហារ​កើនឡើង ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​»​។ សារាចរ​ណែនាំ​ខាងលើ​ឲ្យ​ដឹង​យ៉ាង​ដូចនេះ​។​

​សារាចរ​ណែនាំ ដែល​ចុះហត្ថលេខា​ដោយ​លោក វេ​ង សាខុន រដ្ឋ​ម្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១៥​ខែកុម្ភៈ នេះ បាន​បញ្ជា​ឲ្យ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង គ្រប់​មន្ទីរ​កសិកម្ម អនុវត្ត​សារាចរ​មួយ​នេះ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​សារាចរ​ដដែល​នេះ​បានចេញ​វិធានការ​មួយចំនួន​។ ក្រសួង​បាន​ណែនាំ​ឲ្យ ជំរុញ​ការវិនិយោគ​បង្កើត​សត្តឃាតដ្ឋាន​បន្ថែម​តាម​ក្រុង​ស្រុក និង​មិន​ឲ្យ​កំណត់​ដែន​ចែកចាយ​ផលិតផល​ចេញពី​សត្តឃាតដ្ឋាន​ទាំង​នោះទេ​។ ក្រសួង​បន្តទៀតថា ត្រូវ​ដេញថ្លៃ​សត្តឃាតដ្ឋាន​ដោយ​តម្លាភាព និង​លើកទឹកចិត្ត​ឲ្យ​អាជីវករ​លក់ដុំ និង​រាយ​ដាក់​ស្លាក​សញ្ញា​ផលិតផល​របស់ខ្លួន ដោយ​បញ្ជាក់​ពី​ប្រភព​សាច់ និង​តម្លៃ​។ ជាមួយគ្នានេះ ក្រសួង​បញ្ជា​ឲ្យ​អង្គភាព​ក្រោម​ឱវាទ ត្រូវ​លុបបំបាត់​ការ​នាំចូល​ផលិតផល​ជលផល​ផ្ដាច់មុខ ជាដើម​។​

​បើ​មើល​តាម​ខ្លឹមសារ​ចរាចរ​នេះ ក្រសួងកសិកម្ម​ហាក់​ច​ង់​លុបបំបាត់​កត្តា​នាំ​ឲ្យ​សាច់គោ ជ្រូក មាន់​ទា លក់​ថ្លៃ ដែល​នៅ​ក្រៅពី​មូលហេតុ​ចរន្ត​ទីផ្សារ ពោលគឺ​បុគ្គល​ជា​អ្នកកំណត់​ថ្លៃ ដោយសារ​ភាពផ្ដាច់មុខ​របស់ខ្លួន ឬ​ការឃុបឃិត​ណាមួយ​។ បើតាម​ការលើកឡើងរ​បស់​អ្នកលក់​សាច់​នៅលើ​ទីផ្សារ និង​តាម​ភូមិ​ខ្លះ ការធ្វើ​អាជីវកម្ម​ផ្ដាច់មុខ កើតឡើង​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ ដែល​ផ្ដល់​អាជ្ញា​បណ្ណ​អាជីវកម្ម​ឲ្យ​តែ​បុគ្គល​ណា​ម្នាក់ ឬ​ពីរ​បីនាក់​ប៉ុណ្ណោះ​៕

Tag:
 សាច់​
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com