ជាតិ
មេធាវី ស្នើ​តុលាការ ផ្តល់ឱកាស​ដល់​លោក កឹម សុខា ចេញទៅ​វះកាត់​ដៃ នៅ​បរទេស​
20, Feb 2018 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុម​មេធាវី បានដាក់​សំណើ​ថ្មី​មួយ​ផ្សេងទៀត ទៅកាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២0១៨ ដើម្បី​សុំ​ការអនុញ្ញាត ឲ្យ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ពន្ធនាគារ ចេញទៅ​ព្យាបាល​ជំងឺ​កៀប​សរសៃ​ដៃ​ខាងឆ្វេង នៅ​ប្រទេស​សិង្ហ​បុរី​។ លោក ផែង ហេង មេធាវី​មួយរូប​របស់លោក កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជំងឺ​នេះ ទាមទារ​ឲ្យ​មានការ​វះកាត់ ទើប​អាចជា​សះស្បើយ​។



​លោក​មេធាវី ផែង ហេង លើកឡើងថា ស្មា​ខាងឆ្វេង​របស់លោក កឹម សុខា មាន​ដុះ​ឆ្អឹង​។ លោក បន្តថា ឆ្អឹង​ដែល​ដុះ​ឡើង​នេះ បាន​បណ្តាល​ឲ្យ​ស្មា​របស់​លោ កឹម សុខា ហើម និង​ឈឺ ហើយ​ពិបាក​សម្រាន្ត​។ លោក​បន្ថែមថា ការ​កៀប​សរសៃ​ដៃ គឺ​ដោយសារ​ការ​ដុះ​ឆ្អឹង​នេះហើយ​។​

​លោក​មេធាវី​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ទាល់តែ​វះកាត់ ហើយ​ឆាប​ឬ​កាត់​ឆ្អឹង​ហ្នឹង​ចេញ ទើប​ធូរស្រាល​។ លោក កឹម សុខា បាន​ប្រាប់​ពួក​ខ្ញុំ​អ៊ីចឹង ពេល​ពួក​ខ្ញុំ​ទៅ​ជួប​គាត់​ក្នុង​ពន្ធនាគារ​»​។

​លោក​មេធាវី ផែង ហេង អះអាង​ទៀតថា លោក កឹម សុខា មាន​ជំងឺ​កៀប​សរសៃដៃ​ដោយសារ​ការ​ដុះ​ឆ្អឹង​នេះ តាំងពី​លោក មិនទាន់​ជាប់ពន្ធនាគា​រម​ក​ម្ល៉េះ​។ លោក និយាយថា កាលនោះ ពេទ្យ​នៃ​ប្រទេស​សិង្ហ​បុរី បាន​ប្រាប់​ឲ្យ​វះកាត់ ប៉ុន្តែ​លោក កឹម សុខា បាន​សុំ​ពន្យារ ដោយសារតែ​ជាប់រវល់​នឹង​ការងារ​ពេក​។

​ក្រៅពី​ជំងឺ​កៀប​សរសៃ​ដៃ​ខាងឆ្វេង លោក កឹម សុខា ក៏មាន​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ធ្ងន់ ផងដែរ​។ នេះ​បើតាម​លោក ជូ​ង ជូ​ងី មេធាវី​មួយទៀត​របស់លោក កឹម សុខា ដែល​បាន​អះអាង នាពេល​កន្លងមក​។

​ការអះអាង​ថា​លោក កឹម សុខា មាន​ជំងឺ ជាពិសេស​ជំងឺ​កៀប​សរសៃ​ដៃ​ខាងឆ្វេង មិន​ទទួលបាន​ការជឿទុកចិត្ត​ពី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ ធ្លាប់លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ការនិយាយ​របស់​មេធា​វី គ្រាន់តែ​ជា​វោហារសាស្ត្រ​នយោបាយ ដែល​ចង់បាន​ការដោះលែង​កូនក្តី​របស់ខ្លួន​ឲ្យ​នៅក្រៅ​ឃុំ​តែប៉ុណ្ណោះ​»​។​
 
​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​សម្តែង​ការព្រួយបារម្ភ​ពី​សុខភាព​របស់លោក កឹម សុខា ហើយ​បានស្នើ​ឲ្យ​តុលាការ​កម្ពុជា ដោះលែង​លោក ជាបន្ទាន់​។ ចំណែក អង្គការ និង​សហគមន៍​អន្តរជាតិ​ផ្សេងទៀត ក៏​បន្ត​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ដែរ​៕

អត្ថបទទាក់ទង





Tag:
 កឹម សុខា​
  មេធាវី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com