ជាតិ
សុខភាព
ក្រសួងសុខាភិបាល​ព្រមាន​ពី​គ្រោះថ្នាក់​ដល់​ជីវិត ពី​កា​រប្រើ​ឱសថ​បំប៉ន​ផ្លូវភេទ​«GOOD MAN»
20, Feb 2018 , 9:34 pm        
រូបភាព
ឱសថបំប៉នផ្លូវភេទបុរស ដែល​ផ្សព្វផ្សាយលក់ក្នុងបណ្តាញសង្គមហ្វេសប៊ុក
ឱសថបំប៉នផ្លូវភេទបុរស ដែល​ផ្សព្វផ្សាយលក់ក្នុងបណ្តាញសង្គមហ្វេសប៊ុក
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ព្រមាន​ពី​ការខាតបង់​ប្រាក់កាស ប៉ះពាល់​ដល់​សុខភាព និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ ចំពោះ​អ្នកប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស «GOOD MAN» ដែល​បាន​ផ្សព្វផ្សាយ​លក់​អួតអាង​បំផ្លើស​ហួសការ​ពិត ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​។ ក្រសួងសុខាភិបាល ​ក៏​គូស​បញ្ជាក់ដែរថា ផលិតផល​នេះ គ្មាន​ចុះបញ្ជី​ការ គ្មាន​ការត្រួតពិនិត្យ និង​ការអនុញ្ញាត​ឲ្យ​នាំចូល​នោះឡើយ​។​



​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស «GOOD MAN» ដែល​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា មិនមាន​ចុះបញ្ជី​កា គ្មាន​ការត្រួតពិនិត្យ និង​ការអនុញ្ញាត​ឲ្យ​នាំចូល​ឡើយ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ បន្ទាប់ពី​​ឃើញ​ផលិតផល​នេះ ត្រូវបាន​ផ្សព្វផ្សាយ​លក់​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ 

​ក្រសួង​ជំនាញ​ដដែល បញ្ជាក់ថា ការផ្សព្វផ្សាយ​លក់​ឱសថ​នេះ គឺ​បាន​អួតអាង​បំផ្លើស​ហួសការ​ពិត ដែលថា​អាច​ព្យាបាល​ក្រលៀន តម្រង់​នោម ក្រពេញ​ប្រ៉ូ​ស្តា​ត អ័រម៉ូន ពិសេស​បង្កើន​ចំណង់​ផ្លូវភេទ​នោះ​។​ 

ក្រៅតែពី​អាច​ខាតបង់​ប្រាក់កាស ក្រសួងសុខាភិបាល ក៏បាន​ព្រមាន​ពី​ការប៉ះពាល់​ដល់​សុខភាព និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ដល់​អ្នកប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ​ដែល​ក្រសួង​ថា​ខុសច្បាប់​មួយ​នេះ​ផងដែរ​។ ​តាមរយៈ​សេចក្តីជូនដំណឹង​ដដែល ក្រសួងសុខាភិបាល​សង្ឃឹម​​​ថា សាធារណជន ឈប់​ជឿ​ការឃោសនា ដែល​ក្រសួង​ចាត់ទុកថា ជាការ​ឃោសនាបោកប្រាស និង​បំផ្លើស​​ការពិតនោះ​។ 
 
​ចំពោះ​ក្រុមហ៊ុន ឬ​ជន​ណា ដែល​នាំចូល និង​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស GOOD MAN នេះ ក្រសួង ​នឹងមាន​វិធានការ​តឹងរឹង​តាមផ្លូវ​ច្បាប់​។ ក្រសួងសុខាភិបាល ក៏​ស្នើ​ឲ្យ​ពលរដ្ឋ ផ្ដល់ព័ត៌មាន ​ដល់​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង តាមរយៈ​ទូរ​សព្ទ​លេខ  ០៩៥ ៣៥៩ ៣៩៩/ ០១៧ ៤៦៦ ៧៦០ ដែរ ​បើសិន​ឃើញ​ការចែក​ចាយ​លក់​ឱសថ​​ខុសច្បាប់​ខាងលើ​៕
 
 

Tag:
 សុខាភិបាល​
 GOOD MAN
© រក្សាសិទ្ធិដោយ thmeythmey.com