អន្តរជាតិ
ប៉ា​ឡេ​ស្ទី​ន តតាំង​ជាមួយ​អាមេរិក​និង​អ៊ីស្រាអែល​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​
21, Feb 2018 , 3:30 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ (រូបភាព៖ AFP)
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ (រូបភាព៖ AFP)
​អាមេរិក និង​អ៊ីស្រាអែល បាន​ឆ្លើយឆ្លង​សម្ដី​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ជុំវិញ​បញ្ហា​នៅ​មជ្ឈិមបូព៌ា​។ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន Mahmoud Abbas បាន​ចោទសួរ​អាមេរិក​ពី​នយោបាយ​ការបរទេស​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ស្នើ​បង្កើត​សន្និសីទ​អន្តរជាតិ​ដើម្បី​បញ្ចប់​បញ្ហា​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​។ ឯ​តំណាង​អាមេរិក និង​អ៊ីស្រាអែល​បាន​រិះគន់​សម្ដី​របស់​ប្រមុខ​ដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​ចំៗ និង​ថ្លែង​ការពារ​នយោបាយ​របស់​ខ្លួន​ដែរ​។



​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ក្លាយជា​វេទិកា​តតាំង​សម្ដី​រវាង​ប៉ា​ឡេ​ស្ទី​ន អាមេរិក និង​អ៊ីស្រាអែល​។ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន Mahmoud Abbas បាន​និយាយ​វាយប្រហារ​ទាំង​អាមេរិក ទាំង​អ៊ីស្រាអែល និង​ចោទ​ប្រទេស​ទាំងពីរ​នេះ​ថា​បាន​បោះបង់​ដំណោះស្រាយ​រដ្ឋ​ពីរ ដែល​បានកំណត់​ពី​អនាគត​របស់​ប៉ា​ឡេ​ស្ទី​ន និង​ការទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡិ​មខាង​កើតជា​រដ្ឋធានីរ​បស់​ប៉ា​ឡេ​ស្ទី​ន​។​

​កំពុងតែ​មិន​សប្បាយចិត្ត​នយោបាយ​របស់​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ស្រាប់​ផង លោក Abbas បាន​ចោទសួរ​ពី​ជំហរ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជុំវិញ​វិបត្តិ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល ដោយ​សួរថា អាមេរិក​ចង់បាន​រដ្ឋ​ពីរ ឬ​រដ្ឋ​មួយ​។ ប្រមុខ​ដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​ក៏​ប្រកាស​ដែរ​ថា ការវិល​ទៅរក​ការចរចា អាចធ្វើ​ឡើង លុះត្រា​អាមេរិក​ឈប់​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល និង​មិនត្រូវ​រើ​ស្ថានទូត​ដាច់ខាត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Abbas ក៏​ឆ្លៀត​រិះគន់​ត្រង់ៗ​លើ​ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​កាត់បន្ថយ​ហិរញ្ញវត្ថុ​សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ច្រើនជាង​៥​លាន​នាក់ ដែល​កំពុង​រស់នៅ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន និង​តាម​ជំរំ​នៅ​ហ្ស៊​កដា​នី លី​បង់ និង​ស៊ី​រី​។ តំណាង​អ៊ីស្រាអែល និង​អាមេរិក ដែល​អង្គុយ​ស្ដាប់​លោក Abbas វាយប្រហារ​ធ្ងន់ៗ ក៏បាន​ប្រតិកម្ម​វិញ​ដែរ​។ អគ្គរដ្ឋទូត​អ៊ីស្រាអែល Danny Danon អះអាងថា លោក Abbas គ្មាន​តម្លៃ​តំណាង​ឲ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ឡើយ​។​

​តំណាង​អ៊ីស្រាអែល​ដដែល​នេះ​បាន​រិះគន់​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន ដែល​ចង់បាន​ការជួយ​ពី​សហគមន៍​អន្តរជាតិ តែ​គេចវេស​មិន​ចរចា​ដោយផ្ទាល់​ជាមួយ​អ៊ីស្រាអែល​។ លោក Danon បាន​ចោទ​ទៀតថា លោក Abbas យកលុយ​ជំនួយ​អន្តរជាតិ​ទៅ​ផ្គត់ផ្គង់​ក្រុម​ភេរវកម្ម បង្កើត​គំនិត​ស្អប់​អ៊ីស្រាអែល តែ​មិនបាន​សាងសង់​សាលារៀន និង​មន្ទីរពេទ្យ​អ្វី​ឡើយ​។ លោក​ក៏​ប្រាប់​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​ប្ដូរ​មេដឹកនាំ​ថ្មី ដែល​ចង់​ចរចា​ជាមួយ​ក្រុង​តែ​ល​អា​វីវ​។​

​ចំណែកឯ​លោកស្រី Nikki Haley តំណាង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ ក៏​មិន​ស្ងៀម​ដែរ​។ ទន្ទឹមគ្នា​នឹង​ការការពារ​ជំហរ​រើ​ស្ថានទូត​ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម លោកស្រី Haley បាន​ប្រា​ប់លោក Abbas ដែល​បាន​ដើរ​ចេញពី​អង្គប្រជុំ​ថា អាមេរិក​មិន​រត់តាម​ប៉ា​ឡេ​ស្ទី​ន​ដែល​មិន​ចង់​ចរចា​ឡើយ តែ​នឹង​ផ្ដល់​ជម្រើស​ដើម្បី​ដោះស្រាយ​បញ្ហា​។ ហើយ​វា​ជម្រើស​របស់​ប៉ា​ឡេ​ស្ទី​ន​ដែល​មិន​ចង់​ឲ្យ​អាមេរិក​ជួយ ឬក៏​ព្រម​ដើរ​តាម​អាមេរិក​៕ 


Tag:
 អាមេរិក​
  អ៊ីស្រាអែល​
  ប៉ា​ឡេ​ស្ទី​ន​
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com