ជាតិ
ក្រសួង​ព័ត៌មាន ជំរុញ​ឲ្យ​អ្នកកាសែត​ផ្សព្វផ្សាយ​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ឲ្យ​ទូលំទូលាយ​
21, Feb 2018 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន ជំរុញ​ឲ្យ​អ្នកកាសែត​ផ្សព្វផ្សាយ​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​សាធារណៈជន​បាន​យល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​។​



​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹម​សេង មើលឃើញថា ការផ្សព្វផ្សាយ​បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ហាក់​មិនទាន់មាន​វិសាលភាព​នៅឡើយ​ទេ ខណៈដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​។ តាមរយៈ​ភាពខ្វះ​ចន្លោះ​នៃ​ការផ្សព្វផ្សាយ​នេះ លោក អ៊ុក គឹម​សេង ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​ជួយ​ផលិត​អត្ថបទ ទាក់ទង​នឹង​បម្រែបម្រួល​អាកាសធាតុ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ចែករំលែក​ចំណេះដឹង ដល់​ប្រជាពលរដ្ឋ ឲ្យ​យល់​ពី​ផលប៉ះពាល់​ដោយសារ​បញ្ហា​អាកាសធាតុ​។​



​នៅក្នុង​សិក្ខាសាលា​បណ្ដុះបណ្ដាល អ្នកសារព័ត៌មាន អ្នកនិពន្ធ ពិធីករ​-​ការ​រ​នី​វិទ្យុ​-​ទួ​រ​ទស្សន៍ «​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​» កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ រដ្ឋលេខាធិការ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​មុខជំនាញ​វិជ្ជាជីវៈ​សារព័ត៌មាន​បែបនេះ ត្រូវតែមាន​ការយល់ដឹង​អំពី គោលបំណង​វិទ្យាសាស្ត្រ ពាក្យ​ស័ព្ទ និង​វិធី​នៃ​កិច្ចការ​វិទ្យាសាស្ត្រ​។ តួនាទី​អ្នកសារព័ត៌មាន​អាកាសធាតុ គឺជា​ស្មេរ​តាមដាន​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ព្រឹត្តិការណ៍​»​។​

​ជាមួយគ្នានេះ លោក ឆាយ សុផល សមាជិក​គណៈកម្មាធិកា​រ​នាយក​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​និយាយថា មូលហេតុ​ដែល​ការផ្សព្វផ្សាយ​ពី​បញ្ហា​អាកាសធាតុ​មិនទាន់​ទូលំទូលាយ ដោយសារ​អ្នកកាសែត​ភាគច្រើន មិនសូវ​ចាប់អារម្មណ៍​លើ​ប្រធានបទ​បែបនេះ ហើយ​ខ្វះ​ការយល់ដឹង​ស៊ីជម្រៅ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ «​គុណវិបត្តិ របស់​អ្នកកាសែត មានដូចជា កង្វះ​ទំនាក់ទំនង ឯកសារ ពេលវេលា​មិន​អំណោយផល ការមិន​ចាប់អារម្មណ៍ ឫ យល់​មិន​ដល់​បញ្ហា​ប្រែប្រួល​អាកាសធាតុ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឆាយ សុផល​។​



​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣  នៅ​ក្រុង Bonn ប្រទេស​អាល្លឺម៉ង់ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងមក កម្ពុជា​បាន​លើកយក​បញ្ហា ដែល​ផ្តោតលើ​ការតាមដាន​កិច្ចការងារ​ត្រូវធ្វើ​បន្ត ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ហើយ​បញ្ហា​លំហូរ​ថវិកា​ជា​បញ្ហាសំខាន់​។​
អត្ថបទទាក់ទង

​កម្ពុជា​ត្រូវ​ការកសាង​សមត្ថភាព ចែករម្លែក​បច្ចេកវិទ្យា និង​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​នានា​ពាក់ព័ន្ធ​ការដោះស្រាយ​បញ្ហា​អាកាសធាតុ​ខ្លាំងជាងគេ​។ កម្ពុជា​ក៏​ចង់​ឲ្យ​ប្រទេស​អភិវឌ្ឍ​បន្ត​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​គម្រោង​នានា​ដូចជា​កម្មវិធី​បន្សាំ និង​កាត់បន្ថយ​បញ្ហា​ប្រឈម​នៃ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​លោក ជួប ប៉ារីស៍  អគ្គនាយករង​នៃ​អគ្គ​លេខ​ធិ​កា​រង​នៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ការអភិវឌ្ឍ​ដោយ​ចីរភាព ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​។





​សូមបញ្ជាក់ថា កម្ពុជា​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេសមួយ​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​។ កម្ពុជា​ប្រឈម​គ្រោះមហន្តរាយធម្មជាតិ​ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត និង​រលក​កម្តៅ​កើតឡើង​ថែមទៀត​កន្លងមកនេះ​៕



Tag:
 អាកាសធាតុ​
 ​ អ៊ុក គឹម​សេង
© រក្សាសិទ្ធិដោយ thmeythmey.com