ជាតិ
មុន​ទៅ​ប្រជុំ​នៅ​អូស្ត្រាលី សម្ដេច ហ៊ុន សែន ព្រមាន​អ្នក​តវ៉ា​ថា «​បាតុកម្ម​បាន តែ​ហាម​ដុត​រូប​»
21, Feb 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​ពិសេស​អូស្ត្រាលី​-​អាស៊ាន នៅ​ថ្ងៃទី​១៧-១៨ មិនា​ខាងមុខនេះ​។ មុននឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ សម្ដេច ហ៊ុន សែន ដឹងខ្លួន​ច្បាស់​ថា ប្រាកដ​ជាមាន​ក្រុមប្រឆាំង​រដ្ឋាភិបាល នឹង​ចេញមក​បាតុកម្ម​តវ៉ា​ចំពោះ​វត្តមាន​សម្ដេច នៅលើ​ទឹកដី​អូស្ត្រាលី​នេះ​។



សូមស្តាប់សំឡេង៖





​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់​នៅ​តំបន់​វត្ត​ទឹកថ្លា នា​ព្រឹក​ថ្ងៃ​២១ កុម្ភៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​ព្រួយបារម្ភ​ពី​ក្រុមអ្នកតវ៉ា ប្រឆាំង​វត្តមាន​សម្ដេច​ឡើយ ព្រោះ​សម្ដេច​យល់ថា វា​ជាការ​សម្ដែង​អារម្មណ៍ និង​មតិ​របស់​ក្រុម​អ្នក​មិន​គាំទ្រ​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្វីដែល​ប្រមុខ​រដ្ឋាភិបាល មិន​ចង់ឃើញ​នោះ គឺ​ការតវ៉ា​ដោយ​ដុត​រូបភាព​សម្ដេច នៅ​ទីធ្លា​សាធារណៈ​។ នាយករដ្ឋមន្ត្រី ព្រមាន​ចាត់វិធានការ​លើ​អ្នក​តវ៉ា​ដុត​រូប​សម្ដេច​ផងដែរ​។

​ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា ៖«​ប៉ុន្តែ​សូម​ផ្ដាំ​ណា កុំ​ដុត​រូប​ឲ្យ​សោះ តែ​ដុត​រូប​តាម​(​ចាប់​)​ដល់ផ្ទះ សូម​ប្រាប់​ឲ្យ​ហើយ​។ ជំនាន់​បាតុកម្ម​ឆ្នាំ​២០១៣ (​ពលរដ្ឋ​បាតុកម្ម​នៅ​អាមេរិក​)​អត់​ហ៊ាន​ដែរ​។ សម្ដេច ស ខេង ប្រាប់​ទៅ​ទូត​អាមេរិកកាំង ថា​ហាម​អ្នក​បាតុកម្ម​មិន​ឲ្យ​ដុត​រូប ព្រោះ​ស្រុក​ខ្មែរ​មាន​អ​បិ​យ​ជំនឿ បើ​ហ៊ាន​ធ្វើ​រូប ហើយ​ដុត​រូប​ច្បាស់​ជាមាន​រឿង ហើយ​ខ្ញុំ​ប្ដូរផ្ដាច់ បើ​ហ៊ាន​ធ្វើ​រូប​ទីង​ម៉ូង​ដុត តាម​វាយ​ដល់ផ្ទះ ក្របួច​យកតែ​ម្ដង​»

​ក្រៅពី​ចូលរួម​កិច្ចប្រជុំ​ពិសេស​អូស្ត្រាលី​-​អាស៊ាន នៅ​ថ្ងៃទី​១៧-១៨ មីនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​គ្រោង​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​អ្នកគាំទ្រ​ខ្លួន​ផងដែរ​៕



Tag:
 ហ៊ុន សែន​
 ​ បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com