អន្តរជាតិ
ប៉ាឡេស្ទីនពឹង UN ឲ្យជួយរកសន្តិភាព តែអាមេរិកថា ប៉ាឡេស្ទីនងាកចេញពីខ្លួនគ្មានអនាគតឡើយ
× មេដឹកនាំប៉ាឡេស្ទីនលោក ម៉ាមូត អាបាស នាថ្ងៃអង្គារទី ២០ ខែកុម្ភៈ បានអំពាវនាវឲ្យមានការរៀបចំវេទិកាអន្តរជាតិមួយដើម្បីជួយជ្រោមជ្រែងដំណើរស្វែងរកសន្តិភាពនៅមជ្ឈិមបូព៌ា និងឈានទៅសម្រេចបានការប្រកាសឯករាជ្យរបស់រដ្ឋប៉ាឡេស្ទីនផង។ ប៉ុន្តែអាមេរិកមិនពេញចិត្តកាយវិការមេដឹកនាំប៉ាឡេស្ទីនឡើយ ព្រោះមហាអំណាចនេះចង់ធ្វើជាដើរតួជាអ្នកបង្កើតសន្តិភាពនៅមជ្ឈិមបូព៌ាផ្តាច់មុខ។
នាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូត អាបាស បានឆ្លៀតឱកាសអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាដ៏មានឥទ្ធិពលនេះបង្កើតវេទិកាថ្មីនៅចុងឆ្នាំ២០១៨នេះដើម្បីដាក់ចេញគំនិតផ្តួចផ្តើមស្វែងរកសន្តិភាពថ្មីសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន។ បន្ថែមពីនេះ វានឹងត្រួសត្រាយផ្លូវសម្រាប់ការប្រកាសឯករាជ្យនៃរដ្ឋប៉ាឡេស្ទីនដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្នុងពេលផ្តល់សុន្ទរកថាដ៏កម្រនេះ ប្រមុខរដ្ឋប៉ាឡេស្ទីនរូបនេះបានរៀបរាប់ថា វេទិកាអន្តរជាតិនោះគួរតែមានការចូលរួមដោយពហុភាគី ហើយអ្វីដែលសំខាន់វានឹងជំនួសឲ្យយន្តការសន្ធានកម្មដែលអាមេរិកប្រើប្រាស់កន្លងមកដែរ។
លោកបានថ្លែងដូច្នេះ៖ «ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន វាសំខាន់ណាស់ដែលត្រូវបង្កើតយន្តការពហុភាគីដែលកើតចេញពីសន្និសីទអន្តរជាតិផងដែរ។ វេទិកានេះក៏គួរតែអាចនាំមកនូវសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីនក្នុងអង្គការសហប្រជាជាតិ ការទទួលស្គាល់គ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏ដូចជាបង្កើតបានយន្តការអន្តរជាតិអាចបង្កើតដំណោះស្រាយពេញលេញចុងក្រោយផង»។
នាឆ្នាំ ២០១២ អង្គការសហប្រជាជាតិបានសម្រេចផ្តល់ឲ្យប៉ាឡេស្ទីននូវតួនាទីជាសមាជិកសង្កេតការណ៍។ ប៉ុន្តែការឈានទៅផ្តល់សមាជិកភាពពេញេលេញឲ្យប៉ាឡេស្ទីននោះតម្រូវឲ្យមានការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងមូល។ គេដឹងច្បាស់ថា សហរដ្ឋអាមេរិកនឹងបោះឆ្នោតជំទាស់ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។
លោក អាបាស បន្តថា ពហុភាគីនោះអាចមានអ៊ីស្រាអែល ប៉ាឡេស្ទីន បណ្តាប្រទេសសំខាន់ៗនៅក្នុងតំបន់ រួមទាំងមហាអំណាចសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខទាំងប្រាំផងដែរ។ ដូច្នេះហើយ វានឹងអាចផ្តល់ពន្លឺសម្រាប់ការដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែរនៅពេលអនាគត។
អាចនិយាយបានថា វាជាសុន្ទរកថាដំបូងបំផុតរបស់មេដឹកនាំប៉ាឡេស្ទទីនទៅកាន់អង្គប្រជុំក្រុមប្រឹក្សាសន្តិសុខ ចាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីផ្លូវការរបស់អ៊ីស្រាអែលផង។ ទង្វើឯកតោភាគីរបស់លោក ត្រាំ រងការរិះគន់ខ្លាំងពីប៉ាឡេស្ទីន ផង និងពីសហគមន៍អន្តរជាតិផងដែរ ក្នុងនោះមហាសន្និបាតអង្គការសហប្រជាជាតិបានចេញដំណោះស្រាយថ្កោលទោសរដ្ឋបាលអាមេរិកដូចគ្នា។
១.អ៊ីស្រាអែល៖ មេដឹកនាំប៉ាឡេស្ទីនព្យាយាមរត់គេចពីសន្តិភាព
លោក អាបាស បានបន្ទោសអ៊ីស្រាអែលពេញៗមាត់ចំពោះការបរាជ័យនៃការចរចាសន្តិភាព ដោយលោកគូសបញ្ជាក់ថា អ៊ីស្រាអែលធ្វើខ្លួនដូចជារដ្ឋដែលនៅពីលើច្បាប់ ហើយរដ្ឋជ្វីហ្វមួយនេះក៏បិទទ្វារមិនទទួលយកដំណោះស្រាយរដ្ឋពីរដែលសមស្របនឹងស្ថានភាពជម្លោះភាគីទាំងពីរឡើយ។
បន្ទាប់ពីថ្លែងសុន្ទរកថាចប់សព្វគ្រប់ ប្រធានាធិបតីប៉ាឡេស្ទីន អាបាស បានប្រញាប់ប្រញាល់ចាកចេញពីក្រុមប្រឹក្សាសន្តិសុខភ្លាម ដែលទំនងជាលោកជាប់រវល់ ឬមានធុរៈបន្ទាន់អ្វីផង។ យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិលោក Danny Danon ស្រាប់តែរិះគន់មេដឹកនាំប៉ាឡេស្ទីនតែម្តងដោយលោកព្រលយពាក្យថា តាមពាក្យសម្តី និងសកម្មភាពទាំងអម្បាលម៉ាន លោក អាបាស កំពុងព្យាយាមរត់គេចពីសន្តិភាពជាថ្មីទៀតហើយ។
ដោយឡែក នៅអ៊ីស្រាអែលឯណោះវិញ នាយករដ្ឋមន្ត្រី បេនចាមិន ណេតាន់យ៉ាហ៊ូ បានចេញមុខទិតៀនដូចគ្នា។ លោកនិយាយថា លោក អាបាសនិយាយច្រំដែល ហើយព្យាយាមបន្តរត់គេចពីផ្លូវឆ្ពោះទៅរកសន្តិភាពថែមទៀត។
«អាបាស គ្មាននិយាយអ្វីដែលថ្មីឡើយ។ លោកបន្តរត់គេចពីសន្តិភាព និងបន្តគាំទ្រក្រុមភេរវជន និងក្រុមគ្រួសារពួកគេផង»។ នេះជាសម្តីរបស់លោក ណេតាន់យ៉ាហ៊ូ ដែលចេញផ្សាយតាមសេចក្តីថ្លែងការណ៍នៃការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។
តាមពិតទៅ ប៉ាឡេស្ទីន កន្លងមកខកចិត្តខ្លាំងចំពោះជំហរលម្អៀងរបស់រដ្ឋបាលអាមេរិទៅរកអ៊ីស្រាអែល។ ហើយអាជ្ញាធរនេះក៏រឹតតែខឹងសម្បារខ្លាំងទៅទៀតចំពោះអ៊ីស្រាអែលដែលបន្តអាណានិគមជំនាន់ថ្មីរបស់ខ្លួនដោយមិនខ្លាចរអាច្បាប់អន្តរជាតិបន្តិចសោះ។ រដ្ឋជីព្វដែលមានអាមេរិកជាខ្នងបង្អែកនេះបន្តសាងសង់លំនៅដ្ឋានរបស់ខ្លួនលើទឹកដីប៉ាឡេស្ទីនដែលខ្លួនបានកាប់កាប់ខុសច្បាប់នោះរហូតមកដល់បច្ចុប្បន្ន បើទៅជាអង្គការសហប្រជាជាតិថ្កោលទោសក៏ដោយចុះ។
២.អាមេរិក៖ ប៉ាឡេស្ទីនងាកចេញពីអាមេរិកគ្មានអនាគតទេ
ដូចបានបញ្ជាក់ខាងដើមស្រាប់ តាមសម្តីរបស់លោក អាបាស យន្តការសន្ធានកម្មដែលមានអាមេរិកជាអ្នកនាំផ្លូវនោះលែងជាអ្វីដែលប៉ាឡេស្ទីនត្រូវការហើយ។ ប៉ាឡេស្ទីនចង់បានយន្តការពហុភាគីដែលមានមហាអំណាចធំៗច្រើនចូលរួម ដែលវាអាចធានាបាននូវដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងមិនលម្អៀង។
ប៉ុន្តែគោលបំណងរបស់ប៉ាឡេស្ទីន ត្រូវបានអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley ដែលចូលរួមស្តាប់សុន្ទរកថារបស់លោក អាបាសនោះបានជំទាស់រួចជាស្រេចហើយ។ ពេលថ្លែងទៅកាន់អង្គប្រជុំ លោកស្រីបានព្រមានចំៗថា ការងាកទៅរកអង្គការសហប្រជាជាតិ ហើយទាត់ចោលតួនាទីរបស់អាមេរិករបស់លោក អាបាស ជារឿងដែលគ្មានអនាគតឡើយសម្រាប់ប្រជាជនប៉ាឡេស្ទីន។
«ក្រុមចរចារបស់យើងអង្គុយចាំនៅពីក្រោយលោក និងត្រៀមខ្លួនសម្រាប់ការពិភាក្សាគ្នា។ ប៉ុន្តែយើងមិនតាមអង្វរលោកឯងឡើយ។ ជម្រើសមួយនេះជារបស់លោកប្រធានាធិបតីហើយ»។ នេះជាសម្តីរបស់លោកស្រី Haley សំដៅដល់សម្តីលោក អាបាសដែលទទូចឲ្យមានយន្តការពហុភាគី។
ក្នុងអង្គប្រជុំនោះ គេឃើញលោកស្រី Haley មានបេសកជនពិសេសសម្រាប់សន្តិភាពមជ្ឈិមបូព៌ា Jason Greenblatt និងកូនប្រសារលោក ត្រាំ លោក Jared Krushner ជាទីប្រឹក្សាលើការបង្កើតសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីននោះអង្គុយអមផងដែរ។
តាមពិតទៅ ដំណើរការចរចាសន្តិភាពអ៊ីស្រាអែល និងប៉ាឡេស្ទីនជាប់គាំងចាប់ពីពេលដែលប្រធានាធិបតីបារ៉ាក់អូបាម៉ា បរាជ័យក្នុងជំរុញឲ្យមានការទទួលយកដំណោះស្រាយរដ្ឋពីរក្នុងខែមេសាឆ្នាំ ២០១៤មកម្ល៉េះ។ ប៉ុន្តែស្ថានភាពកាន់តែអាក្រក់ថែមទៀត ក្រោយពេលដែលលោក ត្រាំ ចូលកាន់តំណែង និង ទទួលស្គាលក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែលជាផ្លូវការនោះដោយបង្ហាញភាពលម្អៀងទៅរកអ៊ីស្រាអែលនោះ៕
Tag:
អាមេរិក
ប៉ាឡេស្ទីន
ម៉ាមូត អាបាស
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com