កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីលីបេរីយ៉ា លើកទឹកចិត្ត Drogba ឲ្យធ្វើនយោបាយដើម្បីមានឱកាសដឹកនាំប្រទេសដូចខ្លួន លោក George Weah (ឆ្វេង) និង Didier Drogba នាជំនួបមួយនៅក្រុង Marseille ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៥។ រូបថត AFP
× វីរបុរសរបស់តោខៀវ Chelsea និងជម្រើសជាតិកូតឌីវ័រ កីឡាករ Didier Drogba ដែលត្រៀមចូលនិវត្តន៍ពីជីវិតជាកីឡាករបាល់ទាត់ត្រូវបានលើកទឹកចិត្តឲ្យចូលប្រឡូកក្នុងពិភពនយោបាយ ពីសំណាក់ប្រធានាធិបតីលីបេរីយ៉ា ដែលជាអតីតកីឡាករបាល់ទាត់ម្នាក់ផងដែរនោះ។ នេះបើតាមការផ្សាយរបស់ Goal.com ។
លោក George Weah អតីតម្ចាស់ពាន Ballon d'Or និងខ្សែប្រយុទ្ធ Manchester City, Chelsea និង AC Milan លោក George Weah បានកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសលីបេរីយ៉ា កាលពីថ្ងៃទី១៦ ខែមករា កន្លងមក។ អតីតខ្សែប្រយុទ្ធឆ្នើមវ័យ៥១ឆ្នាំនេះ បានព្យាយាមផ្តល់ប្រឹក្សាដល់ម្ចាស់ពានកីឡាករល្អរបស់អាហ្វ្រិក២សម័យ Drogba ឲ្យចូលធ្វើនយោបាយដើម្បីបម្រើប្រជាជនរបស់គេនៅឆ្នាំនេះតែម្តង។
Drogba មានវ័យ៣៩ឆ្នាំ បច្ចុប្បន្នកំពុងប្រកបអាជីពឲ្យក្លិប Phoenix Rising នៃលីកបាល់ទាត់កំពូលអាមេរិក បានចូលរួមយ៉ាងសកម្មជាមួយនឹងកម្មវិធីសប្បុរសធម៌ រួមទាំងក្នុងប្រ័ពន្ធផ្សព្វផ្សាយសង្គមជាច្រើនទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមការផ្សាយរបស់ Africa News កីឡាករ Drogba បាននិយាយថា គាត់មិនចាប់អារម្មណ៍ក្នុងជីវិតនយោបាយនោះឡើយ។
Drogba បានចាត់ទុកលោក Weah ជាគម្រូរបស់ខ្លួន ប៉ុន្តែកីឡាកររូបនេះ សុខចិត្តជ្រើសរើសផ្លូវជួយប្រទេសជាតិតាមរូបភាពផ្សេង។ បច្ចុប្បន្ន Drogba ក៏ជាសមាជិកក្រុមប្រឹក្សាម្នាក់នៃក្លិប Williamsville Athletic Club (WAC) នៃក្របខណ្ឌកីឡាបាល់ទាត់កំពូលកូតឌីវ័រផងដែរ៕
Tag:
បាល់ទាត់
Didier Drogba
George Weah
© រក្សាសិទ្ធិដោយ thmeythmey.com