ឆ្នាំ​២០១៧ ទេសចរ​ចិន​មក​កម្សាន្ត​ខេត្តសៀមរាប​ជាង ៩១​ម៉ឺន​នាក់​
ជាតិ
ឆ្នាំ​២០១៧ ទេសចរ​ចិន​មក​កម្សាន្ត​ខេត្តសៀមរាប​ជាង ៩១​ម៉ឺន​នាក់​
22, Feb 2018 , 7:59 am        
រូបភាព
​សៀមរាប​៖ ទេសចរ​ជនជាតិ​ចិន ស្ថិតក្នុង​លំដាប់​កំពូល ដែល​មក​ទស្សនា​ខេត្តសៀមរាប​។ របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍​ខេត្ត ជនជាតិ​ចិន​មាន​ចំនួន​ជាង ៩១​ម៉ឺន​នាក់ ដែល​បានធ្វើ​ដំណើរ​មក​កម្សាន្ត​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០១៧​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺថា មានតែ​ទេសចរ​ចិន​តែប៉ុណ្ណោះ​ដែល​កើនឡើង​ខ្លាំង ក្រៅពីនេះ​ទេសចរ​នៅ​ប៉ែក​អឺរ៉ុប ដូចជា​អង់គ្លេស បារាំង និង​អាឡឺម៉ង់​ជាដើម មានការ​ធ្លាក់ចុះ និង​កើនឡើង​បន្តិចបន្តួច​តែប៉ុណ្ណោះ​។



​ឆ្នាំ​២០១៧ ខេត្តសៀមរាប​ទទួល​ទេសចរណ៍​សរុប​ចំនួន ៥,៥៤៣,៤៣៤​នាក់ កើនឡើង ៩.៩៣% ក្នុងនោះ​ទេសចរ​បរទេស​មាន​ចំនួន ២,៤៥៧,២៨២​នាក់ កើនឡើង​ជាង ១១% និង​ទេសចរ​ជាតិ ៣,០៨៦,១៥២​នាក់ កើនឡើង​ជិត ៩%​។ សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​វិញ ក្នុងនោះ​តាមរយៈ​យន្តហោះ​មាន​ចំនួន ៨១.៤០% ផ្លូវគោក ១៨.០៨% និង​តាម​ជើង​ទឹក ០.៥២%​។​

​ទេសចរ​ជនជាតិ​ចិន បាន​ស្ថិតនៅ​លំដាប់​កំពូល​ដែល​មក​កម្សាន្ត​ខេត្តសៀមរាប​ច្រើនជាងគេ​ក្នុង​ឆ្នាំ​២០១៧​។ ចិន​មាន​ចំនួន ៩១០,១០៧​នាក់ កើនឡើង ៣៦.៣៩% លេខ​២ គឺ​ទេសចរ​កូរ៉េ មាន​ចំនួន ២៤៦,៥៣៥​នាក់ ធ្លាក់ចុះ ០.០៣% លេខ​៣ ទេសចរ​ជនជាតិ​អាមេរិក មាន​ចំនួន ២២១,៩៦៦​នាក់ ថយចុះ ជិត​៣០% លេខ​៤ ទេសចរ​អង់គ្លេស មាន​ចំនួន ១៣៨,៩៧២​នាក់ ធ្លាក់ចុះ ជាង​១០% លេខ​៥ ជនជាតិ​ជប៉ុន​មាន​ចំនួន ១២៤,៥៥០​នាក់ កើនឡើង ជាង​១២% លេខ​៦ ទេសចរ​បារាំង មាន​ចំនួន ១០០,៨០០​នាក់ កើនឡើង ១.៦៣% លេខ​៧ អូស្ត្រាលី មាន​ចំនួន ៩២,១៩៤​នាក់ ថយចុះ ០.២០% និង​ទេសចរ​អាឡឺម៉ង់ មាន​ចំនួន ៧៣,៣២៨​នាក់ ថយចុះ ៥.៨៧%​។​

​ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​២០១៨ របស់​មន្ទីរ​ទេស​រណ៍​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​ខេត្តសៀមរាប រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មើលឃើញ​ពី​ការបន្ត​កើនឡើង​ពី​ចំនួន​ទេសចរ​ចិន​នៅ​កម្ពុជា​។ តាម​លោក ថោង ខុន តទៅ​មុខ ទេសចរ​ចិន​នឹងមិន​ថយ​ទេ នាពេលខាងមុខ​។ លោក​រដ្ឋមន្ត្រី​បាន​ចោទ​ជា​សំណួរ​ថា «​តើ​យើង​បាន​ត្រៀមខ្លួន​រួចហើយ​ឬ​នៅ ដើម្បី​បំពេញ​សេវា និង​យកលុយ​ពី​ទេសចរ​ចិន​?»៕


Tag:
 ទេសចរ​ចិន​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com