កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Sevilla ថាក្រុម​លោក​នឹង​តាមបិទ Sanchez ហើយ​រំពឹងថា Pogba អវត្តមាន​នៅ​យប់​នេះ​
21, Feb 2018 , 5:14 pm        
រូបភាព
​អ្នកចាត់ការ​ទូទៅ​រប​ស់ Sevilla លោក Vincenzo Montella បាន​និយាយ​បែប​កំប្លែង​ថា​ក្រុម​របស់លោក​នឹង​ដេញតាម​«​ចង​» Alexis Sanchez ឲ្យ​ជាប់​ក្នុងការ​ប្រកួត​ទល់នឹង Manchester United ពានរង្វាន់ UEFA Champions League ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​រាត្រី​ថ្ងៃ​ពុធ​ទី​២១ ចែ​កុម្ភៈ វេលា​ម៉ោង ២:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី វ័យ​២៩​ឆ្នាំ ទើបតែ​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​ប៉ុណ្ណោះ​ឲ្យ​បិសាច​ក្រហម​ក្នុងការ​បង្ហាញខ្លួន​៥​លើក ចាប់តាំងពី​ចាកចេញ​ពី Arsenal កាលពី​ខែមករា​កន្លងទៅ​។​
Montella បាន​លើកសរសើរ​ពី​អតីត​កីឡាករ Udinese, Barcelona និង Arsenal រូបនេះ​ថា​៖«​ខ្ញុំ​នៅចាំ​គាត់ គាត់​លេង​បានល្អ​ណាស់​កាល​នៅ​អ៊ីតាលី​។ គាត់​បាន​អភិវឌ្ឍ​ការលេង​របស់គាត់​ជាច្រើន​ក្នុង​អាជីព ហើយ​គាត់​ពិតជា​មាន​ល្បឿន​លឿន​ក្នុងការ​ប្រយុទ្ធ​។ ដូច្នេះហើយ ប្រហែលជា​យើង​អាច​ចាក់សោរ​គាត់ ឬ​ត្រូវ​តាម​ចង​គាត់​ទើបបាន​»​។​



​ក្រៅពី Sanchez អតីត​អ្នកចាត់ការ Samdoria និង AC Milan រូបនេះ​ក៏បាន​ព្រួយបារម្ភ​ពី​វត្តមាន​របស់ Pual Pogba ដែរ ដោយ​លោក​សង្ឃឹមថា​ខ្សែបម្រើ​សញ្ជាតិ​បារាំង នឹងមិន​ចូល​លេង​ក្នុងការ​ប្រកួត​យប់​នេះ​ទេ​។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester បាន​ឈានដល់​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់​នៃ​ក្របខណ្ឌ​ពាន​កំពូល​អឺរ៉ុប​នេះ​ចាប់តាំងពី​ឆ្នាំ ២០១៤ មក ខណៈ Sevilla បាន​ធ្លាក់​ចេញ​ក្នុង​វគ្គ​នេះ​ក្រោយ​ចាញ់ Leicester City កាលពី​រដូវ​កាល​មុន​៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Manchester United
  Alexis Sanchez
  Sevilla
  Montella
© រក្សាសិទ្ធិដោយ thmeythmey.com