ជាតិ
៥១ភាគរយ នៃអ្នកជាប់ឃុំ ជាអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន
× បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំជាង២សែនាក់ ដោយក្នុងនោះ អ្នកជាប់ឃុំ ដោយសារបទល្មើសគ្រឿងញៀន មានរហូតទៅដល់ជាង ៥១ភាគរយឯណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
AKP បានចុះផ្សាយពីរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារថា ក្នុងឆ្នាំ២០១៧ អ្នកជាប់ឃុំ បានកើនឡើងជាង៦ពាន់នាក់បន្ថែមទៀត ដែលស្មើនឹង ២៩ភាគរយ បើធៀបនឹង ឆ្នាំ២០១៦។
កន្លងមក មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ បានលើកឡើងថា ពន្ធនាគារនៅកម្ពុជា បានកកស្ទះនិងមានលក្ខណៈចង្អៀត ដោយសារតែអ្នកជាប់ឃុំ ជាពិសេសអ្នកជាប់ឃុំដោយសារបទល្មើសគ្រឿងញៀន បានកើនឡើងជាបន្តបន្ទាប់។
ដើម្បីកាត់បន្ថយការកកស្ទះនេះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឲ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ សិក្សារួមគ្នាពីការអនុវត្តទោសសហគមន៍ សម្រាប់អ្នកដែលប្រព្រឹត្តបទល្មើសស្រាល។ ការស្នើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារនៃអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
AKP បានស្រង់ប្រសាសន៍របស់សម្តេច ស ខេង ទៅចុះផ្សាយយ៉ាងដូច្នេះថា៖«បើការអនុវត្តនេះអាចទៅរួចនោះ វា នឹងកាត់បន្ថយចំនួនអ្នកទោសក្នុងពន្ធនាគារ...។ តែទន្ទឹមនេះ ក៏តម្រូវឲ្យមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែរ ដើម្បីបញ្ចៀស បញ្ហាប្រឈម នៅពេលអនុវត្តទោសសហគមន៍»។
ការអនុវត្តទោសសហគមន៍ គឺជាការអនុញ្ញាតឲ្យអ្នកទោស ដែលប្រព្រឹត្តបទល្មើសស្រាល រស់នៅក្រៅពន្ធនាគារ។ ពួកគេ អាចនឹងត្រូវបានបញ្ជូនឲ្យទៅរស់នៅក្នុងសហគមន៍ណាមួយ ដែលអាចប្រកបមុខរបរចិញ្ចឹមជីវិត។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ ការអនុវត្តទោសសហគមន៍ មិនទាន់កើតមានក្នុងប្រទេសកម្ពុជានៅឡើយទេ៕
Tag:
អ្នកជាប់ឃុំ
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com