អន្តរជាតិ
ឌូទើតេ ហាមកាសែតដែលហ៊ានរិះគន់លោកខ្លាំង ចូលយកព័ត៌មាននៅក្នុងវិមានប្រធានាធិបតី
× ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសកម្មជនសិទ្ធិមនុស្សហ្វីលីពីនបានរិះគន់ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលហាមឃាត់អ្នកសារព័ត៌មាន Rappler ចូលយកព័ត៌មានក្នុងវិមានប្រធានាធិបតី។ កន្លងមកសារព័ត៌មាន Rappler ទិតៀនប្រធានាធិបតីខ្លាំងជាពិសេសសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកតែម្តង។
អ្នកសារព័ត៌មាន Rappler ដែលតែងរិះគន់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ មិនសំចៃមាត់នោះ ត្រូវបានគេហាមមិនឲ្យចូលក្នុងវិមានប្រធានាធិបតីដើម្បីយកព័ត៌មានទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ ខាងក្រុមសិទ្ធិមនុស្សបានចាត់ទុកវិធានការនេះ ជាការគំរាមកំហែងសេរីភាពព័ត៌មានផងដែរ។
ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្តីអ្នកនាំពាក្យប្រធានាធិបតីដែលបកស្រាយពីការហាមឃាត់អ្នកសារព័ត៌មាន Rappler នេះដែរនៅថ្ងៃពុធទី ២១ ខែកុម្ភៈនេះ។
អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បានអះអាងថា ការសម្រេចចិត្តហាមអ្នកកាសែតRappler ចូលយកព័ត៌មាននៅវិមានប្រធានាធិបតីនេះក៏ដោយសារតែសារព័ត៌មាននេះផ្សាយព័ត៌មានខ្វះការពិត ឬនិយាយឲ្យអាក្រក់ស្តាប់ផ្សាយព័ត៌មានក្លែងក្លាយ។ លោកបន្ថែមថា វិធានការនេះគឺហាមពួកគេយកព័ត៌មានរាល់កម្មវិធីរបស់ប្រធានាធិបតី។
កាលពីថ្ងៃអង្គារទី ២០ ខែកុម្ភៈ អ្នកសារព័ត៌មាន Rappler ប្រចាំវិមានប្រធានាធិបតីត្រូវបានកងកម្លាំងសន្តិសុខហាមឃាត់ចូលក្នុងការិយាល័យប្រធានាធិបតី។ បន្ទាប់មកអ្នកកាសែតរូបនេះត្រូវបានអនុញ្ញាតឲ្យស្តាប់សន្និសីទព័ត៌មានរបស់អ្នកនាំពាក្យប្រធានាធិបតី ប៉ុន្តែមិនអាចយកព័ត៌មានពេលប្រធានាធិបតីផ្តល់សុន្ទរកថាឡើយ។
ឆ្លើយតបនឹងការហាមឃាត់នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានហៅចំណាត់ការរបស់រដ្ឋាភិបាលហ្វីលីពីនជាការគំរាមកំហែងសេរីភាពសារព័ត៌មាន។ សកម្មភាពនេះប៉ះពាល់ដល់អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានដែលដើរតួនាទីសំខាន់ក្នុងការឃ្លាំមើលសកម្មភាពរដ្ឋាភិបាលដែលមិនសូវគោរពសិទ្ធិមនុស្សនោះ។
តាមពិតទៅ សារព័ត៌មាន Rappler ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១២នោះមានជម្លោះជាមួយប្រធានាធិបតីយូរគ្រាន់ហើយ។ សារព័ត៌មាននេះមិនដែលរារែកនឹងរិះគន់លោក ឌូតើទេ និង សង្គ្រាមគ្រឿងញៀនដែលឆក់យកជីវិតមនុស្សច្រើនពាន់នាក់ឡើយ។ ម្យ៉ាងការសម្រេចហាមអ្នកកាសែត Rappler ក៏កើតឡើងក្រោយពេលដែលស្ថាប័ននេះប្រឈមនឹងការបិទទ្វារព្រោះខ្លួនរងការចោទប្រកាន់ថាបានបំពានរដ្ឋធម្មនុញ្ញដែលមិនអនុញ្ញាតឲ្យជនបរទេសមានភាគហ៊ុនលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនោះ៕
Tag:
រ៉ូឌ្រីហ្គោ ឌូទើតេ
សិទ្ធិមនុស្ស
Rappler
© រក្សាសិទ្ធិដោយ thmeythmey.com