ជាតិ
លោក សុខ ឥសាន ចំអក​របាយការណ៍​អាមេរិក ដែលថា មេដឹកនាំ​កម្ពុជា និង​ហ្វីលីពីន ជា​អ្នក​គំរាមកំហែង​ប្រជា​ធិ​តេ​យ្យ​
21, Feb 2018 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រធានាធិបតី​ហ្វីលីពីន ឌូ​ទើ​តេ ជាប់​ឈ្មោះ​ជា​មេដឹកនាំ​គំរាមកំហែង នៅក្នុង​របាយការណ៍​វាយតម្លៃ​ការគំរាមកំហែង​ប្រជាធិបតេយ្យ​នៃ​សហគមន៍​ចារកម្ម​អាមេរិក (STATEMENT FOR THE RECORD WORLDWIDE THREAT ASSESSMENT of the US INTELLIGENCE COMMUNITY)​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​របាយការណ៍​អាមេរិក​ដែល​ផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​កន្លងមកនេះ ថា វាយតម្លៃ​ដោយ​គ្មាន​វិជ្ជាជីវៈ និង​លម្អៀង​ផ្នែក​នយោបាយ ក្នុង​គោលបំណង​វាយប្រហារ​មកលើ​សម្ដេច ហ៊ុន សែន​។​



​របាយការណ៍​អាមេរិក មាន​ចំនួន​២៨ ទំព័រ បាន​វាយតម្លៃ​ទៅលើ​ប្រទេស​ច្រើនជាង​១០ ដោយ​ផ្ដោតលើ​បញ្ហា​គំរាមកំហែង​សិទ្ធិមនុស្ស ការបង្ក្រាប​ដោយ​ខុសច្បាប់ និង​រិត​ត្បិត​សិទ្ធិ​បញ្ចេញ រួមទាំង​បញ្ហា​ផ្សេងៗ​ទៀត​។ ក្នុង​របាយការណ៍ ក៏បាន​វាយតម្លៃ​មកលើ​ប្រទេស​ចំនួន​៤ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ក្នុងនោះ​រួមមាន ប្រទេស​ថៃ មី​យ៉ាន់​ម៉ា កម្ពុជា និង​ហ្វីលីពីន​។​

​តាមរយៈ​ការវាយតម្លៃ​របស់​របា​យ​ការណ៍​អាមេរិក​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ហ្វីលីពីន​លោក ឌូ​ទើ​តេ ត្រូវបាន​ចាត់ទុកថា ជា​មេដឹកនាំ​គំរាមកំហែង​ប្រជាធិបតេយ្យ​។ របាយការណ៍​ដដែល បាន​លើក​ទឡ្ហីករណ៍​ពី​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និង​ការប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​របស់​រដ្ឋា​ភិ​បាល​លោក​ឌូ​ទើ​តេ ខណៈ​រដ្ឋាភិបាល​ប្រើប្រាស់​អំណាច ដើម្បី​គំរាមកំហែង​ដល់​អ្នកប្រឆាំង​ខ្លួន​។​

​របាយការណ៍​វាយតម្លៃ​ការគំរាមកំហែង​ប្រជាធិបតេយ្យ​នៃ​សហគមន៍​ចារកម្ម​អាមេរិក ដែល​លើកឡើង​ពី​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច ហ៊ុន សែន នឹង​កៀបសង្កត់​លើ​ស្ថាប័ន​ឯករាជ្យ និង​សង្គម​ស៊ីវិល​។ ហើយ​សម្ដេច ហ៊ុន សែន ជា​អ្នកចាត់ចែង​រដ្ឋាភិបាល និង​ស្ថាប័ន​យុត្តិធម៌ ហើយ​ប្រើ​អំណាច​និង​អំពើហិង្សា​ក្នុង​នយោបាយ ដើម្បី​ធានា​ដល់​ការ​ឈ្នះឆ្នោត​កាន់អំណាច​នៅក្នុង​ឆ្នាំ​២០១៨​។ សម្ដេច ហ៊ុន សែន កំពុង​បំផ្លាញ​ទំនាក់ទំនង​ជាមួយ​ដៃគូ​លោកខាងលិច ហើយ​ងាក​ទៅ​ពឹង​ផ្អែកលើ​គោលនយោបាយ​ក្រុង​បេ​កាំ​ង និង​ការទទួល​ហិរញ្ញ​វ​ត្តុ​គាំទ្រ​ពី​ចិន ដែល​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​ជាមួយ​ចិន​»​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​របាយការណ៍​អាមេរិក​នេះ វាយតម្លៃ​ដោយ​គ្មាន​មូលដ្ឋាន​គ្រិះ និង​លម្អៀង​ផ្នែក​នយោបាយ ក្នុង​គោលបំណង​វាយប្រហារ​មកលើ​សម្ដេច ហ៊ុន សែន ប៉ុណ្ណោះ​។ លោក សុខ ឥសាន បកស្រាយ​ថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល អនុវត្ត​វិធាន​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នកប្រឆាំង​មួយចំនួន​កន្លងមក គឺ​ស្របទៅតាម​ទិដ្ឋភាព​ច្បាប់ ក្នុងទិសដៅ​ទប់ស្កាត់​ចលនា​បះ​បោល និង​បដិវត្ត​ព័ណ៌ ដើម្បី​ការពារ​នីតិរដ្ឋ​ឲ្យ​បាន​រឹងមាំ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សុខ ឥសាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​របាយការណ៍​នេះ​មិន​ផ្អែក​សច្ចៈ​ធម៌​ទេ គ្មាន​វិជ្ជាជីវៈ​អ្វី​ទាំងអស់ គឹ​ផ្អែកលើ​ការ​លម្អៀង​នយោបាយ​។ ការកាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​សម្ដេច គឺ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​ឈ្នះ ។ អំណាច​របស់​សម្ដេច ហ៊ុន សែន នេះ គឺ​តំណាង​ឲ្យ​អំណាច​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី លោក​ត្រូវ​ពង្រឹង​អំណាច​របស់​ប្រជាពលរដ្ឋ ដើម្បី​ដឹកនាំ​និង​គ្រប់គ្រង​ប្រទេស ស្របទៅតាម​គោល​ការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ ហើយ​ជន​ណា​ប្រព្រឹត្ត​បទល្មើស​ច្បាប់ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ ដោយ​មិនមាន​ការគំរាមកំហែង​ពីស​ម្ដេច ហ៊ុន សែន ទេ​»​។​

​សូម​ស្ដាប់​សំឡេង​៖




​កន្លងមក​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​អ្នកវិភាគ​នយោបាយ បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ​កម្ពុជា បន្ទាប់ពី​មានការ​ចាប់ខ្លួន និង​បិទ​ស្ថាប័ន​សង្គម​ស៊ីវិល ដែល​រដ្ឋាភិបាល​អះអាង​ថា ជាការ​អនុវត្ត​ច្បាប់​ទៅលើ​អ្នកប្រព្រឹត្ត​ខុសច្បាប់ ដើម្បី​ការពារ​សុវត្ថិភាព សន្តិភាព និង​នីតិរដ្ឋ​នេះ​។​

​ក្រៅពី​វាយតម្លៃ​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ហ្វីលីពីន​នេះ របាយការណ៍​អាមេរិក ក៏បាន​វាយតម្លៃ​ទៅលើ​បញ្ហា​រៀបចំ​ច្បាប់​ក្នុងប្រទេស​ថៃ និង​បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា នៅ​ប្រទេស​មី​យ៉ាន​ម៉ា ក៏ដូចជា​បញ្ហា​អាវុធ​នុយក្លេអ៊ែរ ក្នុងប្រទេស​កូរ៉េខាងជើង​ជាដើម​៕


Tag:
 ​ហ៊ុន សែន​
  ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com