ជាតិ
ពុករលួយ​៖ កម្ពុជា ជាប់​ចំណាត់​១៦១ ក្នុងចំណោម​១៨០​ប្រទេស​
22, Feb 2018 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ របាយការណ៍​សកល​ទាក់ទង​នឹង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ (The Corruption Perceptions Index ) ដែល​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ (Transparency International Cambodia) នៅ​ថ្ងៃទី​២២ កុម្ភៈ​នេះ បានបង្ហាញ​​ថា កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៦១ ក្នុងចំណោម​១៨០​ប្រទេស ស្មើ​សាធារណៈរដ្ឋ​កុង​ហ្គោ ,​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​តា​ហ្ស៊ី​គី​ស្ថាន​។



​កម្ពុជា​ទទួលបាន​២១ ពិន្ទុ សម្រាប់​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ ឆ្នាំ​២០១៧ ។ ពិន្ទុ​នេះ​មិនមាន​ការផ្លាស់ប្ដូរ​នោះទេ ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ ដែល​បង្ហាញថា កម្ពុជា​នៅតែ​ជា​ប្រទេស​ដែលមាន​កម្រិត​អំពើពុករលួយ​ខ្ពស់ ហើយ​នៅតែ​ឈរ​ក្នុង​ចំណាត់​ថ្នាក់ទាប​បំផុត​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន ។ នេះ​បើតាម​របាយការណ៍​សក​ល​ទាក់ទង​នឹង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​។​

​របាយការណ៍​ដដែល បន្ថែមថា បើទោះបីជា​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ជា​វិជ្ជមាន​ច្រើនក្តី ប៉ុន្តែ​ការ​ខំប្រឹងប្រែង​ទាំងនេះ ហាក់​មិនទាន់​គ្រប់គ្រាន់​ក្នុងការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​ក្រុម​អ្នកជំនាញ និង​អ្នកជំនួញ ពី​ការប្រព្រឹត្ត​ពុករលួយ នៃ​វិស័យ​សាធារណៈ​នៅឡើយ​ទេ​។​

​របាយការណ៍​សកល​ទាក់ទង​នឹង​ស​ន្ទ​ស្សន៍​ឆ្នាំ​២០១៧ នូវែលសេឡង់ ប្រទេស​ដែល​ស្អាតស្អំ​ជាងគេ​លើ​ពិភពលោក បន្ទាប់មកមាន ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ ន័​វែ​ស ស្វី​ស សិង្ហ​បុរី ស៊ុយអែត កាណាដា ហូ​ឡង់ អាល្លឺម៉ង់ លុច​សំបួរ និង​ចក្រភព​អង់គ្លេស​។ ជាមួយគ្នានេះ​ ហ្គី​ណេ ហ្គី​ណេ​ប៊ី​ស្សូ អា​ហ្វ​ហ្គា​នី​ស្ថាន លី​ប៊ី ស៊ូដង់ យេ​មែន ស៊ី​រី កូរ៉េខាងជើង ស៊ូដង់​ខាងត្បូង និង​សូ​ម៉ាលី ជា​ប្រទេស​ដែលមាន​ស្ថានភាព​ពុករលួយ​ខ្លាំងជាងគេ​។​

​កាលពី​ឆ្នាំ​២០១៧ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​១៥៦ ក្នុងចំណោម​១៧៦​ប្រទេស​។ ចំណែក​ឆ្នាំ​២០១៥ កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៥០ ក្នុងចំណោម​១៦៨ ប្រទេស ស្មើ​ប៊ូ​រុន​ឌី និង​ស៊ីម​បា​វ៉េ  និង​ឆ្នាំ​២០១៤ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៥៦ ស្មើ​មី​យ៉ាន់​ម៉ា និង​ស៊ីម​បា​វ៉េ​ក្នុងចំណោម​១៧៥​ប្រទេស​៕


Tag:
 ពុករលួយ​
 ​ កម្ពុជា​
  ស​ន្ទ​ស្សន៍
 TI
© រក្សាសិទ្ធិដោយ thmeythmey.com