អត្ថបទពាណិជ្ជកម្ម
បេះដូង គោម​ផ្កាយ និង​ផ្កាម្លិះ​ការ​រចនា​ថ្មី​នៅលើ​កំប៉ុង​កូ​កា​-​កូ​ឡា សម្រាប់​អបអរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ
22, Feb 2018 , 10:48 am        
រូបភាព
​​​កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​បញ្ចេញ​ការ​រចនា​កំប៉ុង​ថ្មី​សម្រាប់​ជូន​ជា​កាដូ​ដ៏​មានតម្លៃ និង​មាន​អត្ថន័យ​ដល់​អតិថិជន​ក្នុងការ​ចែករំលែក​ពេលវេលា​ល្អៗ​ភាពសប្បាយ​រីករាយ និង​សុភមង្គល​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ​។ ការ​រចនា​កំប៉ុង​ស្នាដៃ​សិល្បៈ​ថ្មី ទាំងអស់​មាន ៣​ម៉ូដ ដោយ​ការ​រចនា​នីមួយៗ​បង្ហាញ​ពី​និមិត្តសញ្ញា​រចនាបថ (​ស្ទីល​) និង​អត្ថន័យ ៣ ផ្សេងៗ​គ្នា ដែល​បាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង ផ្ចិតផ្ចង់ និង​យកចិត្តទុកដាក់​ជាទីបំផុត​ពី​សិល្បករ​ខ្មែរ ៤​រូប​។ ស្នាដៃ​សិល្បៈ ទាំងនោះ​រួមមាន​៖ បេះដូង គោម​ផ្កាយ និង​ផ្កាម្លិះ​។

​ចង់ដឹង​អត្ថន័យ​របស់​រូប​នៅលើ​កំប៉ុង​ថ្មី​របស់​កូកាកូឡា​មាន​អត្ថន័យ​យ៉ាងណា​សូម​អាច​កិច្ចសម្ភាសន៍​ខាងក្រោម​៖

​លោក សន ករុណា ជា​អ្នក រចនា​រូប​គោម​ផ្កាយ “​តំណាង​ឲ្យ​ជូនពរជ័យ​សិរី​មង្គល​”


 
​លោក ករុណា មាន​អាយុ ២៣​ឆ្នាំ​។ លោក​ទើបតែ​បញ្ចប់​ការសិក្សា​ផ្នែក Interior Design នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។ លោក​មាន​ជំនាញ​ខាង​គំនូរ​ប្រពៃណី​ខ្មែរ និង​គំនូរ doodle​។ ស្នាដៃ​សិល្បៈ​របស់លោក ករុណា ដែល​បានដាក់​តាំងនៅ​តាម​ជញ្ជាំង ហាង​កាហ្វេ ហាង​ទំនិញ ការិយាល័យ និង​ភោជនីយដ្ឋាន​នានា​។​

​សំនួរ : តើ​កត្តា​អ្វីដែល​ជំរុញ​លោក​ឲ្យ​មានគំនិត​នេះ​? ហើយ​តើ​លោក​រចនា​វា​ដោយ​របៀប​ណា​?
​លោក ករុណា​: ស្របទៅនឹង​ប្រធានបទ​ដើម្បី​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា គឺ «​ការ ថែរក្សា ឬ​ការយកចិត្តទុកដាក់​» ការ​បំផុសគំនិត​សម្រាប់​ការ​រចនា​នេះ​គឺ​ផ្អែកទៅលើ​គោម​រូប​ផ្កាយ​ដែលមាន​ប្រជាប្រិយភាព និង​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល ឆ្នាំ​ខ្មែរ​។ ខ្ញុំ​បាន​រចនា​វា​ឡើង ក្នុង​គោលបំណង​ដើម្បី​បង្ហាញឱ្យឃើញ​នូវ​ក្បាច់​ភ្ញីទេស​របស់​ខ្មែរ​(​ភាគច្រើន​ឃើញ​មាន​នៅតាម​ជញ្ជាំង​ប្រាសាទ​) និង​បញ្ចូល​វា​ជាមួយ កូ​កា​-​កូ​ឡា ដើម្បី​ទទួល​អំណរ បុណ្យចូលឆ្នាំថ្មី​។ ស្នាដៃ​សិល្បៈ​នេះ​គឺជា​ការច្នៃប្រឌិត​របស់​ខ្មែរ​សុទ្ធសាធ​។​

​សំនួរ : តើ​និមិត្តសញ្ញា​នីមួយៗ​មាន​សារសំខាន់​យ៉ាងណា​ចំពោះ​បុណ្យចូលឆ្នាំ​ខ្មែរ​?
​លោក ករុណា​: បុណ្យចូលឆ្នាំ​ខ្មែរ​មានន័យថា ការចាប់ផ្តើម​ថ្ងៃ​ថ្មី ពេលវេលា​ថ្មី និង​ជោគជ័យ​ថ្មី​របស់​ប្រជាជន​កម្ពុជា​។ ក្នុងឱកាស​នេះ យើង​តែងតែ​ជូនពរ​គ្នា​ឲ្យ​ជួបតែ​សំណាងល្អ និង​ជោគជ័យ​ពេញ​មួយឆ្នាំ​។ នៅក្នុង​ការ​រចនា​នេះ ក្បាច់​ភ្ញីទេស​របស់​ខ្មែរ បង្កប់​នូវ​អត្ថន័យ​នៃ​ភាពរស់រវើក ភាព​សមសួន និង​ភាពស្មោះត្រង់​។ ដៃ​បង្ហាញ​កាយវិការ​នៃ​ការជូន​ពរជ័យ​ជាមួយ​ដប កូ​កា​-​កូ​ឡា ស្ថិតនៅ​ចំ​កណ្តាល​។ យើង​បង្ហាញ​ដល់​អ្នក​គ្រប់គ្នា​ឲ្យ​បានដឹងថា ក្រុមហ៊ុន កូ​កា​-​កូ​ឡា សូម​ជូនពរ​ដល់​បង​ប្អូន​ខ្មែរ​គ្រប់គ្នា​ឲ្យ​ជួបប្រទះ​តែ​សំណាងល្អ និង​ភាពជោគជ័យ​ថ្មីៗ​បន្ថែមទៀត​នៅក្នុង​ឆ្នាំនេះ​។​

​សំនួរ : តើ​លោក​រចនា​វា​ដោយ​ប្រើ​អស់​រយៈពេល​ប៉ុន្មាន​ដែរ​?
​លោក ករុណា​: ទាំង​ការ​រិះរក​គំនិត ការ​រចនា និង​ការអភិវឌ្ឍ​នៃ​ស្នាដៃ​សិល្បៈ​នេះ ខ្ញុំ​បាន​ចំណាយពេល​ជិត​២ សប្តាហ៍​ដើម្បី​បញ្ចប់​កិច្ចការងារ​នេះ​។ វា​គឺជា​គម្រោង​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​មួយ​ដែល​ក្នុងនាម​ខ្ញុំ​ជា​សិល្បករ​ម្នាក់​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ហើយ​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ និង​ចែករំលែក​នូវ​ស្នាដៃ​ប្រពៃណី​ខ្មែរក្រោម​ប្រធានបទ «​ការថែរក្សា ឬ​ការយកចិត្តទុកដាក់​» នេះ​ដើម្បី​ចូល​រូ​ម​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ​នៅ​ឆ្នាំនេះ​ផងដែរ​។​

​លោក ចាន់ សំអន អ្នក​រចនា រូប​បេះដូង "​តំណាង​ឲ្យ​សេចក្តីស្រឡាញ់​”


 
​លោក សំអន មាន​អាយុ ៣១​ឆ្នាំ លោក​បានបញ្ចប់​ការសិក្សា​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ជំនាញ​ខាង​គំនូរ​។ ការងារ​របស់គាត់ ភាគច្រើន​ត្រូវបាន​ប្រើ​នៅក្នុង​វិស័យ​ផ្សាយពាណិជ្ជកម្ម និង​ទំនាក់ទំនង ដូចជា​៖ ប្រក្រតិទិន ខិត្តប័ណ្ណ ផ្ទាំង​រូបភាព និង​ផ្ទាំង​ប៉ាណូ ជាដើម​។​

​សំនួរ : តើ​កត្តា​អ្វីដែល​ជំរុញ​លោក​ឲ្យ​មានគំនិត​នេះ​? ហើយ​តើ​លោក​រចនា​វា​ដោយ​របៀប​ណា​?
​លោក សំអន​: អ្វីដែល​បំផុសគំនិត​ខ្ញុំ​ក្នុង​ការបង្កើត​ស្នាដៃ​សិល្បៈ​នេះ​គឺ​គំនិត​នៃ «​សេចក្តីស្រឡាញ់​» ។ សេចក្ដីស្រឡាញ់ មាន​ភាពទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ចំណង​គ្រួសារ ។ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ     ប្រជាជន​ខ្មែរ​នឹងធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​ចំណាយពេល​ជួបជុំ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​។ ទង្វើ​បង្ហាញ​ពី​សេចក្តីស្រឡាញ់​នេះ នឹងធ្វើ​ឲ្យ​មនុស្ស​កាន់​តែមាន​ភាពជិតស្និទ្ធ​រវាង​គ្នា​នឹង​គ្នា​។ ជាមួយនឹង​គំនិត​នេះ ខ្ញុំ​បានសម្រេច​ចិត្ត​បង្កើត​វា​ជា​រាង​បេះដូង​ចេញពី​ដៃ​អប្សរា​។ អប្សរា គឺជា​លក្ខណៈ​ដ៏​ល្អ​ឯក និង​មានតែ​មួយគត់​នៅ​ប្រទេស​កម្ពុជា ហើយ​ដើម្បី ភ្ជាប់​ជាមួយនឹង​គំនិត​នៃ «​សេចក្តីស្រឡាញ់​» ខ្ញុំ​ក៏បាន​បង្កើត​វា​ឡើងជា​រាង​បេះដូង​នេះ​។ ដៃស្តាំ​តំណាង​ឲ្យ​ផ្លែឈើ ហើយ​ដៃ​ឆ្វេង​តំណាង​ឲ្យ​ស្លឹក​។ ដោយ​រួមបញ្ចូល​គ្នា​ជាមួយ​ក្បាច់​ភ្ញីទេស ស្នាដៃ​សិល្បៈ​នេះ​តំណាង​ឲ្យ​ភាព​ចម្រុងចម្រើន​រុងរឿង​។ គំនិត​នេះ បានអនុញ្ញាត​ឱ្យ​ខ្ញុំ​អាចបង្កើត​ការ​រចនា​នេះ​ឡើង ដោយ​ផ្អែកលើ​ប្រធានបទ​ឆ្នាំ​ថ្មី​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា នៅ​ឆ្នាំនេះ ។ ទាំងនេះ វា​ជាការ «​បង្ហាញ​ពី​ទង្វើ​នៃ​ការថែរក្សា និង​ការយកចិត្តទុកដាក់​ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​»​។​

​សំនួរ : តើ​និមិត្តសញ្ញា​នីមួយៗ​មាន​សារសំខាន់​យ៉ាងណា​ចំពោះ​បុណ្យចូលឆ្នាំ​ខ្មែរ​?
​លោក សំអន​: ស្នាដៃ​សិល្បៈ​ដែល​ខ្ញុំ​បាន​បង្កើតឡើង​នេះ តំណាង​ឲ្យ​សេចក្តីស្រឡាញ់ និង​ការរីកចម្រើន​ជាមួយ​ដៃ​អប្សរា​មាន​រាង​បេះដូង​។ ក្តី​ស្រឡាញ់ និង ការរីកចម្រើន គឺមាន​សារសំខាន់​ណាស់​សម្រាប់ ប្រជាជន​កម្ពុជា ហើយ​បង្ហាញថា​យើង​គួរ​សប្បាយរីករាយ​នា​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​។ ប្រសិនបើ​យើង​មើល​លើ​ដៃ វា​គឺជា​របាំ​ព្រះរាជ​ទ្រព្យ ដែលជា​ការ​រាំ​ដើម្បី​ថ្វាយព្រះពរ ឬ​ជូនពរ​។ ដូច្នេះ​ដៃ​អប្សរា​រួមផ្សំ​ជាមួយ​ក្បាច់​ភ្ញីទេស​រួមគ្នា​ក្នុង​រូបភាព​មួយ​នោះ​មានន័យថា ការជូន​ពរជ័យ និង​សុភមង្គល​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។​

​សំនួរ : តើ​លោក​រចនា​វា​ដោយ​ប្រើ​អស់​រយៈពេល​ប៉ុន្មាន​ដែរ​?
​លោក សំអន​: ខ្ញុំ​ចំណាយពេល​ជាង​មួយខែ​ដើម្បី​បង្កើត​ការ​រចនា​នេះ​។ ខ្ញុំ​បាន​ផ្តោត​សំខាន់​លើ​ភាព​លម្អិត​និង​អត្តសញ្ញាណ​នៃ​ស្នាដៃ​សិល្បៈ​របស់ខ្ញុំ ដូច្នេះហើយ​ទើប​យើង​អាច​ទទួល​បានការ​រចនា​ដ៏​ល្អឥតខ្ចោះ​បែបនេះ​។​

​កញ្ញា ម៉ម លី​សា និង​លោក PEAP TARR អ្នក​រចនា​រូប​ផ្កាម្លិះ “​តំណាង​ឲ្យ​ការចែករំលែក​សំណាង និង​ភាព​រីករាយ​”


 
​កញ្ញា លី​សា គឺជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​បង្អស់​ដែលមាន​ជំនាញ​ជា​អ្នក​រចនា​គំនូរ​លើ​ជញ្ជាំង​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​កម្ពុជា ដែល​បានបង្ហាញ​ស្នាដៃ​របស់ខ្លួន​ទាំង​ក្នុង​នឹង​ក្រៅប្រទេស ហើយ​និង​លោក Peap បាន​បង្កើត​ស្នាដៃ​បែប​សិល្បៈ​ឲ្យ Black Grace Dance Theatre ក្នុងប្រទេស     នូ​វែ​ល​សេ​ឡង់ សម្រាប់​ការសម្តែង​នៅក្នុង​កម្មវិធី​គម្រប់​ខួប ២០​ឆ្នាំ របស់ Black Grace ដែលមាន​ចំណងជើង​ថា SIVA​។

​សំនួរ : តើ​កត្តា​អ្វីដែល​ជំរុញ​កញ្ញា​ឲ្យ​មានគំនិត​នេះ​? ហើយ​តើ​កញ្ញា​រចនា​វា​ដោយ​របៀប​ណា​?
​កញ្ញា លី​សា​: ឆ្នាំនេះ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ចង់​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឱ្យ​បង្ហាញ​ពី​ការថែរក្សា និង​យក ចិត្ត​ទុកដាក់​រវាង​គ្នា​ទៅវិញទៅមក​ក្នុងការ​ឱកាស​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ​។ ការ​ប្រារព្ធ​ពិធី​នេះ នាំមក​នូវ​ក្ដី​រីករាយ និង​សុភមង្គល​ដល់ ប្រជាជន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។ ដូច្នេះ ការ​បំផុសគំនិត​របស់​យើង​គឺ​ផ្អែកលើ​ការ​រចនា​ផ្កាម្លិះ​។ យើង​បានរួម​បញ្ចូល​គ្នា​នូវ​ការ​រចនា បែប​ប្រពៃណី​ខ្មែរ​របស់​យើង​ជាមួយនិង​ប្រធានបទ​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ដោយ​បង្កើតបានជា ផ្កាម្លិះ​រីក​សុះសាយ​ក្លិនពិដោរ​ឈ្ងុយ​ឈ្ងប់ ដែល​បង្កើតជា ដប កូ​កា​-​កូ​ឡា​។​

​សំនួរ : តើ​និមិត្តសញ្ញា​នីមួយៗ​មាន​សារសំខាន់​យ៉ាងណា​ចំពោះ​បុណ្យចូលឆ្នាំ​ខ្មែរ​?
​កញ្ញា លី​សា​: ផ្កាម្លិះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ​។ វា​ជា​រូបតំណាង​នាំឱ្យ​ភាព​បរិសុទ្ធ សំណាង និង​ភាពរុងរឿង​ដល់​ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ​ពេញ​មួយឆ្នាំ​។ វា​ក៏​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ការ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី និង​ដើម្បី​ចែករំលែក​សុភមង្គល​ពេញ​មួយឆ្នាំ​ផងដែរ​។ ជាមួយនឹង​ការ​រចនា​របស់​យើង យើង​ចង់​ឲ្យ​គ្រប់គ្នា​នឹកឃើញ​ដល់​រូបតំណាង​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​នា​ឆ្នាំនេះ​។​

​សំនួរ : តើ​កញ្ញា​រចនា​វា​ដោយ​ប្រើ​អស់​រយៈពេល​ប៉ុន្មាន​ដែរ​?
​កញ្ញា លី​សា​: ទាំង​ខ្ញុំ និង​លោក PEAP TARR បាន​ផ្លាស់ប្តូរ​គំនិត​គ្នា និង​បាន​រចនា​ស្នាដៃ​សិល្បៈ​ចំនួន​ពីរ ឬ​បី​ដែរ​។ ដំបូង​ពួកយើង គិតថា​នឹងធ្វើ​វា​ឲ្យ​មាន​លក្ខណៈ​ស្មុគស្មាញ​បន្តិច ប៉ុន្តែ​នៅ​ទីបំផុត យើង​ក៏​នឹក​ឃើញថា​យើង​ត្រូវតែ​រចនា​វា​តាមបែប​សាមញ្ញៗ​វិញ ដើម្បី​ឲ្យ​វា​មើលទៅ​សម​ល្អ​នៅលើ​កំប៉ុង កូ​កា​-​កូ​ឡា ។  វា​មាន​ឧបសគ្គ​តិចតួច ពេល​បង្កើត​ស្នាដៃ​នេះ​ព្រោះ​កន្លងមក​ពួកយើង​ធ្លាប់តែ​មានបទពិសោធន៍​ច្រើន​គូររូប​ធំៗ​នៅលើ​ជញ្ជាំង​ដ៏​ធំ តែ​នៅពេលនេះ វា​ពិតជា​ធ្វើឱ្យ​ពួកយើង​ចាប់អារម្មណ៍ និង​ពេញចិត្ត​មែនទែន​ក្នុងការ​បង្កើត​ស្នាដៃ​សិល្បៈ​នៅលើ​ទីតាំង​តូច​មួយ​បែបនេះ​។ យើង​បាន​ចំណាយពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ដើម្បី​ធ្វើ​កិច្ចការងារ​នេះ​ឲ្យ​ចប់​រួចរាល់​។​

​ក្រុមហ៊ុន កូ​កា​-​កូ​ឡា មានការ​ជឿជាក់​យ៉ាងខ្លាំង​លើ​សមត្ថភាព និង​ភាព​ច្នៃប្រឌិត​របស់​យុវជន​ខ្មែរ​ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​សិល្បករ​ខ្មែរ ៤ រូប ដ៏​មាន​ទេពកោសល្យ និង​ជំនាញ​ដើម្បី​រចនា​កំប៉ុង កូ​កា​-​កូ​ឡា​។ ស្នាដៃ​សិល្បៈ​នេះ​បង្ហាញ​ពី​និមិត្តសញ្ញា រចនាបថ (​ស្ទីល​) និង​អត្ថន័យ​ខុសៗ​គ្នា​។ ស្នាដៃ​នេះ​ក៏មាន​បំណង​ក្នុងការ​រំលេច​ឡើង និង​លើកកម្ពស់​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង​សម្បូរបែប​របស់​ខ្មែរ និង​ជាការ​ជំរុញ​ឲ្យ​អតិថិជន​បាន​ចែករំលែក​ពេលវេលា​នៃ​ភាពសប្បាយ​រីករាយ​ជាមួយគ្នា​ក្នុងឱកាស​ឆ្នាំ​ថ្មី​។





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com