ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​អ្វីខ្លះ​ដែល​នាំ​ឲ្យ​អ្នក​ចេះតែ​ក្អក​ជាប់​មិន​ឈប់​អ៊ីចឹង​?
23, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​ក្អក ជាពិសេស​ក្អក​ជាប់​ច្រើន​សប្តាហ៍​មិន​បាត់ វា​ប្រហែល​ជាមាន​ហេតុផល​ណាមួយ​នៅ​ពីក្រោយ​រឿងនេះ​ដែល​ត្រូវ​ស្វែងយល់​ហើយ​។ វា​អាច​បណ្តាលមកពី​ការ​ជំងឺ​ផ្តាសាយ អា​ឡែ​ហ្ស៊ី បញ្ហា​រំលាយ​អាហារ ឬ​ជំងឺ​ផង​។ ភាគច្រើន រឿងនេះ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​នោះទេ តែ​សញ្ញា​ខ្លះ​អាច​ប្រាប់​អ្នក​ឲ្យ​ដឹងថា ពេលណា​ដែល​អ្នក​គួរ​បារម្ភ​។



​មាន​អ្វីមួយ​នៅក្នុង​ខ្យល់អាកាស
​ខ្យល់​ដេ​ល​មានការ​បំពុល​ដោយសារ​ធាតុគីមី​ដូចជា សុល​ភួ​ឌីអុកស៊ីត ឬ​ណៃ​ទ្រិ​ច​អុកស៊ីត​អាចធ្វើ​ឲ្យ​មនុស្ស​យើង​ក្អក​បាន​។ ផ្សិត និង​ធូលី​ដី​ក៏​អ៊ីចឹង​ដែរ​។ ការប្រើប្រាស់​ឧបករណ៍​ចម្រោះ​ខ្យល់អាកាស ឬ​ពាក់​មាស់​នៅមុខ​អាចជា​រឿង​ល្អ​នៅពេល​អ្នកចេញ​ទៅខាង​ក្រៅ​ម្តងៗ​។

​ជំងឺ​ផ្តាសាយ​

​ជំងឺ​នេះ​បណ្តាលមកពី​វីរុស​ដែល​ជ្រៀតចូល​ទៅក្នុង​មាត់ ភ្នែគ ឬ​ច្រមុះ​ដោយសារតែ​ដំណក់ទឹក​មេរោគ​ក្នុង​ខ្យល់អាកាស​។ អ្នក​អាច​ឆ្លង​ជំងឺ​នេះ​ពី​អ្នកជំងឺ​ដែល​បាន​ក្អក ឬ​កណ្តាស ឬ​ប៉ះពាល់​ពួកគេ​។ ទោះបីជា​យ៉ាងណាក៏ដោយ ជំងឺ​ផ្តាសាយ​ច្រើនតែ​បាត់ទៅ​វិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ តែ​ចូរ​ទៅ​ជួប​ពេទ្យ​ភ្លាម​បើសិនជា​ជំងឺ​នេះ​បង្ក​រោគសញ្ញា​ធ្ងន់ធ្ងរ ឬ​កើតឡើង​យូរ​ជាង​ពីរ​សប្តាហ៍​។

​ការហូរ​ទឹកសម្បោរ​នៅក្រោយ​បំពង់ករ​
​នៅពេល​រាងកាយ​មាន​សម្បោរ​ច្រើនពេក វា​អាច​យូរ​ចេញពី​ច្រមុះ​ចូលទៅក្នុង​បំពង់ករ និង​បង្ក​ជាការ​ក្អក​បាន​។ មានរឿង​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​មាន​ករណីនេះ​កើតឡើង​ដូចជា ការបង្ក​រោគ ឬ​អា​ឡែ​ហ្ស៊ី​តែម្តង​។ ការព្យាបាល​របស់​អ្នក​គឺ​អាស្រ័យ​ទៅ​អ្វីដែល​បង្កបញ្ហា​។ ឧទាហរណ៍ បើសិនជា​អ្នកមាន​ការបង្ក​រោគ គ្រូពេទ្យ​អាច​នឹង​ឲ្យ​អ្នក​ប្រើ​ថ្នាំ​ផ្សះ​។ អា​ឡែ​ហ្ស៊ី​អាច​គ្រប់គ្រង​បាន​ជាមួយនឹង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ ការ​លេបថ្នាំ ឬ​ការចាក់​ថ្នាំ​ប្រឆាំង​អា​ឡែ​ហ្ស៊ី​ជាដើម​។​

​ជំងឺហឺត​
​រឿងនេះ​កើតឡើង​នៅពេល​ផ្លូវដង្ហើម​រួម​តូច និង​ហើម​។ វា​អាចធ្វើ​ឲ្យ​អ្នកជំងឺ​ពិបាក​ដកដង្ហើម និង​ក្អកមាន​ស្លេស្ម​យ៉ាងច្រើន​។ រឿ​ដែល​នាំ​ឲ្យ​មានការ​ធ្វើទុក្ខ​បែបនេះ​មានដូចជា ប៉ះពាល់​នឹង​លម្អងផ្កា ធូលី​ដី ផ្សែង​បារី ការហាត់​ប្រាណ ខ្យល់​ត្រជាក់ ជំងឺ​ផ្តាសាយ និង​ស្ត្រេ​ស​។

​ជំងឺ​រលាក​ទងសួត​ស្រួចស្រាវ​
​ការបង្ក​រោគ​មួយ​ទៅលើ​បំពង់ករ ច្រមុះ សួត នឹងធ្វើ​ឲ្យ​មានការ​រលាក​ដល់​ទង​សួត​ថែមទៀត​ផងដែរ​។ វា​ច្រើនតែ​ស្រួលបួល​មកវិញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ប៉ុន្តែ​អ្នក​ប្រហែលជា​អាច​ក្អក​ដែរ​រហូតដល់​មាន​ស្លេស្មខាប់​ពីរ​សប្តាហ៍​ឯណោះ​ដែរ​។ បើសិនជា​រឿងនេះ​មិន​បាត់​ទៅវិញ​ទេ ឬ​ចេះតែ​បន្ត​កើតឡើង​ជាប់​រហូត អ្នក​ប្រហែលជា​អាចមាន​បញ្ហា​រលាក​ទង​សួត​រ៉ាំរ៉ៃ​ហើយ​។​

​ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​
​រឿងនេះ​អាចធ្វើ​ឲ្យ​បំពង់​អាហារ​ដែល​ត​ភ្ជាប់​ពី​បំពង់ករ​ទៅ​ក្រពះ​មានការ​រលាក​បាន ហើយក៏​ពិបាក​នឹង​លេប​អាហារ​ដែរ​។ វា​ក៏​អាចធ្វើ​ឲ្យ​មានការ​ក្អក​ស្ងួត​កើតឡើង​ទៀត​។ អ្នក​ច្រើនតែ​អាច​គ្រប់គ្រងរឿង​នេះ​ជាមួយនឹង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ ​បើសិនជា​ករណី​ធ្ងន់ធ្ងរ អ្នក​ប្រហែលជា​ត្រូវការ​ទៅ​ជួប​ពេទ្យ ឬ​វះកាត់​ផង​។

​ជំងឺ​រលាក​សួត​
​នៅពេល​បាក់តេរី ឬ​វីរុស ឬ​មេរោគ​ផ្សិត​ធ្វើ​ការបង្ក​រោគ​នៅ​សួត វា​អាចធ្វើ​ឲ្យ​ថង់​ទងសួត​ពោរពេញ​ទៅដោយ​ទឹក ឬ​ខ្ទុះ​បាន​។ រឿងនេះ​នឹងធ្វើ​ឲ្យ​ក្អកមាន​ស្លេស្មខាប់​។ អ្នក​ក៏​ទំនងជា​ក្តៅខ្លួន គ្រុន និង​ពិបាក​ដកដង្ហើម​ផងដែរ​។ ការព្យាបាល​គឺ​ត្រូវ​ការប្រើ​ថ្នាំ​ផ្សះ ថ្នាំ​ក្អក និង​ថ្នាំ​បំបាត់​ការ​ក្តៅខ្លួន និង​ឈឺចាប់​។

​ការ​គេង​បាត់​ដង្ហើម​
​ការ​ស្រមុក​គឺជា​រោគសញ្ញា​ញឹក​ញ៉ាប់​មួយ​នៃ​ជំងឺ​គេង​បាត់​ដង្ហើម ប៉ុន្តែ​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា វា​ក៏​ធ្វើ​ឲ្យ​អ្នក​ក្អក​ដែរ​នៅពេល​ភ្ញាក់​ពី​គេង​។ វា​កើតឡើង​នៅពេលដែល​សាច់ដុំ​នៅ​បំពង់ករ​សម្រាក​ក្នុងពេល​គេង ហើយ​ផ្លូវដង្ហើម​បិត​ជិត​និង​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម​។ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឲ្យ​ប្រើ​ម៉ា​ស៊ីត​ដើម្បី​បន្ត​ឲ្យ​មាន​សម្ពាធ​ខ្យល់​ដង្ហើម​វិជ្ជមាន​បន្ថែមទៀត ប៉ុន្តែ​អ្នកខ្លះ​ទាល់តែ​វះកាត់​ទៀត​អាច​ព្យាបាល​បាន​។

​ការប្រើ​ថ្នាំ​ព្យាបាល​
​ថ្នាំ​ប្រភេទ ACE Inhibitors ដែល​ប្រើ​សម្រាប់​ព្យាបាល​ការ​លើស​សម្ពាធ​ឈាម ច្រើន​តែមាន​ប្រសិទ្ធ​ភាពល្អ តែមាន​ផល​រំខាន​តិចតួច​ដែរ​។ អ្នក​ប្រើ​ថ្នាំ​នេះ​មាន​ម្នាក់​ក្នុងចំណោម ៥​នាក់​មាន​ផល​រំខាន​ជាការ​ក្អក​។ បើសិនជា​រឿងនេះ​កើតឡើង​ចំពោះ​អ្នក ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រើប្រាស់​ថ្នាំ​ផ្សេង​វិញ​។

​ខ្សោយបេះដូង​
​រឿងនេះ​កើតឡើង​នៅពេល​សរសៃឈាម​អាក់ទែ​រួម​តូច លើស​សម្ពាធ​ឈាម ឬ​មាន​ជំងឺ​ផ្សេង​មួយទៀត​ដែល​ធ្វើ​ឲ្យ​បេះដូង​មានការ​លំបាក់​ក្នុងការ​ច្របាច់​ឈាម​។ រោគសញ្ញា​មួយ​របស់​ជំងឺ​នេះ​គឺជា​ការ​ក្អក ដែលមាន​កំហាក​ជា​ពណ៌​ស ឬ​ផ្កាឈូក ពពុះៗ​។ ការប្រើ​ថ្នាំ និង​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដូចជា ការហាត់​ប្រាណ ពង្រឹង​របប​អាហារ ឬ​សម្រក​ទម្ងន់​អាចជួយ​ដោះស្រាយ​រឿងនេះ​បាន​។

​ជំងឺមហារីក​សួត​
​ការ​ក្អក ជាពិសេស​ក្អក​ធ្លាក់ឈាម អាចជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​សួត​ហើយ​។ ប៉ុន្តែ​ការប្រែប្រួល​លើ​ការ​ក្អក​រយៈពេល​យូរ ឬ​ក្អក​ដោយសារ​ជក់បារី​ក៏​អាចជា​សញ្ញា​ទាក់ទង​ផងដែរ ជាមួយនឹង​ការឈឺ​ទ្រូង ឈឺក្បាល ដកដង្ហើម​លឺ​ដូច​ហួច និង​ពិបាក​ដកដង្ហើម​។ ការព្យាបាល​ជំងឺ​នេះ​អាចមាន​ការបាញ់​កាំរស្មី ប្រើ​ថ្នាំ​មហារីក និង​វះកាត់​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com