ជាតិ
សម្ដេច ហ៊ុន សែន៖ ត្រកូល«ហ៊ុន» មានល្អ និងអាក្រក់ ហើយអ្នកប្រព្រឹត្តអាក្រក់ត្រូវចូលគុក
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា ត្រកូល«ហ៊ុន» មិនអាចឲ្យអ្នកណាមើលងាយ ឬចង់កម្ចាត់ចោលនោះទេ ។ តែមិនមែនមានន័យថា សម្ដេច ហ៊ុន សែន ការពារសែស្រឡាយត្រកូល«ហ៊ុន»ទាំងអស់ឡើយ។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល បាននិយាយថា ត្រកូល«ហ៊ុន» មានមនុស្សល្អ និងអាក្រក់ ប៉ុន្តែអ្នកដែលប្រព្រឹត្តអាក្រក់នោះ សម្ដេច បញ្ជាឲ្យអនុវត្តដាក់ទោសតាមច្បាប់។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជាង១ម៉ឺននាក់ នៅតំបន់វត្តទឹកថ្លា កាលពីថ្ងៃទី២១ កុម្ភៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ដូច្នេះថា៖«អ្នកធ្វើខុស (ត្រកូល ហ៊ុន) យកវាទៅអនុវត្តតាមច្បាប់។ អ្នកណាប្រើឈ្មោះត្រកូល«ហ៊ុន» យកទៅបំពានច្បាប់ គឺត្រូវអនុវត្តច្បាប់ដូចគ្នា។ ច្បាប់គ្មានការលើកលែងដល់ត្រកូលណាទាំងអស់»។
សូមស្ដាប់សំឡេង៖
កាលពីចុងឆ្នាំ២០១៧ សមត្ថកិច្ច បានបង្ក្រាបសង្វៀនជល់មាន់២កន្លែងស្ថិតនៅខេត្តកណ្ដាល និងខេត្តតាកែវ ដែលមានម្ចាស់តែមួយឈ្មោះ ថៃ ដានី ហៅ ម៉ាប់ ហើយត្រូវបានគេស្គាល់ថា ជាក្មួយប្រសារសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ថៃ ដានី បានប្រគល់ខ្លួនឲ្យសមត្ថកិច្ច ក្រោយពីមានបញ្ជាពីនាយករដ្ឋមន្ត្រីឲ្យតាមចាប់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com