ជាតិ
កម្ពុជា នឹង​ជួយ​រក​ធាតុ​ទាហាន​អាមេរិក​វិញ​ភា្ល​ម បើ​អាមេរិក​ឈប់​រឹតត្បិត​ទិដ្ឋាការ
22, Feb 2018 , 8:19 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា (កណ្តាល) ស្ថិតក្នុងជំនួបជាមួយគណៈប្រតិភូអាមេរិក កាលពីថ្ងៃទី២0 ខែកុម្ភៈ ឆ្នាំ២0១៨។ រូបភាពពីក្រសួងការបរទេសកម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា (កណ្តាល) ស្ថិតក្នុងជំនួបជាមួយគណៈប្រតិភូអាមេរិក កាលពីថ្ងៃទី២0 ខែកុម្ភៈ ឆ្នាំ២0១៨។ រូបភាពពីក្រសួងការបរទេសកម្ពុជា
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា នឹង​ចាប់ផ្តើម​កិច្ចសហការ​សាជាថ្មី ក្នុងការ​ស្វែង​អដ្ឋិធាតុ​ទាហាន​អាមេរិក នៅពេលណា​អាមេរិក សម្រេច​ដក​ការ​រឹតត្បិត​ទិដ្ឋាការ​។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ប្រាប់​គណៈប្រតិភូ​អាមេរិក ដែល​ដឹកនាំ​ដោយ​លោក Rodney Frelinghuysen យ៉ាង​ដូច្នេះ ក្នុងជំនួប​នៅ​ថ្ងៃទី​២0 ខែកុម្ភៈ ឆ្នាំ​២0១៨​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ស្តីពី​ជំនួប​ខាងលើ លោក ប្រាក់ សុខុន បានលើកឡើង​នៅ​ចំពោះមុខ​គណៈប្រតិភូ​អាមេរិក​ថា វា ជា​រឿង​មិន​សមស្រប ដែល​រដ្ឋាភិបាល​កម្ពុជា បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពេញលេញ​លើ​ការស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក តែ​បែរជា​រដ្ឋាភិបាល​រដ្ឋ​មេ​រិ​ក ដាក់​សម្ពាធ​មកលើ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​កម្ពុ​ជា តាមរយៈ​ការ​រឹតបន្តឹង​ទិដ្ឋាការ​ទៅវិញ​។ 

​សម្តី​របស់​ប្រមុខ​ការទូត​កម្ពុជា ត្រូវបាន​ស្រង់​យកទៅ​សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន យ៉ាង​ដូច្នេះ​ថា​៖«​ការសម្រេច​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ចសហប្រតិបត្តិការ​ខាងលើ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការសម្រេច ដែល​មិនមាន​ហេតុផល​ត្រឹមត្រូវ ក្នុងការ​រឹតត្បិត​ទិដ្ឋាការ​មកលើ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​»​។

​ជាការ​ឆ្លើយតប លោក Rodney Frelinghuysen ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​និង​បែងចែក​ថវិកា​នៃ​រដ្ឋសភា​អាមេរិក ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​សម្តែង​ការដឹក​គុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ​នៃ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា​។ លោក Rodney Frelinghuysen បានបញ្ជាក់​ពី​បំណង​អាមេរិក ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​នេះ​ឡើងវិញ​។ លើសពីនេះ លោក បាន​លើកឡើងថា អាមេរិក ក៏​ចង់​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ផ្សេងៗ​ទៀត​ដែរ ដូចជា​យោធា និង​សកម្មភាព​សម្អាត​មីន​ជាដើម​។

​លោក ប្រាក់ សុខុន បាន​អរគុណ​អាមេរិក ដែល​បាន​បន្ត​ផ្តល់ជំនួយ​លើ​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​។​

​ចំណែកឯ ការបញ្ជូន​ពលរដ្ឋ​កម្ពុជា ពី​អាមេរិក មក​កម្ពុជា​វិញ ក៏ត្រូវ​បាន​លើក​ទៅ​ពិភាក្សា​ក្នុងជំនួប​នោះដែរ​។ លោក ប្រាក់ សុខុន ប្រាប់​គណៈប្រតិភូ​អាមេរិក​ថា រដ្ឋាភិបាល​កម្ពុជា មាន​សុ​ឆន្ទៈ​ក្នុងការ​ទទួលយក​ពល​រដ្ឋ​កម្ពុជា ដែល​អាមេរិក​សម្រេច​បញ្ជូនមក​កម្ពុជា​វិញ​។​

​ទាំង​ប្រមុខ​ការ​ទូ​កម្ពុជា​និង​គណៈប្រតិភូ​អាមេរិក សុទ្ធតែ​បង្ហាញ​បំណង​ដូចគ្នា​ថា ប្រទេស​ទាំងពីរ​ចង់​រក្សា​ទំនាក់​ទំ​ង​ល្អ​ជាមួយគ្នា​។ 

​គួររម្លឹកថា ក្រោយ​ការចាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ និង​ការរំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​នេះ សហរដ្ឋអាមេរិក ក៏បាន​រឹតបន្តឹង​ក្នុងការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​រដ្ឋាភិបាល​កម្ពុជា​។ បន្ថែម​ពីនេះ សហរដ្ឋ​មេ​រិ​ក ក៏បាន​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​មក​កម្ពុជា​ដែរ​។ សហភាព​អឺរ៉ុប បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​ការដាក់​សម្ពាធ​និង​ទណ្ឌកម្ម​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ ប្រទេស​ធំៗ​ទាំងពីរ​នេះ នឹងមិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ឡើយ បើ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​ប្រកួតប្រជែង ហើយ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​។​

​ក្រៅពី​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប ការ​ថ្កោលទោស​ពី​បណ្តា​អង្គការ​និង​សហគមន៍​អន្តរជាតិ​ផ្សេងៗ​ទៀត បាន​ធ្លាក់​មក​រដ្ឋាភិបាល​កម្ពុ​ជា​ជា​បន្តបន្ទាប់​។ យ៉ាងណាក៏ដោយ សហគមន៍​អន្តរជាតិ​ទាំងនោះ មិនទាន់​ដាក់ទណ្ឌកម្ម​ជាក់ស្តែង​មកលើ​រដ្ឋាភិបាល​កម្ពុជា ដូច​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​នោះទេ​៕

Tag:
 ​កម្ពុជា​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com