កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​ខេត្ត​ព្រះសីហនុ មិនសូវមាន​ជនជាតិ​ចិន​ចូលរួម​ឡើយ​
22, Feb 2018 , 9:39 pm        
រូបភាព
សកម្មភាពរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអង្គរកាលពីពេលកន្លងទៅ
សកម្មភាពរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអង្គរកាលពីពេលកន្លងទៅ
ដោយ:
​គិត​ត្រឹម​ថ្ងៃទី​២២ កុម្ភៈ មាន​អត្ត​ព​លិ​កជាង​១​ពាន់​នាក់​មកពី​ជាង​២០​ប្រទេស បាន​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​លើក​ទី​៧ នា​ថ្ងៃទី​១១ ខែមីនា នៅ​ខេត្ត​ព្រះសីហនុ​។ ក្នុងចំណោម​អត្ត​ព​លិ​ក​បរទេស​ជិត​២០០​នាក់ ជប៉ុន​មាន​ចំនួន​ច្រើនជាង ខណៈ​អាមេរិក​និង​អង់គ្លេស​ឈរ​លេខ​រៀង​ជា​បន្តបន្ទាប់​។ ចំនួន​អ្នកចូលរួម​អាចមាន​ការប្រែប្រួល ព្រោះ​ការចុះឈ្មោះ​នឹង​បន្ត​រហូត​ជិត​ដល់​ថ្ងៃ​ប្រកួត​។ អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​៣​វិញ្ញាសា គឺ​២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។



​អត្ត​ព​លិ​ក​ជនជាតិ​ជប៉ុន​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុងចំណោម​អត្ត​ព​លិ​ក​បរទេស​ជិត​២០០​នាក់​ដែល​បាន​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​លើក​ទី​៧​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ជនជាតិ​អាមេរិក និង​អង់គ្លេស​ឈរ​លេខ​រៀង​ជា​បន្តបន្ទាប់​។ ព្រះសីហនុ ជា​ខេត្ត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ត​យ៉ាងខ្លាំង​ពី​បញ្ហា​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​ចិន​។ ចុះ​ហេតុអ្វី​ជប៉ុន​ឈរ​លំដាប់​លេខ​១​នៃ​ចំនួន​អ្នករត់​នៅ​ខេត្ត​ព្រះសីហនុ​? នេះ​ជា​សំណួរ​ដែល​អ្នកសារព័ត៌មាន​លើក​ជា​ចម្ងល់​។​



​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​បញ្ចេញ​ជា​ទស្សន​ថា កំណើន​ជនជាតិ​ចិន​យ៉ាងគំហុក​មកកាន់​ខេត្ត​ព្រះសីហនុ​ភាគច្រើន​ជា​អ្នកជំនួញ និង​អ្នក​លេងល្បែង ខណៈ​អ្នក​ទេសចរណ៍​មាន​ចំនួន​តិចតួច​បំផុត​។ «​តាមពិត​កំណើន​ជនជាតិ​មកកាន់​ខេត្ត​ព្រះសីហនុ​មាន​គោលដៅ​ផ្សេង​ពី​ជនជាតិ​ដទៃទៀត ពួកគេ​ភាគច្រើន​មកលេង​ល្បែង និង​ចូល​កាស៊ីណូ​។ ចំណែក​អ្នក​មក​បែប​ទេសចរណ៍​មាន​ចំនួន​តិច​ណាស់​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។



​ជាមួយគ្នានេះ លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​យល់ឃើញថា កង្វះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​ចិន អាចជា​ហេតុ​នាំ​ឲ្យ​ខ្សត់​ចំនួន​ជនជាតិ​ចិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ព្រោះ​ជនជាតិ​ចិន​ភាគច្រើន​មិនសូវ​ចេះ​និយាយ​ភាសា​អង់គ្លេស​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរត់​ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ អគ្គលេខាធិការ NOCC លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២២ កុម្ភៈ អត្ត​ពិ​កជាង​១,២០០​នាក់​មកពី​២៨​ប្រទេស​បាន​ចុះឈ្មោះ​រត់​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​នេះ​។ ក្នុងចំណោម​អត្ត​ពលិ​ក​ទាំងនេះ អត្ត​ព​លិ​ក​កម្ពុ​ជាមាន​ចំនួន​ជាង​១​ពាន់​នាក់ និង​បរទេស​ជិត​២០០​នាក់​។

​អគ្គលេខាធិការ​រូបនេះ​បាន​បន្តថា ចំនួន​អ្នកចូលរួម​នេះ​មានការ​កើនឡើង​តិចតួច​បំផុត​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ បញ្ហា​នេះ អាច​បណ្តាលមកពី​កង្វះ​ជើងហោះហើរ​ត្រង់​ពី​ក្រៅប្រទេស និង​កង្វះ​មធ្យោបាយ​ត​ភ្ជាប់​ពី​បណ្តា​ខេត្ត​ផ្សេងៗ​។ ម្យ៉ាងទៀត ដោយសារ​ខែ​នេះ​ជា​រដូវ​មិនសូវ​សម្បូរ​ភ្ញៀវ​ទេសចរណ៍​។​

​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ មីនា ឆ្នាំ​២០១៨ ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នេះ​ធ្វើឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​។ ម្យ៉ាង​ដើម្បី​បំផុស និង​ផ្សព្វផ្សាយ​ពី​វិធាន​ការការពារ​ឆ្នេរ​ដ៏​ស្រស់​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា និង​ស្វែងរក​មូលនិធិ​បម្រើ​ឲ្យ​អំពើ​មនុស្សធម៌​
 
​អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​៣​វិញ្ញាសា​រួមមាន​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​, ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។ សម្រាប់​ការចុះឈ្មោះ​រត់​២១​គីឡូម៉ែត្រ​បរទេស​៤៥​ដុល្លារ ខណៈ​កម្ពុជា​១៥​ដុល្លា រីឯ​ចម្ងាយ​១០​គីឡូម៉ែត្រ​បរទេស​៣៥​ដុល្លារ កម្ពុជា​១០​ដុល្លារ និង​ចម្ងាយ​៣​គីឡូម៉ែត្រ​បរទេស​២៥​ដុល្លារ កម្ពុជា​៥​ដុល្លារ​។ ការចុះឈ្មោះ​នឹង​បិទ​មុន​១​ថ្ងៃ​នៃ​ការប្រកួត​៕ 

 

Tag:
 ​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​
  វ៉ា​ត់ ចំរើន​
  សែម ផល្លា​
© រក្សាសិទ្ធិដោយ thmeythmey.com