អន្តរជាតិ
កូរ៉េខាងជើង​បញ្ជូន​អតីត​មេ​ចារកម្ម​ចូលរួម​ពិធី​បិទ​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​
22, Feb 2018 , 4:59 pm        
រូបភាព
លោក Kim Yong-chol អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ (រូបភាព៖ AFP)
លោក Kim Yong-chol អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ (រូបភាព៖ AFP)
​កូរ៉េខាងជើង នឹង​បញ្ជូន​ប្រតិភូ​ជាន់ខ្ពស់​មួយក្រុមទៀត​ចូលរួម​កម្មវិធី​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​។ នេះ​បើតាម​ការប្រកាស​នៃ​ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​។ ប្រតិភូ​កូរ៉េខាងជើង​នឹង​ដឹកនាំ​ដោយ​លោក Kim Yong-chol មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​ពលករ​កូរ៉េ ដែល​ជាប់​សង្ស័យ​នឹង​ករណី​វាយប្រហារ​លើក​ប៉ាល់​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០១០ ។ មន្ត្រី​កូរ៉េខាងជើង​ក៏​នឹង​ជួប​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ដែរ​។



​លោក Kim Yong-chol អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ នឹង​ដឹកនាំ​ប្រតិភូ​មួយក្រុម​មាន​សមាជិក​៨​នាក់​ដើម្បី​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​រយៈពេល​បី​ថ្ងៃ និង​ចូលរួម​កម្មវិធី​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ព្យុង​ឆាង​។ មន្ត្រី​កូរ៉េខាងត្បូង​និយាយ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ថា ប្រតិភូ​កូរ៉េខាងជើង នឹង​ទៅដល់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ដោយ​ធ្វើដំណើរ​តាមផ្លូវ​គោក ឆ្លងកាត់​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​

​ក្រៅពី​តំណែង​អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិម លោក Kim Yong-chol ដែលជា​ឧ​ត្ត​ម​សេនីយ៍​ដែរនោះ ជា​ប្រធាន​រណសិរ្ស​រួបរួម​ទទួលបន្ទុក​ទំនាក់ទំនង​អន្តរ​កូរ៉េ និង​ជា​អតីត​ប្រធានការិយាល័យ​ឈ្លប​ការណ៍​ផង​។ លោក​ត្រូវបាន​សង្ស័យថា នៅ​ពីក្រោយ​ការ​ប្រហារ​ចំនួន​ពីរលើក​នៅ​ឆ្នាំ​២០១០ គឺ​ការវាយប្រហារ​កប៉ាល់​ទ័ពជើងទឹក​កូរ៉េខាងត្បូង​ដែល​សម្លាប់​ទាហាន​៤៦​នាក់ និង​ការវាយប្រហារ​កាំភ្លើង​ធំ​ដាក់​កោះ​មួយ​របស់​កូរ៉េខាងត្បូង​ដែល​សម្លាប់​មនុស្ស​បួន​នាក់​។          

​ដោយសារ​រ​រឿងនេះ មន្ត្រី​កូរ៉េខាងជើង​រូបនេះ​ក៏ត្រូវ​បាន​ក្រុង​សេ​អ៊ូ​ល​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ក្នុង​ឆ្នាំ​២០១០ និង​បញ្ជីខ្មៅ​របស់​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ ។ មន្ត្រី​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​និយាយថា ការយល់ព្រម​ទទួល​លោក Kim Yong-chol គឺ​ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​អូឡាំពិក​ធ្វើឡើង​ដោយ​រលូន​។ ឯ​លោក Ri Son Gwon ដែល​អមដំណើរ​លោក គីម យ៉ុង​ណា​ម ពេល​បើក​កម្មវិធី​នេះ ក៏​ចូលរួម​ពិធី​បិទ​នៅ​ទីក្រុង​ព្យុង​ឆាង​ដែរ​។

​ក្រុង​សេ​អ៊ូ​ល​ត្រូវបាន​ផ្អាក​ទណ្ឌកម្ម​ឯកតោភាគី​របស់ខ្លួន​សិន ទើប​លោក Kim Yong-chol អាច​ជាន់​ទឹកដី​កូរ៉េខាងត្បូង​។ គម្រោង​ទស្សនកិច្ច​របស់​មន្ត្រី​កូរ៉េខាងជើង​រូបនេះ ធ្វើ​ឲ្យ​បក្សប្រឆាំង​ដ៏​ធំ​របស់​កូរ៉េខាងត្បូង​ជំទាស់​ជាខ្លាំង​។ អ្នកនាំពាក្យ​បក្ស​កូរ៉េ​សេរី​លោក Kim Yong-chol បានដាក់​លក្ខខណ្ឌ​ឲ្យ​លោក មូ​ន ចេ​អ៊ី​ន ទាមទារ​ឲ្យ​លោក Kim Yong-chol លុតជង្គង់​ចំពោះមុខ​ប្រជាជន ឬក៏​មិនអាច​ដាក់​ជើង​លើដី​កូរ៉េខាងត្បូង​បានជា​ដាច់ខាត​។​

​ដោយឡែក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ វិញ​ក៏បាន​បញ្ជូន​កូនស្រី អ៊ី​វ៉ាន់​កា ត្រាំ ឲ្យ​ចូលរួម​កម្មវិធី​បិទ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។ លោកស្រី ត្រាំ នឹង​ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​កូរ៉េខាងត្បូង ដោយ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​។ ប្រតិភូ​អាមេរិក នឹងចូលរួម​ពិធី​អាហារ​ពេល​ល្ងាច​រៀបចំ​ដោយ​លោក មូ​ន តែ​មិនទាន់​គម្រោង​ជួប​ប្រតិភូ​កូរ៉េខាងជើង​ឡើយ​។ កាលពី​អំឡុង​កម្មវិធី​បើក ប្រតិភូ​អាមេរិក និង​កូរ៉េខាងជើង​មាន​គម្រោង​ជួបគ្នា​សម្ងាត់ តែ​ក៏​លុបចោល​វិញ​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com