ជាតិ
អាហារូបករណ៍ល្បីៗជាង៥០ នឹងបង្ហាញវត្តមានក្នុងពិព័រណ៍អាហារូបករណ៍អន្តរជាតិ
× ភ្នំពេញ៖ កម្មវិធីពិព័រណ៌អាហារូបករណ៍អន្តរជាតិ នឹងនាំយកអាហារូបករណ៍ធំៗចំនួន ៥០ អាហារូបករណ៍ ដែលមាននៅលើពិភពលោក មកបង្ហាញជូនដល់សិស្ស និស្សិត និងសាធារណជនទូទៅ ពីការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស។ ពិព័រណ៍អាហារូបករណ៍អន្តរជាតិនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ មីនា នាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាខាងត្បូងឯករាជ្យ។
នេះជាលើកទី១ ដែលសមាគមអតីតនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា រៀបចំពិព័រណ៍អាហារូបករណ៍អន្តរជាតិឆ្នាំ២០១៨ (International Scholarship Fair 2018)។ ពិព័រណ៍អាហារូបករណ៍អន្តរជាតិនេះ រៀបចំឡើងដើម្បីជំរុញដល់សិស្ស និស្សិត និងសាធារណជន ឲ្យចូលរួមដាក់ពាក្យ និងស្វែងយល់ពីវិធីសាស្ត្រទទួលបានអាហារូបករណ៍សិក្សានៅបរទេស។
ក្នុងពិព័រណ៍អាហារូបករណ៍អន្តរជាតិនេះ នឹងមានការបែងចែកជាបន្ទប់ធ្វើបទបង្ហាញទៅតាមប្រភេទអាហារូបករណ៍នីមួយៗដល់អ្នកចូលរួម។ អាហារូបករណ៍ទាំងនោះ ជាអាហារូបករណ៍សម្រាប់សិក្សានៅប្រទេសអាមេរិក, ចិន, អូស្ត្រាលី និងអង់គ្លេសជាដើម។
លោក យ៉ាន ឧត្តម ប្រធានសមាគមអតីតនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានប្រាប់ឲ្យដឹងថា ក្នុងពិព័រណ៍អាហារូបករណ៍អន្តរជាតិនេះ នឹងមានអាហារូបករណ៍ចំនួន ៥០ នៅលើពិភពលោក។ លោក យ៉ាន ឧត្តម បន្ថែមថា ក្នុងពិព័រណ៍នេះ មានការធ្វើបទបង្ហាញពីវាគ្មិន ដែលជាអ្នកផ្តល់អាហារូបករណ៍ អ្នកសម្របសម្រួល និងជ័យលាភីទទួលបានអាហារូបករណ៍នៅបរទេសផងដែរ។
ប្រធានសមាគមអតីតនិស្សិតរូបនេះ បញ្ជាក់ថា អាហារូបករណ៍ជាង ៥០ខាងលើ មានគ្រប់ប្រភេទទាំងកម្រិតវិទ្យាល័យ បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។ សូមបញ្ជាក់ថា សម្រាប់តម្លៃសំបុត្រចូលរួមក្នុងពិព័រណ៍អាហារូបករណ៍អន្តរជាតិនេះ មានតម្លៃ ១ម៉ឺនរៀល ដោយកំណត់ចំនួនអ្នកចូលរួមប្រមាណ ២៥០០នាក់៕
Tag:
អាហារូបករណ៍
អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com