ជាតិ
កម្មករសំណង់​ម្នាក់​ជាប់គុក​អស់​២​ឆ្នាំ ដោយសារ​សមត្ថកិច្ច​ចាប់​ច្រឡំ​
23, Feb 2018 , 10:56 am        
រូបភាព
ប្រភពរូបថត កោះសន្តិភាព
ប្រភពរូបថត កោះសន្តិភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​ជាប់គុក​២​ឆ្នាំ ដោយសារ​សមត្ថកិច្ច​ចាប់​ច្រឡំ​»​។ រឿងរ៉ាវ​នេះ បាន​កើតឡើង​ចំពោះ​បុរស​ម្នាក់​មានឈ្មោះ ប៉ាត់ តុល ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដោយ​សង្ស័យថា​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​កាលពី​ឆ្នាំ​២០១៦ ហើយ​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​។



​កាលពី​ខែមករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព នៅសល់តែ​គ្រោងឆ្អឹង​និង​សម្លៀកបំពាក់ ស្ថិតក្នុង​ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​ប្លន់​សម្លាប់​។ ក្រោយពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៉ាត់ តុល ហើយ​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស ជាប់ពន្ធនាគារអស់រយៈពេល​២​ឆ្នាំមក​ហើយ មុននឹង​បន្ត​ស៊ើបអង្កេត​លើ​ករណី​ដដែល​នេះ ដោយ​កំណត់​បាន​អត្តសញ្ញាណ​ជនល្មើស​ថ្មី​២​នាក់ ដែលជា​ឃាតករ​ពិតប្រាកដ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​កោះសន្តិភាព​។​

​កាសែត​កោះសន្តិភាព បាន​បន្ថែមថា ជនល្មើស​ពិតប្រាកដ​ទាំងពីរ​នាក់​នេះ មានឈ្មោះ យឺន ចន្ទី ហៅ ទី និង​ឈ្មោះ ឆាយ ផា​រុត ទើប​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ទីតាំង​ផ្សេងគ្នា​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តតាកែវ កាលពី​ថ្ងៃ​១៤ កុម្ភៈ ឆ្នាំ​២០១៨ ។

​ក្រោយ​ការសាកសួរ​ជនសង្ស័យ​ទាំងពីរ​នេះ បាន​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ជាមួយគ្នា​សម្លាប់​ឈ្មោះ សេង ប៊ុនលី ដើម្បី​ប្លន់​យក​ម៉ូតូ​មួយគ្រឿង កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុងព្រៃ​ឫស្សី ក្នុងស្រុក​កណ្តាលស្ទឹង​ពិតប្រាកដ​មែន​។ ហើយ​ជនសង្ស័យ​ទាំងពីរ បាន​បកស្រាយ​បន្ថែមថា ឈ្មោះ ប៉ាត់ តុល  មុខរបរ​កម្មករសំណង់ ដែល​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​២​ឆ្នាំ​កន្លងមកនេះ ពុំបាន​ចូលរួម​ធ្វើ​សកម្មភាព​ក្នុង​អំពើ​ឃាតកម្ម​ខាងលើ​នោះទេ ។ នេះ​បើតាម​កោះសន្តិភាព ដែល​បាន​ស្រង់​ចម្លើយសារភាព​របស់​ឃាតករ​ពិតប្រាកដ​ខាងលើ​។​

​តែ​យ៉ាងណា​ឈ្មោះ ប៉ាត់ តុល ដែល​ត្រូវ​ចាប់​ដាក់គុក​ជំនួស​ជនសង្ស័យ​ទាំងពីរ​ខាងលើនេះ តាំងតែ​ពី​ដើមឆ្នាំ​២០១៦​មក នៅ​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​សិន ដោយ​រង់ចាំ​ការសម្រេច​ជាថ្មី​របស់​តុលាការ​ខេត្តកណ្តាល ។ ប៉ុន្តែ​អ្វីដែល​មហាជន ដាក់​ជា​ចម្ងល់​នោះ​ត្រង់​ថា តើ​ជនរងគ្រោះ​ឈ្មោះ ប៉ាត់ តុល ដែល​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ ដោយសារ​សមត្ថកិច្ច​ចាប់ខ្លួន​ច្រឡំ​នេះ នឹង​ទទួលបាន​ការដោះស្រាយ ឬ​សំណង​ផ្លូវចិត្ត​បែបណា​ពី​ការសម្រេច​របស់​តុលាការ​?


Tag:
 ឃាតកម្ម​
 ​ ពន្ធនាគារ​
© រក្សាសិទ្ធិដោយ thmeythmey.com