ជាតិ
រុស្ស៊ី និងកម្ពុជា សហការគ្នា ដើម្បីប្រឆាំងនឹងភេរវកម្ម លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាប់ដៃជាមួយលោក អីលីយ៉ា ស៊ើហ្គេរ លេខាទីមួយនៃស្ថានទូតរុស្សីប្រចាំនៅកម្ពុជា
× ភ្នំពេញ៖ រុស្ស៊ី សន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសការរួមគ្នាទប់ស្កាត់ និងប្រឆាំងអំពើភេរវកម្ម។ លោក អីលីយ៉ា ស៊ើហ្គេរ (Ilya Sergeer) លេខាទីមួយនៃស្ថានទូតរុស្សីប្រចាំនៅកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ ក្នុងជំនួបជាមួយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងជំនួបនោះ លោក អីលីយ៉ា ស៊ើហ្គេរ បានប្រាប់លោក នេត សាវឿនថា នាពេលខាងមុខ រុស្ស៊ី នឹងបញ្ជូននគរបាលជាន់ខ្ពស់របស់ខ្លួន មកបណ្តុះបណ្តាលជំនាញដល់នគរបាលកម្ពុជា។ គេហទំព័រនៃអគ្គស្នងការនគរបាលជាតិ បានចុះផ្សាយយ៉ាងដូច្នេះ៖«លោក អីលីយ៉ា ស៊ើហ្គេរ បានលើកឡើងថា រុស្ស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការផ្លាស់ប្តូរព័ត៌មានចារកម្ម ដើម្បីទប់ស្កាត់ ប្រឆាំងភេរវកម្មជាមួយកម្ពុជា និងដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរបទពិសោធជាមួយគ្នា ឲ្យបានញឹកញាប់បន្ថែមទៀត»។
ក្រៅពីភិភាក្សាពីការប្រឆាំងនឹងអំពើភេរវកម្ម លោក អីលីយ៉ា ស៊ើហ្គេរ ក៏បានស្នើឲ្យលោក នេត សាវឿន បង្កើនកិច្ចសហការ និងការពារដល់ជនជាតិរុស្ស៊ី ដែលរស់នៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតបនឹងលោក អីលីយ៉ា ស៊ើហ្គេរ លោក នេត សាវឿន បានស្នើឲ្យរុស្ស៊ី បញ្ជូនគ្រូជំនាញ មកបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា ឬក៏បញ្ជូននគរបាលជាតិកម្ពុជា ឲ្យទៅសិក្សានៅប្រទេសរុស្ស៊ី៕
Tag:
កម្ពុជា
រុស្ស៊ី
ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com