ជាតិ
អា​បេ ប្រាប់​សម្តេច ហ៊ុន សែន​៖ ជប៉ុន បន្ត​សហការ​ជាមួយ​កម្ពុជា ក្នុង​ការរក្សា​សន្តិភាព​
23, Feb 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ផ្ញើ​សារលិខិត​មួយ មកកាន់​សម្តេច ហ៊ុន សែន  នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​អបអរសាទរ​ខួប​អនុ​វស្សា​វ​រី​យ៍​៦៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ ក្នុង​សារលិខិត​នោះ លោក ស៊ិន​ហ្សូ អា​បេ សន្យា​ជាមួយ​សម្តេច ហ៊ុន សែន ថា ប្រទេស​ជប៉ុន នឹង​បន្ត​សហការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​ដល់​សន្តិភាព និង​វិបុលភាព ក្នុង​តំបន់ រួមទាំង​នៅលើ​ពិភពលោក​។



​លោក ស៊ិន​ហ្សូ អា​បេ បន្ថែមថា ក្នុង​រយៈពេល​៦៥​ឆ្នាំ​មកនេះ ទំនាក់​ទំ​ងរ​វាង​ប្រទេស​ជប៉ុន​និង​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង​។ លោក បានបញ្ជាក់​ក្នុង​សារលិខិត ដែល​ត្រូវបាន​បកប្រែ​ជា​សា​ភា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​មិត្តភាព​និង​ទំនុកចិត្ត ត្រូវបាន​កសាងឡើងរ​វាង​ប្រទេស​យើង​ទាំងពីរ តាម​ការ​រយៈ​កា​ចាប់ដៃគ្នា បោះជំហាន​រួមគ្នា ឈានដល់​ការសម្រេចបាន​នូវ​សន្តិភាព ការកសាង​ប្រទេស​ឡើងវិញ និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​»​។​

​ក្រៅពី​លោក ស៊ិន​ហ្សូ អា​បេ លោក  តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ក៏បាន​ផ្ញើ​សារលិខិត មកកាន់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ផងដែរ​។ ក្នុង​សារលិខិត​ដោយឡែក​នេះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​សរសើរ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ប៉ុន្តែ​ឆ្លៀត​និយាយ​ពី​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ ខាងមុខនេះ​។

​លោក តា​រ៉ូ កូ​ណូ បានបញ្ជាក់​ក្នុង​សារលិខិត ដែល​ផ្ញើជូន​លោក ប្រាក់ សុខុន បែបនេះ​ថា​៖«​ក្នុងនាម​ជា​មិត្តភក្តិ ដែល​តែងតែ​ជួយ​គាំទ្រ​ចំពោះ​ការកសាង និង​ស្តារឡើងវិញ ដោយ​ឈរលើ​មូលដ្ឋាន​ប្រជាធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា ប្រទេស​ជប៉ុន សង្ឃឹមថា ប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំនេះ ក្នុង​របៀប​មួយ ដែល​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​របស់​ប្រជាជន ដើម្បី​ឲ្យ​មានការ​រៀបចំ​ប្រព័ន្ធ ដែល​ជំរុញ​ការរីកចម្រើន​របស់​ប្រទេសជាតិ ឲ្យ​កាន់តែ​រឹងមាំ និង​ប្រកបដោយ​សាមគ្គីភាព​ក្នុងចំណោម​ប្រជាជន​ទាំងមូល ហើយ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​»​។​

​គេ សង្កេតឃើញថា ប្រទេស​ជប៉ុន នៅតែ​បន្ត​សហការ​និង​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដដែល ទោះជា​ប្រទេស​កម្ពុជា រង​ការរិះគន់​ផ្ទួនៗ​ពី​សហគមន៍​អន្តរជាតិ ព្រោះតែ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការចាប់​លោក កឹម សុខា ដាក់​ព​ន្ធា​នាគារ ក៏ដោយ​។ ប៉ុន្មាន​ថ្ងៃមុន ជប៉ុន ទើបនឹង​ផ្តល់​ហិប​ឆ្នោត​១​ម៉ឺន​៥​ពាន់ ដែលមាន​តម្លៃ​ប្រមាណ​៧​លាន​ដុល្លារ ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨​។

​ដោយសារតែ​យល់ថា​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ធ្លាក់ចុះ សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប បាន​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​។ ប្រទេស​ធំៗ​ទាំងពីរ​នេះ នឹងមិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ឡើយ បើ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​ប្រកួតប្រជែង ហើយ​លោក កឹម សុខា ដែលជា​ប្រធាន​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ មិន​ត្រូវបាន​ដោះលែង​៕


Tag:
 ស៊ិន​ហ្សូ អា​បេ​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com