ជាតិ
សម្ដេច ហ៊ុន សែន ហាម​អភិបាល​រាជធានី​-​ខេត្ត យក​ថវិកា​គម្រោង ទៅ​ទិញ​រថយន្ត​ជិះ
23, Feb 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាម​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់ យក​ថវិកា​គម្រោង​ដែល​រដ្ឋាភិបាល​ទម្លាក់​ឲ្យ​ប្រើប្រាស់​អភិវឌ្ឍន៍​មូលដ្ឋាន ទៅ​ទិញ​រថយន្ត ឬ​សម្ភារ​ប្រើប្រាស​ផ្ទាល់ខ្លួន​នោះទេ​។



​សម្ដេច ហ៊ុន សែន បាន​រម្លឹកថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជូន​ថវិកា​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំង​៣​កម្រិត ជាង​៤៣០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ក្នុង​មូលដ្ឋាន ឲ្យ​ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល ហើយ​ថវិកា​នេះ ក៏​មិនមែន​សម្រាប់​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ទុក​កេងប្រវ័ញ្ច​ទិញ​រថយន្ត​ជិះ​ឡើយ​។​

​បើតាម​សារព័ត៌មាន​Fresh News ស្រង់​សម្តី​សម្ដេច​ដូច្នេះ​៖ «​អស់លោក​ដែលជា​ចៅហ្វាយខេត្ត ក៏​មិនមែន​ឆន្ទានុសិទ្ធិ ផ្ទេរ​ពី​គម្រោង​ធ្វើ​ប្រឡាយទឹក ធ្វើ​អណ្ដូង​ទឹកស្អាត ជួសជុល​ផ្លូវ ដែល​បញ្ជូន​ឲ្យ​ថ្នាក់ក្រោម​ជាតិ​ប្រើប្រាស់​នោះ បែ​ជា​បង្វែរ​ទៅ​ទិញ​មធ្យោបាយ​បម្រើ​ឲ្យ​ភាព​ស៊ី​វិ​ល័យ​របស់ខ្លួន​ទេ​…​។ ខ្ញុំ​សូម​ឲ្យ​ប្រយ័ត្ន​ណា ពាក្យ​ដែលថា​ថវិកា​ប្រមាណ​ជាង ៤៣០​លាន​ដុល្លារ ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំង​៣​ថ្នាក់ ដើម្បី​ចាត់ចែង​ប្រើប្រាស់​ដោយ ឆន្ទានុសិទ្ធិ ប្រយ័ត្ន​ពាក្យ​ឆន្ទានុសិទ្ធិ​។ ឆន្ទានុសិទ្ធិ អត់​ផ្ទេរ​យកទៅ​ជិះឡាន​សិន ព្រោះ​ចៅហ្វាយខេត្ត ឬ​ចៅហ្វាយស្រុក​ខ្វះ​ឡាន​ជិះ អត់​ទេ​ណា​»​។​

​បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល ប្រាប់​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ដែល​ទទួលបាន​អំណាច​ពី​រដ្ឋបាល​ថ្នាក់ជាតិ ត្រូវ​ប្រឹងប្រែង​បំពេញការងារ​ឲ្យ​អស់ពី​សមត្ថភាព និង​មាន​ប្រសិទ្ធិភាព ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕


Tag:
 ហ៊ុន សែន​
 ​ អភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com