ជាតិ
សេដ្ឋកិច្ច
ពន្ធដារ នឹងរឹបអូសបារី ដែលគ្មានបិទតែមប្រិ៍អាករប្រភេទថ្មី
× ភ្នំពេញ៖ មន្ត្រីពន្ធដារ ចាប់ផ្ដើមពីថ្ងៃទី១ខែមីនា នឹងចុះត្រួតពិនិត្យលើកញ្ចប់បារី ដើម្បីដឹងថាតើកញ្ចប់បារីដែលចរាចរលើទីផ្សារទាំងនោះ មានបិទតែមប្រិ៍អាករប្រភេទថ្មីដែរ ឬទេ? កញ្ចប់បារី ដែលគ្មានបិទតែមប្រិ៍អាករប្រភេទថ្មី នឹងរងការរឹបអូស ហើយអ្នកពាក់ព័ន្ធនឹងត្រូវទទួលទោសទណ្ឌផ្សេងៗទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២០ខែកុម្ភៈ។
កាលពីចុងឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំមួយ ដែលកំណត់ឲ្យគ្រប់កញ្ចប់បារីនៅលើទីផ្សារ ត្រូវមានបិទតែមប្រិ៍អាករប្រភេទថ្មី ចាប់ពីថ្ងៃទី១ខែសីហាឆ្នាំ២០១៧ តទៅ។ ការតម្រូវឲ្យបិទតែមប្រិ៍អាករប្រភេទថ្មីនេះ គឺទាក់ទងនឹងការប្រមូលអាករពិសេសលើផលិតផលបារី។
ចាប់ពីថ្ងៃទី១ខែមីនាឆ្នាំ២០១៨ តទៅ មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ និងស្ថាប័នពាក់ព័ន្ធនឹងចុះត្រួតពិនិត្យទៅតាមបណ្ដារោងចក្រ ឃ្លាំងស្តុក កន្លែងចែកចាយ និងកន្លែងលក់បារី ហើយបើពិនិត្យឃើញកញ្ចប់បារីនៅមានបិទតែមប្រិ៍អាករប្រភេទចាស់ ឬមិនមានបិទតែមប្រិ៍អាករ ឬបិទតែមប្រិ៍អាករក្លែងក្លាយ នោះនឹងរងការរឹបអូសយក និងការអនុវត្តទោសទណ្ឌផ្សេងៗទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com