ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បច្ចុប្បន្នភាព​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២៖ ចំណុច​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ដឹង​
25, Feb 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ រាងកាយ​គឺ​ពិបាក​នឹង​ប្រើប្រាស់​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ក្នុង​ចំណីអាហារ​ដែល​បាន​ញ៉ាំ​រួច​ដើម្បី​បំ​លែង​ទៅជា​ថាមពល​ណាស់​។ រឿងនេះ​នឹងធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ រយៈពេល​យូរៗ​ទៅ វា​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ការ​ខ្វាក់ភ្នែក ខូច​សរសៃប្រសាទ និង​សរីរាង្គ​ក្នុង​ខ្លួន ព្រមទាំង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។ ជំងឺ​នេះ​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ ហើយ​រោគសញ្ញា​ដំបូងៗ​របស់​វា​គឺ​តិចតួច​ទេ​។ ប្រហែល​ជាមាន​មនុស្ស​ម្នាក់​ក្នុងចំណោម ៣​នាក់​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​មិនដឹងថា​ខ្លួនឯង​មាន​ជំងឺ​នេះ​ផង​។



​រោគសញ្ញា​
​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ច្រើនតែ​មិនមាន​រោគសញ្ញា​អ្វី​ឲ្យ​ដឹង​ឡើយ​។ នៅពេល​វា​មាន​រោគសញ្ញា​មែន អ្វីដែល​ជាដំបូង​គេ​នោះ​គឺ​ការ​ស្រេកទឹក​ច្រើនៗ​។ អាកា​រៈ​ផ្សេងៗ​ទៀត​អាចជា ការ​ស្ងួត​មាត់ ឃ្លាន​អាហារ​ច្រើនៗ នោម​ច្រើន​ដោយពេល​ខ្លះ​ជា​រៀងរាល់​ម៉ោង​តែម្តង និង​ស្រក​ទម្ងន់ ឬ​ឡើង​ទម្ងន់​។

​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​កាន់តែ​ខ្ពស់ អ្នក​ប្រហែល​ជាមាន​បញ្ហា​ផ្សេងៗ​ទៀត​ដូចជា ឈឺក្បាល ស្រវាំងភ្នែក និង​អស់កម្លាំង​។

​ករណី​ភាគច្រើន ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​មិនត្រូវ​បាន​គេ​រកឃើញ​ទេ លុះត្រាតែ​វា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​។ សញ្ញា​ភ្លើង​ក្រហម​ខ្លះ​ដែល​អ្នក​គួរ​ដឹង​នោះ​មានដូចជា​៖
•    របួស​តិចតួច​ក្រ​ជា​
•    ឧស្សាហ៍​មានការ​បង្ក​រោគ​ផ្សិត ឬ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
•    រមាស់​ស្បែក ជាពិសេស​នៅ​តំបន់​គ្រលាន​

​ជំងឺ​ទឹកនោមផ្អែម​អាច​បំផ្លាញ​ដល់​សរសៃឈាម និង​សរសៃប្រសាទ​ក្នុង​ប្រដាប់ភេទ ដែល​រឿងនេះ​នឹង​នាំ​ឲ្យ​បាត់បង់​អារម្មណ៍​ផ្លូវភេទ និង​ពិបាក​ក្នុងការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​។ ស្ត្រី​ក៏​ងាយ​នឹងមាន​បញ្ហា​ស្ងួត​ទ្វារមាស​ដែរ​។ ប្រហែលជា​ម្នាក់​ក្នុងចំណោម​៣​នាក់​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​នឹងមាន​បញ្ហា​ផ្លូវភេទ​មួយចំនួន​ហើយ​។ សម្រាប់​បុរស​វិញ អាចមាន ៣០ ទៅ​៧០​ភាគរយ នឹងមាន​បញ្ហា​មួយចំនួន​នៃ​ការឡើង​រឹង​របស់​លិង្គ​។

​ការប្រឈមមុខ​
​ទម្លាប់​សុខភាព និង​ជំងឺ​មួយចំនួន​ដែល​ជាប់ទាក់ទង​នឹង​របៀប​រស់នៅ​អាច​បង្កើន​ឱកាស​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​ដូចជា​៖
•    កំពុងតែ​ធាត់ ជាពិសេស​ចង្កេះ​
•    ចូលចិត្ត​ញ៉ាំ​ដំឡូង​ចៀន​
•    ជក់បារី​
•    ញ៉ាំ​សាច់​ក្រហម សាច់​កៃ​ឆ្នៃ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ខ្ពស់ និង​របស់​ផ្អែម​ច្រើនៗ​
•    កម្រិត​ជាតិ​ខ្លាញ់​មិន​ស្ថិតក្នុង​សភាព​ធម្មតា​។​

​កត្តា​ប្រឈមមុខ​ផ្សេងៗ​ទៀត​ដែល​អ្នក​មិនអាច​គ្រប់គ្រង​បាន​នោះ​មានដូចជា​៖
•    ជាតិ​សាសន៍​ដូចជា​៖ អា​ហ្វ្រិ​ច​កាត់​អាមេរិក ជនជាតិ​អាមេរិក​ពី​កំណើត និង​អាស៊ី​គឺ​ងាយ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​នេះ​ណាស់​
•    ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​ទឹកនោមផ្អែម​៖ ការ​ដែលមាន​ឪពុកម្តាយ ឬ​បងប្អូន​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​រួច វា​នឹង​ជួយ​បង្កើន​ឱកាស​របស់​អ្នក​ដែរ​ហើយ​
•    អាយុ​៖ ការដែល​មាន​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើងទៅ​គឺ​បង្កើន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ហើយ​។​
​កាលណា​អ្នកមាន​ការប្រឈមមុខ​កាន់តែច្រើន ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​កាន់តែ​ខ្ពស់​។

​ជាតិ​ជា​ស្ត្រី​គឺ​ងាយ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ច្រើនជាងគេ​នៅ​ថ្ងៃក្រោយ​បើសិនជា​៖
•    មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​
•    សម្រាលកូន​ដែល​ថ្លោសៗ​
•    មាន​ជំងឺ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ​

​តើ​អាំង​ស៊ុយ​លីន​ធ្វើការ​ដូចម្តេច​ទៅ​នៅពេល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២?
​មនុស្ស​មាន​សុខ​ភាពល្អ អាំង​ស៊ុយ​លីន​នឹង​ជួយ​បំ​លែង​អាហារ​ទៅជា​ថាមពល​។ ក្រពះ​នឹង​បំបែក​កាបូ​អ៊ី​ដ្រា​តទៅ​ជា​ជាតិ​ស្ករ​។ បន្ទាប់មក ជាតិ​ស្ករ​ចូលទៅក្នុង​ចរន្តឈាម ហើយ​លំពែង​នឹង​បញ្ចេញ​អ័រម៉ូន​អាំង​ស៊ុ​លីន​ចូលទៅក្នុង​ចរន្តឈាម​ភ្លាម ដើម្បី​ចាប់ជាតិ​ស្ករ​ចូលទៅក្នុង​កោសិកា និង​បង្កើតជា​ថាមពល​ប្រើប្រាស់​។

​ក្នុងករណី​ជំងឺ​ទឹកនោមផ្អែម កោសិកា​មិនអាច​ប្រើប្រាស់​ជាតិ​ស្ករ​បានល្អ​ឡើយ​។ មានន័យថា ជាតិ​ស្ករ​នឹង​នៅសល់​ច្រើន​ក្នុង​ឈាម​។ បើសិនជា​អ្នកមាន​បញ្ហា​មួយ​ឈ្មោះថា រ៉េ​ស៊ី​ស្តង់​នឹង​អាំង​ស៊ុយ​លីន មានន័យថា រាងកាយ​នៅតែ​បង្កើត​អ័រម៉ូន​អាំង​ស៊ុយ​លីន​ចេញ​ក្នុង​ឈាម តែ​វា​មិនអាច​ធ្វើ​ឲ្យ​កោសិកា​ចាប់យក​ជាតិ​ស្ករ​ទៅប្រើ​ប្រាស់​ទៅតាម​អ្វីដែល​វា​គួរតែ​ធ្វើ​នោះទេ​។ បើសិនជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​មួយរយៈ តែ​មិនបាន​ព្យាបាល​ទេ លំពែង​នឹងមិន​សូវ​ផលិត​អាំង​ស៊ុយ​លីន​ទៀតឡើយ​។​

​ការកំណត់​រោគវិនិច្ឆ័យ​
​គ្រូពេទ្យ​នឹងត្រូវ​បូម​ឈាម​ដើម្បី​ធ្វើតេស្ត​អេ​ម៉ូ​គ្លូ​ប៊ី​ន A1c​។ រឿងនេះ​នឹង​បង្ហាញ​នូវ​មធ្យមភាគ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​កាលពី​រយៈពេល​ពីរ​បី​ខែ​មុន​។ បើសិនជា​អ្នកមាន​រោគសញ្ញា​រួចហើយ គ្រូពេទ្យ​ប្រហែលជា​អាចធ្វើ​តេស្ត​ឈាម​រកមើល​ជាតិ​ស្ករ​បែប Random Blood Glucose Test ដើម្បី​បង្ហាញ​អំពី​កម្រិត​ជាតិ​ស្ករ​នាពេល​បច្ចុប្បន្ន​។

​ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ​
​អ្នក​អាច​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ និង​សម្រក​ទម្ងន់​។ រឿងនេះ​ក៏​នឹង​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​របស់​អ្នក​ដែរ​។ អ្វីដែល​គួរ​ប្រុងប្រយ័ត្ន​គឺ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​។ ចូរ​រក្សា​ទម្លាប់​ញ៉ាំ​អាហារ​ដដែលៗ​រាល់ពេល និង​តាមដាន​ថា​តើ​អ្នក​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន និង​ខ្លាញ់​ប៉ុណ្ណា ព្រមទាំង​កាត់បន្ថយ​កាឡូរី​ផង​។ យក​ល្អ​គួរតែ​ជួប​ជាមួយ​អ្នកជំនាញ​ខាង​របប​អាហារ​ដើម្បី​ជួយ​អ្នក​ជ្រើសរើស និង​រៀបចំ​គម្រោង​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​។

​ការហាត់​ប្រាណ​ទៀងទាត់​ដូចជា ពង្រឹង​ដល់​រាងកាយ ឬ​ការដើរ នឹង​ជួយ​សម្រួល​ដល់​ការប្រើប្រាស់​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន ហើយ​អាច​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ថែមទៀត​។ ការដែល​មាន​ភាព​សក​ម្ម​រាងកាយ​ក៏​ជួយ​ឲ្យ​រាងកាយ​យកឈ្នះ​ការ​លើស​ជាតិ​ខ្លាញ់ បញ្ចុះ​សម្ពាធ​ឈាម និង​ការពារ​អ្នក​ពី​ជំងឺ​បេះដូង​បាន​។ ចូរ​ព្យាយាម​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម ៣០​នាទី​រាល់ថ្ងៃ​។

​ស្ត្រេ​ស​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​បាន​។ អ្នកខ្លះ​មិនបាន​ធ្វើ​អ្វី​ទាំងអស់​សម្រាប់​រឿងនេះ​ទេ​។ ខ្លះទៀត​បែរជា​ប្រើប្រាស់​វិធី​ញ៉ាំ​អាហារ​ដើម្បី​បំបាត់​ស្ត្រេ​ស​ទៅវិញ​។ ផ្ទុយទៅវិញ ការប្រើ​វិធី​បន្ធូរ​អារម្មណ៍​ដូចជា ការដកដង្ហើម​ជ្រៅៗ ការតាំង​សមាធិ ឬ​ការស្រមើស្រមៃ​ទៅលើ​អ្វី​ជា​ភាព​វិជ្ជមាន​ច្រើន​នឹង​ផ្តល់​ផល​ល្អ​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។​

​ការព្យាបាល​
​បើសិនជា​របប​អាហារ និង​ការហាត់​ប្រាណ​មិន​អាចជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បានទេ គ្រូពេទ្យ​អាច​នឹង​ផ្តល់​ថ្នាំ​សម្រាប់​ព្យាបាល​ហើយ​។ ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​មាន​ច្រើន​ប្រភេទ​ណាស់​។ ហើយ​ភាគច្រើន​គឺជា​ការប្រើ​ផ្សំគ្នា​តែម្តង​។ ថ្នាំ​ខ្លះ​មាន​ប្រសិទ្ធភាព​ដោយ​វា​ទៅប្រាប់​ដល់​លំពែង​ឲ្យ​ផលិត​អាំង​ស៊ុយ​លីន​កាន់តែច្រើន និង​ខ្លះទៀត​ជួយ​រាងកាយ​ឲ្យ​ប្រើប្រាស់​អាំង​ស៊ុយ​លីន​កាន់តែ​ល្អ ឬ​ទប់ស្កាត់​ការរំលាយ​ជាតិ​អាមីដុង​កុំ​ឲ្យ​បញ្ចេញ​ជាតិ​ស្ករ​ចូលទៅក្នុង​ចរន្តឈាម​បាន​។ ថ្នាំ​ខ្លះទៀត​អាច​បន្ថយ​ការរំលាយ​អាំង​ស៊ុយ​លីន​ចោល​។

​គ្រូពេទ្យ​ប្រហែលជា​អាច​ចេញ​ជា​ថ្នាំ​ចាក់​អាំង​ស៊ុយ​លីន​ភ្លាមៗ​សម្រាប់​ការព្យាបាល និង​ផ្សំគ្នា​ជាមួយនឹង​ថ្នាំលេប​ផងដែរ​។ វា​ក៏​អាចជួយ​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ដែល​កំពុងតែ​ខ្សោយ​កោសិកា​ផលិត​អាំង​ស៊ុយ​លីន​ដែរ​។ មានន័យថា កោសិកា​ក្នុង​លំពែង​ដែល​ទទួលខុសត្រូវ​លើ​ការផលិត​អាំង​ស៊ុ​លីន​មិនអាច​ផលិត​អាំង​ស៊ុយ​លីន​បាន​ទោះបីជា​ជាតិ​ស្ករ​ក្នុង​ឈាមមាន​ខ្ពស់​ហើយក៏​ដោយ​។ បើសិនជា​រឿងនេះ​កើតឡើង​មែន ការប្រើប្រាស់​អាំង​ស៊ុយ​លីន​នឹង​ក្លាយទៅជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​ហើយ​។

​ផលវិបាក​
​បើសិនជា​អ្នក​មិន​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដោយ​ផ្លាស់ប្តូ​របប​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ទេ អ្នក​ទំនងជា​ងាយ​នឹង​កើតជា​កំណក​ជាប់​ក្នុង​សរសៃឈាម​អាក់ទែ​ជាង​អ្នក​ដែល​មិនមាន​ជំងឺ​នេះ​ជាមិនខាន​។ កំណក​នេះ​នឹង​បន្ថយ​លំហូរ​ឈាម ហើយ​វា​ក៏​ធ្វើ​ឲ្យ​ងាយ​នឹង​កើតជា​កំណក​ឈាម​ផងដែរ ដែល​វា​ជាហេតុ​នាំ​ឲ្យ​សរសៃឈាម​ទៅជា​ក្រិន​រឹង និង​ងាយ​ទៅជា​មាន​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រហែល​ពីរ​នាក់​ក្នុងចំណោម​បីនាក់​បាន​ស្លាប់​ដោយសារតែ​ជំងឺ​បេះដូង​។

​កាលណា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​កាន់តែ​យូរ ការ​ប្រឈម​នឹង​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​កាន់តែ​ខ្ពស់​។ ជំងឺ​ទឹកនោមផ្អែម​គឺជា​ដើមហេតុ​ដែល​នាំ​ឲ្យ​ខ្សោយតម្រងនោម​។ ប៉ុន្តែ​កាលណា ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​ធ្វើ​បានល្អ អ្នកនឹង​អាច​បន្ថយ​ការប្រឈមមុខ​មួយ​នេះ​បាន​។ ការធ្វើ​តេស្ត​ជា​រៀងរាល់ឆ្នាំ និង​ប្រើ​ថ្នាំ​ជាប្រចាំ​ដើម្បី​បន្ថយ​ការកើត​ជំងឺ​ណេះ ហើយក៏​ជួយ​ថែរក្សា​តម្រងនោម​ឲ្យ​មាន​សុខភាព​ល្អ​ដែរ​។

​កាលណា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ អាច​ទៅ​បំផ្លាញ​ដល់​សរសៃឈាម​តូចៗ​ដែល​ដឹកនាំ​អុកស៊ីសែន និង​ជីវជាតិ​ទៅ​បាត​ភ្នែក ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ភ្នែក​បាន ហើយ​វា​ក៏​អាច​នាំ​ឲ្យ​ទៅជា​ខ្វាក់ភ្នែក​បានដែរ​។

​រយៈពេល​យូរៗ​ទៅ ជំងឺ​ទឹកនោមផ្អែម​ដែល​មិនបាន​គ្រប់គ្រង និង​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាចធ្វើ​ឲ្យ​ខូចខាត​ដល់​សរសៃប្រសាទ​បាន​។ រោគសញ្ញា​ខ្លះ​ដូចជា ឈឺ​ឈៀបៗ ស្ពឹកៗ ឈឺចាប់ និង​មាន​អារម្មណ៍​ដូច​ម្ជុ​រ​ចាក់​នៅ​ម្រាមដៃ ប្រអប់ដៃ ម្រាមជើង ឬ​ប្រអប់ជើង​។ ការខូចខាត​នេះ​មិនអាច​វិល​មករក​ភាព​ដើម​វិញ​ទេ ប៉ុន្តែ​វា​មានការ​ព្យាបាល​។ ការគ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​អាចជួយ​បង្ការ​ការខូចខាត​នៅពេល​ខាងមុខ​ដែរ​។

​ការខូចខាត​សរសៃប្រសាទ​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​អាចធ្វើ​ឲ្យ​អ្នក​មិនអាច​ដឹង​ញាណ​នៅ​ប្រអប់​ជើងបាន​។ អ្នក​ប្រហែលជា​មិន​សម្គាល់​ដឹងថា​មាន​ដំបៅ​នៅ​ជើងទេ​។ ក្នុងពេល​ជាមួយគ្នានេះដែរ ការឡើង​រឹង​របស់​សរសៃឈាម​អាក់ទែ​នឹង​បន្ថយ​លំហូរ​ឈាម​ទៅ​តំបន់​នេះ​បាន​។ ទោះបីជា​របួស​តិចតួច​ក៏​អាច​គ្រប់គ្រាន់​នឹង​បង្ក​ជា​ដំបៅ និង​រលួយ​បានដែរ​។ ករណី​ធ្ងន់ធ្ងរ ការបង្ក​រោគ​អាច​នឹង​គ្រប់គ្រាន់​សម្រាប់​ការ​កាត់​អវៈយវៈ​បាន​។

​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាចជា​ផល​ល្អ​មួយ​ក្នុងការ​ចិញ្ចឹម​បាក់តេរី​សម្រាប់​បង្កើតជា​កំណក​ក្នុង​មាត់​បាន ដែល​រឿងនេះ​នឹងធ្វើ​ឲ្យ​ទៅជា​ពុក​ធ្មេញ និង​មាន​ជំងឺ​អញ្ចាញធ្មេញ​។ ករណី​ជំងឺ​អញ្ចាញធ្មេញ​ធ្ងន់ធ្ងរ​អាចធ្វើ​ឲ្យ​បាក់ធ្មេញ​ដែរ​។ វា​នឹងធ្វើ​ឲ្យ​អញ្ចាញធ្មេញ និង​ជាលិកា​ក្នុង​មាត់​ទន់ខ្សោយ ព្រមទាំង​ឆ្អឹង​ផងដែរ​។ យូរៗ​ទៅ កន្លែង​នេះ​ងាយ​នឹងមាន​ការបង្ក​រោគ​ណាស់​។

​ការបង្ការ​
​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​អំពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​គឺថា អ្នក​អាច​ចៀសវាង​ការកើត​ជំងឺ​នេះ​បាន​។ ដើម្បី​បន្ថយ​ការកើត​ជំងឺ​នេះ យក​ល្អ​គួរតែ​ធ្វើ​ទៅតាម​ក្បួន​ណែនាំ​ដូចខាងក្រោម​៖
•    ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
•    ហាត់ប្រាណ ៣០​នាទី​ក្នុង​មួយថ្ងៃ និង ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​
•    រក្សា​ទម្ងន់​ឲ្យ​នៅ​សុខភាព​ល្អ​
•    ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការធ្វើ​តេស្ត​រកមើល​ការត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​។​

​អ្នក​ដែល​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​អាច​ចៀសវាង​ការកើត​ជំងឺ​ទឹកនោមផ្អែម​បាន ជាមួយនឹង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ និង​ការប្រើប្រាស់​ថ្នាំ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com