ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែលអ្នកគួរដឹងអំពីការកើតពពែឆ្កែ
× តាមទំនៀមទម្លាប់ខ្មែរយើង ឲ្យតែនរណាក៏ដោយ ដែលមានអាការៈហើមត្របកផ្នែក គេតែងតែថា ម្នាក់ហ្នឹងកើតពពែឆ្កែ ហើយតែងតែបន្ទោសថាមកពីមើលឆ្កែពាក់គ្នាច្រើនពេកទើបចេញជាបែបនេះ។ ប៉ុន្តែវាគ្រាន់តែជាជំនឿមិនត្រឹមត្រូវប៉ុណ្ណោះ។ យ៉ាងណាមិញ វាមានមូលហេតុរបស់វាពិតប្រាកដមិនមែន ហើយក៏មិនមានទាក់ទងនឹងការមើលឆ្កែពាក់គ្នាដែរ។
ជាធម្មតាអាការៈហើមត្របកភ្នែកនេះឬហៅថាកើតពពែឆ្កែមានពីរប្រភេទគឺ Stye និង Chalazion។ ដោយ Stye គឺជាដុំតូចមួយដែឡកើតនៅក្នុងត្របកភ្នែកខាងក្នុង ឬខាងក្រៅរបស់មនុស្សយើង។ វាមើលទៅស្រដៀងនឹងមុនដែរ ដែលស្ថិតនៅរោមភ្នែក។ អាការៈពពែឆ្កែបែបនេះមិនសូវគេសម្គាល់ឃើញនៅពេលដំបូងៗទេ ប៉ុន្តែគេសម្គាល់ដឹងច្បាស់នៅពេលវាធ្វើឲ្យភ្នែកទៅជាហើម ក្រហម និងតឹងឈឺនៅពេលប៉ះពាល់។ ចំណែកឯ Chalazion វិញ គឺជាដុំពកមួយនៅលើត្របកភ្នែកដែលលូតលាស់ចេញនៅពេលក្រពេញើសនៅត្របកភ្នែកស្ទះ។ វាមិនដូចគ្នានឹង Stye ទេ ដោយវាមិនធ្វើឲ្យឈឺចាប់ទេ តែធ្វើឲ្យមានអារម្មណ៍ស្អិតៗក្នុងត្របកភ្នែកវិញ។
ចំពោះមូលហេតុនៃការកើតពពែឆ្កែប្រភេទ Stye វិញគឺជាបាក់តេរី ដោយវាបង្ករោគនៅខាងក្នុងក្រពេញញើសនៅត្របកភ្នែក ឬគល់រោមនៅរោមភ្នែក។ មេរោគទាំងនេះអាចកើតចេញពីករប៉ះពាល់ ឬញីភ្នែកជាដើម។ អ្នកងាយនឹងមានអាការៈមួយនេះនៅរដូវអាឡែហ្ស៊ីដោយសារតែរមាស់ភ្នែក។ ចំណែកឯមូលហេតុនៃការកើតពពែឆ្កែប្រភេទ Chalazion វិញ គឺនៅពេលដែលក្រពេញញើសនៅជុំវិញត្របកភ្នែកទៅជាក្រាសពេក ឬរន្ធញើសនៅទីនោះស្ទះ ដែលធ្វើឲ្យជាតិប្រេងនៅខាងក្នុងកកកុញច្រើន និងបង្កជាការរលាក រហូតដល់ក្លាយទៅជាដុំមួយ។ ជាធម្មតាគ្រូពេទ្យមិនអាចប្រាប់បានថាចំពោះមូលហេតុនៃជំងឺនេះនៅឡើយទេព្រោះវាវាមានលក្ខណៈដូចគ្នានឹងការរលាកត្របកភ្នែក ឬពពែឆ្កែធម្មតាៗដែរ។ ពេលខ្លះប្រភេទ Styes ស្ថិតនៅក្នុងត្របកភ្នែកអាចក្លាយទៅជា Chalazia បានដែរ។
តើមួយណាជាមួយណាទៅ?
វាអាចជារឿងមួយពិបាកដែរក្នុងការប្រាប់ថាប្រភេទជំងឺពពែឆ្កែទាំងពីរនេះខុសគ្នាដូចម្តេច។ ជាទូទៅ Stye គឺជាការបង្ករោគ តែ Chalazion មិនមែនទេ។ ការបង្ករោគអាចធ្វើឲ្យមានកំនកខ្ទុះតូចមួយនៅចុងនៃដុំពពែឆ្កែបានដែលមានលក្ខណៈដូចជាមុនអញ្ចឹង។ វាអាចធ្វើឲ្យភ្នែកមានការឈឺចាប់ រមាស់ ហូរទឹកភ្នែក និងខ្លាចពន្លឺ។ វាប្រហែលជាធ្វើឲ្យត្របកភ្នែកទាំងមូលហើមផង។ ជាធម្មតាប្រភេទ Chalazion មិនបង្កការឈឺចាប់ទេ ហើយប្រហែលជាធ្វើឲ្យត្របកភ្នែកឆាប់ហើមផង។
Stye អាចមើលទៅដូចគ្នាខ្លាំងនឹងមុនដែរ ដូច្នេះអ្នកអាចនឹងចង់ញេចវាចេញដូចជាមុនអញ្ចឹង។ ប៉ុន្តែកុំធ្វើបែបនេះអី ដើម្បីកុំឲ្យការបង្ករោគរាលដាលទៅក្នុងត្របកភ្នែកអ្នកបាន។ ចូរទុកវាចោលទៅ។ ទាំង Stye និង Chalazia ច្រើនតែបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃ ឬមួយសប្តាហ៍។
ចូរយកលក្រណាត់ស្អាតមួយជ្រលួកនឹងទឹកក្តៅ ហើយដាក់វានៅលើត្របកភ្នែករយៈពេល ១០ ទៅ១៥នាទីម្តងឲ្យបាន ៣ ទៅ៥ដងក្នុងមួយថ្ងៃ។ រឿងនេះអាចជួយបន្ទន់ និងបំបាត់ភាពស្ទះនៅរន្ធញើសបាន។ បើសិនជាវាគឺជា Chalazion អ្នកអាចម៉ាស្សាថ្នមៗនៅកន្លែងនោះជាមួយនឹងម្រាមដៃបាន។ អ្វីដែលគួរធ្វើគឺ ត្រូវលាងសម្អាតដៃឲ្យបានស្អាតល្អ។
ភាគច្រើន Styes និង Chalazia នឹងបាត់ទៅវិញដោយខ្លួនឯង ហើយក៏មិនត្រូវការការព្យាបាលអ្វីដែរ។ ប៉ុន្តែចូរឲ្យគ្រូពេទ្យពិនិត្យភ្នែកផងបើសិនជាវាមិនចាប់ផ្តើមស្រួលបួលជាងមុនទេក្នុងរយៈពេលពីរបីថ្ងៃក្រោយ ឬលូតលាស់លឿនពេក ឬចាប់ផ្តើមហូរឈាម និងប៉ះពាល់ដល់ការមើលឃើញ។ ជាមួយគ្នានេះដែរ បើសិនជាវាចាប់ផ្តើមរាលដាលទៅលើភ្នែក ឬធ្វើឲ្យភ្នែកឡើងក្រហមហើយ ចូរឲ្យគ្រូពេទ្យពិនិត្យឲ្យបានលឿនងបំផុតតាមតែអាចធ្វើទៅបាន ព្រោះវាអាចជាសញ្ញានៃការបង្ករោគរាលដាល៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com