ជាតិ
របាយការណ៍៖ ពលរដ្ឋកាន់តែនៅកៀកព័ត៌មាន តាមរយៈទូរសព្ទទំនើបរបស់ខ្លួន
× ភ្នំពេញ៖ របាយការណ៍ The Open Institute បានបង្ហាញថា ប្រជាជនកម្ពុជា ៤៨ភាគរយ នៅក្នុងឆ្នាំ២០១៦ មានទូរសព្ទទំនើប (Smart Phone) ប្រើប្រាស់ សម្រាប់តាមដានព័ត៌មានក្នុងសង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដែលបង្ហាញពីការវិវត្តល្អមួយ។ ប៉ុន្តែទន្ទឹមនឹងនេះ របាយការណ៍បន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមមួយចំនួន ដែលត្រូវការកែលម្អស្ថានភាពទាំងនោះ។
ប្រធានកម្មវិធីអង្គការជំនួយព្រះវិហារដាណឺម៉ាក(DCA) លោកស្រី Kristen Rasmussen បានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជា មានការផ្លាស់ប្តូរច្រើន ទាក់ទងនឹងការទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការប្រើប្រាស់អ៊ីនធឺណិត។ លោកស្រី Kristen Rasmussen ដែលស្រង់របាយការណ៍ The Open Institute បាននិយាយថា ពលរដ្ឋកម្ពុជា ៤៨ភាគរយ មានទូរសព្ទទំនើបប្រើប្រាស់ ដើម្បីតាមដានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ តាមរយៈអ៊ីនធឺណិតនេះ ។
«តាមពិតទៅប្រព័ន្ធផ្សព្វផ្សាយ នៅតាមប្រព័ន្ធអ៊ីនធឺណិតបច្ចុប្បន្នជាប្រភពព័ត៌មាននាំមុខគេនៅកម្ពុជា ហើយនៅឆ្នាំ២០១៦ មានប្រជាប្រិយភាពជាងទូរទស្សន៍ទៅទៀត។ ទោះបីជាប្រជាជន ទទួលបានព័ត៌មានច្រើនជាងមុនក្ដី ស្របពេលនោះដែរក៏មានព័ត៌មានក្លែងក្លាយជាច្រើនបានកើនឡើងផងដែរ ដែលជាបញ្ហាប្រឈម។ ប៉ុន្តែការទទួលបានព័ត៌មានទាំងអស់នេះ មិនមានន័យថាពលរដ្ឋមិនដឹងអ្វីនោះទេ ពីព្រោះពលរដ្ឋទាំងអស់នោះអាចបែងចែកអំពីព័ត៌មានណាមួយមានភាពសុក្រឹត្យពិត និងឯករាជ្យ»។ នេះជាការបញ្ជាក់របស់លោក ស្រី Kristen Rasmussen។
ជាមួយគ្នានេះលោក Michael Dickison ទីប្រឹក្សាស្រាវជ្រាវឯករាជ្យ បានលើកឡើងពីរបាយការណ៍សិក្សាមុនឆ្នាំ២០១៧ របស់ខ្លួន ដែលបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មានសេរីភាពច្រើនជាងគេក្នុងតំបន់ ប៉ុន្តែសេរីភាពសារព័ត៌មាននេះ បានធ្លាក់ចុះវិញនៅក្នុងឆ្នាំ២០១៧កន្លងមក។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្រោមប្រធានបទ «បញ្ហាប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឆ្នាំ២០១៧» កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ លោក Michael បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖«បញ្ហាធំបំផុត ដែលប្រព័ន្ធផ្សព្វផ្សាយ ៤១ភាគរយបាននិយាយ គឺឥទ្ធិពល និងការត្រួតត្រារបស់រដ្ឋាភិបាល នៅក្នុងនោះដែរមានដូចជា ការចោទប្រកាន់ ឬការគំរាមកំហែងតាមផ្លូវច្បាប់ ទៅលើអ្នកសារព័ត៌មាន»។
របាយការណ៍មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM មានចំណងជើងថា «ការប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០១៧» បានបង្ហាញថា ទោះបីកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ខ្ពស់ជាង ថៃ ឡាវ និងវៀតណាមក្ដី ក៏ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ស្ថិតក្រោមការឃ្លាំមើលដិតដល់ ដោយរដ្ឋាភិបាល។
តែយ៉ាងណាក្ដី ក្រសួងព័ត៌មានបានច្រានចោលរបាយការណ៍មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលថា រដ្ឋាភិបាលប្រើឥទ្ធិពលច្បាប់ គំរាមកំហែងដល់សេរីភាពអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា។ ក្រសួងព័ត៌មាន ចាត់ទុករបាយការណ៍CCIMថា ជាការស្រាវជ្រាវគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បាននិយាយថា កម្ពុជាគ្មានការរឹតត្បិតសេរីភាពអ្នកសារព័ត៌មាននោះទេ លើកលែងតែអ្នកសារព័ត៌មានអនុវត្តខុសច្បាប់ ។ លោក អ៊ុក គឹមសេង បន្ថែមថា អ្នកសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាដោយច្បាប់សារព័ត៌មាន ដោយមិនស្ថិតក្រោមការគំរាមកំហែងពីឥទ្ធិពលរដ្ឋាភិបាលឡើយ។
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ជាប់ចំណាត់ថ្នាក់ទី១២៣ ដែលត្រូវបានវាយតម្លៃថាមានសេរីតិចតួចបំផុតក្នុងចំណោម ១៨០ប្រទេស។ នេះបើតាមរបាយការណ៍ថ្មីបំផុត ស្ដីពី «សេរីភាពប្រព័ន្ធផ្សព្វផ្សាយ» នៃអង្គការផ្ទះសេរីភាព និងអ្នកកាសែតគ្មានព្រំដែន ៕
Tag:
ប្រព័ន្ធផ្សព្វផ្សាយ
CCIM
កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com