អន្តរជាតិ
ចិន​រិះគន់​ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​លើ​កូរ៉េខាងជើង​
25, Feb 2018 , 9:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​អាមេរិក​ទើប​ដាក់ទណ្ឌកម្ម​ថ្មី​មួយទៀត​លើ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​។ ក្រុមហ៊ុន កប៉ាល់​ដឹកជញ្ជូន​ទំនិញ និង​បុគ្គល ដែល​រកស៊ី​ជាមួយ​កូរ៉េខាងជើង ត្រូវ​បានដាក់​ក្រោម​ទណ្ឌកម្ម​ឯកតោភាគី​លើក​នេះ​។ ចិន ដែលមាន​ក្រុមហ៊ុន​របស់ខ្លួន​រង​ទណ្ឌកម្ម​ដែរនោះ បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​បានស្នើ​ឲ្យ​អាមេរិក​បញ្ឈប់​ការអនុវត្ត​ច្បាប់​ក្នុងស្រុក​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​។



​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ចិន​បាន​ប្រតិកម្ម​ដោយ​កំហឹង​ទៅនឹង​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​លើ​កូរ៉េខាងជើង​។ ចិន​មិន​សប្បាយចិត្ត​ឡើយ ពេលដែល​ក្រុមហ៊ុន​របស់ខ្លួន​មួយចំនួន​មានឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​អាមេរិក​ដែរនោះ​។ ក្រសួងការបរទេស​ចិន​បាន​និយាយ​ក្នុង​សេចក្ដីប្រកាស​មួយ​ថា ចិន​ប្រឆាំង​ដាច់ខាត​សកម្មភាព​ឯកតោភាគី​របស់​អាមេរិក និង​ការអនុវត្ត​ច្បាប់​អាមេរិក​លើ​ក្រុមហ៊ុន និង​ជនជាតិ​ចិន​។

​បើតាម​សេចក្ដីប្រកាស​ដដែល ក្រុង​ប៉េកាំង​បាន​តវ៉ា​ទៅ​ក្រុង​វ៉ាស៊ីនតោន​រួចហើយ​ជុំវិញ​រឿងនេះ បានស្នើ​ឲ្យ​អាមេរិក​បញ្ឈប់​ទង្វើ​បែបនេះ​ជាបន្ទាន់ កុំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​ផ្សេងទៀត​។ ក្រុង​ប៉េកាំង​ក៏បាន​ប្រកាស​ជំហរ​របស់ខ្លួន​ក្នុងការ​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​តាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជុំវិញ​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ហើយក៏​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ឬ​ជនជាតិ​ខ្លួន​បំពាន​សេចក្ដីសម្រេច​ទាំងនោះ​ដែរ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន ចុះផ្សាយ​នា​ថ្ងៃ​សុក្រ​ទី ២៣ ខែកុម្ភៈ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven Mnunchin បានប្រកាស​ពី​ទណ្ឌកម្ម​ថ្មី​ដែល​ធំ​បំផុត​មិន​ធ្លាប់មាន​ដើម្បី​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​កូរ៉េខាងជើង ដែលមាន​គោលដៅ​ប្រឆាំង​បុគ្គល​ផង ប្រឆាំង​ក្រុមហ៊ុន​ដែល​រកស៊ី​ជាមួយ​កូរ៉េខាងជើង និង​នាវា​ដែល​ត្រូវបាន​ប្រើប្រាស់​បម្រើ​ប្រយោជន៍​កូរ៉េខាងជើង​ផង​។ ក្រុមហ៊ុន និង​កប៉ាល់​ដឹកជញ្ជូន​នេះ​កំពុង​ស្ថិតនៅ និង​ចុះបញ្ជី​នៅ​ប្រទេស​មួយចំនួន​ក្នុងនោះ​មាន​កូរ៉េខាងជើង ចិន សិង្ហ​បុរី តៃវ៉ាន់ ហុងកុង កោះ ម៉ា​សាល់ តង់​ហ្សា​នី ប៉ា​ណា​ម៉ា និង​ប្រទេស​កូ​ម័​រ​។​

​នេះ​ជា​មិនមែនជា​លើកដំបូង​ទេ​ដែល​ចិន​ប្រតិកម្ម​ទៅនឹង​វិធានការ​របស់​អាមេរិក​នោះ​។ តាមពិតទៅ ចិន​តែង​ប្រឆាំង​ដាច់ខាត​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដែល​មិនបាន​ឆ្លងកាត់​ក្រុមប្រឹក្សាសន្តិសុខ​នោះ​។ ជាមួយគ្នា​នោះ ចិន​បាន​ក៏​ផ្អាក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាច្រើន​ជាមួយ​កូរ៉េខាងជើង​ដែរ​ក្នុងពេល​ច្រើន​ខែ​មកនេះ​។ បើតាម​របាយការណ៍​ខែមករា ការផ្លាស់ប្ដូរ​ទំនិញ​រវាង​ចិន និង​កូរ៉េខាងជើង​បាន​ធ្លាក់​គួរ​ឲ្យ​កត់សម្គាល់​ដែរ​៕

​រាប់ទាំង​ទណ្ឌកម្ម​លើក​នេះ អាមេរិក​បានដាក់​ទណ្ឌកម្ម​៤៥០​លើ​កូរ៉េខាងជើង បើ​គិត​តាំងពី​ឆ្នាំ​២០០៥​មក​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ទណ្ឌកម្ម​ពាក់កណ្តាល​ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ចាប់ពី​ឆ្នាំមុន​មក​។ អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​បន្ត​យុទ្ធ​នាគារ​ពង្រឹង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​របប​ដឹកនាំ​កូរ៉េខាងជើង​ជាពិសេស​ធានា​កាត់ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ​ដែល​ត្រូវបាន​ប្រើប្រាស់​ផ្គត់ផ្គង់​ការសាកល្បង និង​ស្រាវជ្រាវ​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​៕


Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com