អន្តរជាតិ
ចិន​នឹង​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​លុបចោល​ការកំណត់​អាណត្តិ​ប្រធានាធិបតី​
25, Feb 2018 , 9:59 pm        
រូបភាព
​គណបក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ បានស្នើ​លុបចោល​ការកំណត់​រយៈពេល​កាន់តំណែង​របស់​ប្រធានាធិបតី​ត្រឹម​ពីរ​អាណត្តិ ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​។ សំណើ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត មុននឹង​ដាក់​ឲ្យ​រដ្ឋសភា​អនុម័ត​ក្នុង​កិច្ចប្រជុំ​នៅ​ខែមីនា​។ នេះ​មានន័យថា លោក ស៊ី ជិន​ភីង ដែល​រំពឹងថា ទទួលបាន​ការគាំទ្រ​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​ពីរ អាច​កាន់តំណែង​នេះ​នៅ​អាណត្តិ​ក្រោយៗ​ទៀត​។



​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​ចិន បានស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ប្រទេស​លើ​មាត្រា​ជាច្រើន​ចំណុច​។ ក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក ស៊ី ជិន​ភីង អគ្គលេខាធិការ​បក្ស ការិយាល័យ​នយោបាយ​បានស្នើ​លុបចោល​ការកំណត់​អាណត្តិ​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​ត្រឹម​ពីរ​អាណត្តិ​ចេញពី​រដ្ឋធម្មនុញ្ញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។   

​សំណើ​នេះ នឹងត្រូវ​យកទៅ​ឲ្យ​សភា​ប្រជាជន​អនុម័ត​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៥ ខែមីនា​ខាងមុខនេះ​។ លោក ស៊ី ជិន​ភីង ដែល​កាន់តំណែង​ប្រធានាធិបតី​តាំងពី​ឆ្នាំ​២០១៣ មក រំពឹងថា នឹង​បន្ត​កាន់តំណែង​នេះ​រយៈពេល​៥​ឆ្នាំ​ទៀត​។ ហើយ​តាម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន លោក ស៊ី នឹងត្រូវ​ចុះចេញ​ពី​តំណែង​នៅ​ឆ្នាំ​២០២៣ ។

​ក្រោយ​ចប់​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​ដែលមាន​សមាជិក​២៥​នាក់ គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ដែលមាន​សមាជិក​ជាង​ពីរ​រយ​នាក់ នឹង​បើក​កិច្ចប្រជុំ​រយៈពេល​បី​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦ ខែកុម្ភៈ​ទៅ​។ កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​សំណើ​របស់​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​ជុំវិញ​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាតិ​។

​ក្រៅពី​សំណើ​លុបចោល​ការកំណត់​អាណត្តិ​ប្រធានាធិបតី សំណើ​កែ​រដ្ឋធម្មនុញ្ញ​សំខាន់ៗ​ផ្សេងទៀត​រួមមាន​ការបញ្ចូល​ទ្រឹស្តី​របស់លោក ស៊ី ស្ដីពី​សង្គមនិយម​ទៅក្នុង​ច្បាប់កំពូល និង​ការដាក់​គណៈកម្មការ​ត្រួត​ពិនិត្យ​ដែល​ត្រូវបង្កើត​ថ្មី​ជា​ស្ថាប័ន​ជាតិ​ផងដែរ​។ ទ្រឹស្ដី​របស់លោក ស៊ី ត្រូវបាន​បញ្ចូល​ក្នុង​ធម្មនុញ្ញ​បក្ស​រួចហើយ​កាលពី​កិច្ចប្រជុំ​មហាសន្និបាត​បក្ស​លើក​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ ដែល​ពេលនោះ លោក ស៊ី ឡើង​ឋានៈ​ស្មើ​លោក ម៉ៅ សេទុង ទៅហើយ​។​

​ជុំវិញ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​នៅ​សប្ដាហ៍​ក្រោយ បក្ស​កុម្មុយនីស្ត​ចិន​នឹង​ពិភាក្សា​លើ​ការតែងតាំង​ថ្នាក់ដឹកនាំ​រដ្ឋ​អាណត្តិ​ថ្មី​ដែរ​។ សមាជិក​រដ្ឋាភិបាល​សំខាន់ៗ​ជាច្រើន តំណែង​ប្រធាន​ធនាគារ ចៅក្រម និង​រដ្ឋអាជ្ញា នឹងត្រូវ​ផ្លាស់ប្ដូរ និង​ជំនួស​ដោយ​មន្ត្រី​ថ្មី ដែល​ភាគច្រើន​ជា​អ្នក​ស្និទ្ធ​លោក ស៊ី ។ តំណែង​អនុ​ប្រធានាធិបតី​អាច​ធ្លាក់​លើ​លោក វ៉ាង ជី​សាន ដែលជា​អតីតមន្ត្រី​កំពូល​របស់​បក្ស ធ្លាប់​ទទួលបន្ទុក​បោសសម្អាត​អំពើ​ពុ​រលួយ​៕ 


Tag:
 ​ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com