អន្តរជាតិ
ចូកូវី មិនចង់ចុះហត្ថលេខាលើច្បាប់ប្រឆាំងអ្នករិះគន់តំណាងរាស្ត្រ ... រូបភាព៖ AFP
× ប្រធានាធិបតីឥណ្ឌូណេស៊ី ហាក់នៅមានការស្ទាក់ស្ទើរខ្លាំងក្នុងការចុះហត្ថលេខា និងផ្តល់សច្ចាប័នចុងក្រោយលើច្បាប់ដែលសភាឥណ្ឌូណេស៊ីទើបធ្វើវិសោធនកម្ម ។ ការណ៍ ដែលលោកនៅតែមានការស្ទាក់ស្ទើរនោះ ក៏ព្រោះតែ លោកប្រធានាធិបតីសល់ត្រឹមមួយឆ្នាំត្រូវផុតអាណត្តិរូបនេះ ចង់សិក្សាបន្ថែមលើច្បាប់នេះដើម្បីធានាពីភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យឥណ្ឌូណេស៊ី ។
ថ្មីៗនេះ សភាឥណ្ឌូណេស៊ី បានអនុម័តលើវិសោធនកម្មច្បាប់សភាឆ្នាំ២០១៤ ដែលច្បាប់នេះត្រូវបានប្រជាជនក្នុងស្រុកហៅកាត់ថា MD3 ។ ច្បាប់នេះ ទទួលរងនូវប្រតិកម្ម និងការព្រួយបារម្ភជាច្រើនពីបណ្តាអង្គការសង្គមស៊ីវិល ដ្បិត វា មានចរិកលក្ខណៈរឹតត្បិត និងផ្តល់អំណាចខ្លាំងទៅស្ថាប័នសភា ក្នុងការចាត់វិធានការទៅលើជនទាំងឡាយណា ដែលហ៊ានរិះគន់ពួកគេ ។
យ៉ាងណាក៏ដោយតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Globe នៅថ្ងៃ២៣ កុម្ភៈ ច្បាប់នេះ មិនទាន់បានចុះហត្ថលេខាពីប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូឡើយ ។ ហើយតាមការពន្យល់របស់លោកប្រធានាធិបតី ការណ៍ ដែលលោក មិនចុះហត្ថលេខា លើឯកសារ ដែលបានទៅដល់តុរបស់លោកហើយនោះ ព្រោះលោកចង់សិក្សាលើច្បាប់នេះឲ្យច្បាស់សិន ។
« ច្បាប់ បានមកដល់តុខ្ញុំហើយ តែខ្ញុំ មិនទាន់ចុះហត្ថលេខានោះទេ ព្រោះខ្ញុំ ចង់សិក្សាពីរបាយការណ៍ ថាតើគួរតែចុះ ឬមិនចុះ » ។ លោកប្រធានាធិបតី បានលើកឡើងយ៉ាងដូច្នេះ រួចហើយ ក៏បានទទួលស្គាល់ ដែលថាច្បាប់នេះ បានទទួលរងការរះគន់ច្រើនពីសាធារណៈជន ដោយពួកគេ យល់ឃើញថា ច្បាប់ធ្វើឡើងដើម្បីការពារក្រុមអ្នកនយោបាយ និងបំបិទការរិះគន់ ។ លោក ក៏មិនចង់ឲ្យប៉ះពាល់ដល់ប្រជាធិបតេយ្យឥណ្ឌូណេស៊ីដែរ ។
ការស្ទាក់ស្ទើរក្នុងការផ្តល់ហត្ថលេខារបស់លោកប្រធានាធិបតីលើច្បាប់ដ៏ចម្រូងចម្រាស់នេះ ក៏អាចទាក់ទងនឹងប្រជាប្រិយភាពរបស់លោកផងដែរ ដ្បិត លោក ក៏នឹងឈរឈ្មោះម្តងទៀតជាបេក្ខភាពប្រធានាធិបតី សម្រាប់អាណត្តិឆ្នាំ២០១៩-២០២៤ ។
អ្វីគួរកត់សម្គាល់ផងដែរនោះ ក្នុងច្បាប់របស់ឥណ្ឌូណេស៊ី ប្រធានាធិបតី គ្មានសិទ្ធិទាត់ចោលច្បាប់ដែលអនុម័តដោយសភាឡើយ ហើយ ប្រសិន ប្រធានាធិបតី មិនចុះហត្ថលេខាឲ្យនោះ ច្បាប់ដែលអនុម័តដោយសភាជាតិឥណ្ឌូណេស៊ី នឹងត្រូវចូលជាធរមានដោយស្វ័យប្រវត្តិ ក្រោយនៃការអនុម័តនោះរយៈពេល៣០ថ្ងៃ ។ ក៏ប៉ុន្តែ ប្រជាជន ក៏នៅមានផ្លូវមួយដើម្បីតវ៉ា តាមរយៈការដាក់បណ្តឹងទៅតុលាធម្មនុញ្ញដើម្បីសម្រេចុងក្រោយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com