ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រឹទ្ធសភា​៖​គណបក្សនយោបាយ គាំទ្រ​លទ្ធផល​បោះឆ្នោត ខណៈ​CPP ទទួលបាន​សំឡេង​លើសលុប​
26, Feb 2018 , 10:02 am        
រូបភាព
រូបពីហ្វេសប៊ុកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
រូបពីហ្វេសប៊ុកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
​ភ្នំពេញ​៖ បើទោះជា​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ មិនទាន់​ប្រកាស​ជា​ផ្លូវការ​ក្តី ប៉ុន្តែ​គណបក្សនយោបាយ​ដែល​ចូលរួម​បោះឆ្នោត សុទ្ធតែ​ប្រកាស​គាំទ្រ​ទាំងស្រុង​លើ​លទ្ធផល​បោះឆ្នោត​ខាងមុខ​។​



​គ្មាន​ឡើយ​ពាក្យបណ្ដឹង​តវ៉ា​លើ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៥ កុម្ភៈ​។ គណបក្សនយោបាយ​ចំនួន​២ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដែល​បាន​ចូលរួម​ការបោះឆ្នោត បានបង្ហាញ​ជំហ​គាំទ្រ និង​ទទួលយក​លទ្ធផល​បោះឆ្នោត​នាពេលខាងមុខ ដោយ​ឥត​ប្រកែក​ឡើយ​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ទាំងពីរ​នេះ បាន​វាយតម្លៃ​ខ្ពស់​លើ​ដំណើការ​រៀបចំ​ការបោះឆ្នោត ដោយ​ចាត់ទុកថា ការបោះឆ្នោត​ព្រឹទ្ធសភា ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ហិង្សា ហើយ​មាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ គណបក្ស​ទាំងពីរ​ព្រម​ទទួលស្គាល់​ទាំង​លទ្ធផល​ជាបឋម និង​លទ្ធផល​ជា​ផ្លូវការ​។​
​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិនទាន់មាន​សេចក្តីថ្លែងការណ៍​គាំទ្រ​ការបោះឆ្នោត​នេះ​ទេ ស្រប​ពេលដែល​គណបក្ស​សញ្ជាតិ​ខ្មែរ ដែល​មិនបាន​ចូលរួម​ការបោះឆ្នោត​ចេញមុខ​សាទរ​ការបោះឆ្នោត​ព្រឹទ្ធសភា​នេះ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​លទ្ធផល​ជាបឋម​បណ្ដោះអាសន្ន ដោយ​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ពី​អង្គ​បោះឆ្នោត​ច្រើន​លើសលុប ជាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទាំង​៨​ភូមិភាគ នៃ​អាសនៈ​សមាជិក​ព្រឹទ្ធសភា​។​
អត្ថបទទាក់ទង


​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ មាន​អង្គ​បោះឆ្នោត (​អ្នកបោះឆ្នោត​) ចំនួន ១១៦៩៥ នាក់ ដែលជា​តំណាងរាស្ត្រ​ក្នុង​តំណែង​១២៣​រូប និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់ ក្នុង​តំណែង​ក្នុង​ក្របខណ្ឌ​នៃ​ភូមិភាគ​នីមួយៗ ។ ក្នុងចំណោម​អ្នកបោះឆ្នោត​សរុប​១១,៦៩៥​នាក់ មាន​១១,៦៧០​នាក់ ដែល​បាន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ​។ បើ​គិត​ជា​ភាគរយ អ្នក​ដែល​ទៅ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា មាន​រហូតដល់​ទៅ​៩៩.៧៩​ភាគរយ​ឯណោះ​។

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤​នេះ មាន​អាសនៈ​៦២ ដោយ​សមាជិក​ព្រឹទ្ធសភា​៥៨ គឺ​កើត​ចេះ​ពី​ការបោះឆ្នោត​អសកល​។ ចំណែក​សមាជិក​ព្រឹទ្ធសភា​៤​រូប​ទៀត កើតចេញពី​ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ ២​រូប និង​រដ្ឋសភា​ជ្រើសតាំង​២​រូប​៕


Tag:
 ព្រឹទ្ធសភា​
  CPP
 ​ បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com