ជាតិ
ការប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាប​ខកខាន ដោយសារ​ទីលាន​ចាក់សំរាម​ពេញ​
26, Feb 2018 , 3:21 pm        
រូបភាព
​សៀមរាប​៖  ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាប បាន​ផ្អាក​ការប្រមូល​សំរាម តាំងពី​ថ្ងៃទី​២៥ ខែកុម្ភៈ​មក​ម្លេះ ដែល​ធ្វើឱ្យមាន​សំរាម​ជាច្រើន​តោន​ក្នុង​ក្រុង បាន​ជះក្លិន​ស្អុយ​នៅតាម​ដងផ្លូវ​។ តាម​ការបញ្ជាក់​ពី​លោក​អភិបាលក្រុង​សៀមរាប មូលហេតុ​ព្រោះថា ទីលាន​ចាក់សំរាម​នៅ​ភូមិ​អន្លង់​២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង​បាន​ពេញ និង​គ្មាន​រណ្តៅ​ថ្មី ដើម្បី​ចាក់​ជំនួស​។​



​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ​ថា អាជ្ញាធរ​កំពុង​ដោះស្រាយ ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម ហ្គា​អ៊ី​យ៉ា (GAEA) ដើម្បី​ដំណើរការ​ប្រមូល​សំរាម​ក្នុង​ក្រុង​ឡើងវិញ​។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​បាន​ផ្អាក​ប្រមូល​សំរាម​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ​មក ដោយសារ​គ្មាន​រណ្តៅ​ចូល​ចាក់ ព្រោះ​ទីលាន​ចាស់​ពេញ​។

​លោក​អភិបាលក្រុង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« នេះ​ជា​បញ្ហា​ចាស់​តាំងពី​ចុងខែ សីហា ឆ្នាំ​២០១៧ ដែល​កាលនោះ ក្រុមហ៊ុន​សំរាម​បាន​ជីករណ្តៅ​ថ្មី​សម្រាប់​ចាក់សំរាម តែ​រណ្តៅ​នោះ​នៅ​កៀក​ផ្ទះ​ប្រជា​ពល​ដ្ឋ ទើប​ពួកគេ​តវ៉ា បិទផ្លូវ​មិនឱ្យ​ឡាន​ដឹក​សំរាម​ចូល​ចាក់ តែ​ពេលនោះ​យើង​បាន​ដោះស្រាយ​ម្តង​ហើយ​»​។​

​ជាថ្មី​ម្តងទៀត ប្រជាពលរដ្ឋ​បាន​តវ៉ា មិន​ព្រមឱ្យ​ឡាន​ដឹក​សំរាម​ចូល​ចាក់​ក្នុង​រណ្តៅ​ថ្មី​ដែល​ជិះ​ក្លិន​មិនល្អ​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​។ ជាការ​ឆ្លើយតប​ភ្លាមៗ ក្រុមហ៊ុន បាន​ផ្អាក​ការប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាប ដែលមាន​បរិមាណ​ក្នុង​មួយថ្ងៃ​ពី ៣០០​តោន ទៅ​៤០០​តោន រង់ចាំ​ដំណោះស្រាយ​ចុងក្រោយ​។​

​តាម​លោក សូរ ប្លា​តុង ដំណោះស្រាយ​ដែល​លោក​កំពុង​ស្នើសុំ​ទៅ​ភាគី​ក្រុមហ៊ុន​ប្រមូល​សំរាម ទីមួយ អាច​ទិញ​រណ្តៅ​ដី​របស់​ឯកជន​ដែល​នៅជាប់​ទីលាន​ចាក់​នោះ ដើម្បី​ចាក់​បន្ត​ក្នុងតម្លៃ​ដែល​អាច​ទទួលយកបាន ឬ​អាច​ចាក់​ក្នុង​រណ្តៅ​ចាស់​សិន ដើម្បី​ដោះស្រាយ​បញ្ហា​មួយគ្រា​សិន​។

​គួរ បញ្ជាក់ថា បច្ចុប្បន្ន មានតែ ក្រុមហ៊ុន ហ្គា អ៊ី យ៉ា តែមួយ​ប៉ុណ្ណោះ ដែល​កំពុង​ប្រតិបត្តិការ​ដឹកជញ្ជូន​សំរាម​ចេញពី​ក្រុង​សៀមរាប ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​២៧​គ្រឿង​ទៅ​ចាក់​នៅ​ទីលាន សំរាម នៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង​។ កន្លងមក ធ្លាប់មាន​ក្រុមហ៊ុន​កូរ៉េ​មួយ ចង់​វិនិយោគ​ទីលាន​ចាក់សំរាម​ថ្មី​នៅ​ស្រុក​បន្ទាយស្រី ដែល​គម្រោង​នេះ​បាន​ស្ងាត់​ទៅវិញ​។ អាជ្ញាធរ ធ្លាប់បាន បញ្ជាក់ថា សេវា​ប្រមូល​សំរាម​នៅក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ នៅមានកម្រិត​នៅឡើយ និង​ឲ្យ ពលរដ្ឋ​មានការ​អធ្យាស្រ័យ យោគយល់​ខ្ពស់ ចំពោះ​ភាពយឺតយ៉ាវ នៃ​សេវា​ប្រមូល​សំរាម​នេះ ដែល​អាជ្ញាធរ​កំពុង​រក​ដំណោះស្រាយ​៕

Tag:
 សំរាម​
  ក្រុង​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com