អន្តរជាតិ
អូឡាំពិក​រដូវរងា​ចប់ ស្ថានភាព​ឧបទ្វីប​កូរ៉េ​វិល​ទៅរក​ភាព​តានតឹង​វិញ​?
26, Feb 2018 , 3:46 pm        
រូបភាព
អត្តពលិកកូរ៉េទាំងពីរកាន់ទង់រួមគ្នា (រូបភាព៖ AFP)
អត្តពលិកកូរ៉េទាំងពីរកាន់ទង់រួមគ្នា (រូបភាព៖ AFP)
​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុង​ឆាង កូរ៉េខាងត្បូង បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​។ ជារួម ព្រឹត្តិការណ៍​កីឡា​នេះ​រៀបចំឡើង​ដោយ​ជោគជ័យ និង​មិនមាន​ការគំរាមកំហែង​សន្តិសុខ​ធ្ងន់ធ្ងរ​ឡើយ ហើយ​រឿង​គួរ​ចាប់អារម្មណ៍ គឺ​កូរ៉េខាងជើង​ក៏​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​នេះដែរ​។ អ្វីដែល​គេ​ចាំមើល គឺ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​រវាង​អាមេរិក និង​កូរ៉េខាងជើង ក្រោយ​ព្រឹត្តិការណ៍​នេះ​។ តើ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​កូរ៉េ​ទាំងពីរ នឹង​នាំ​ដល់​ការជួប​ចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង ឬក៏​ស្ថានភាព​វិល​ទៅរក​ភាព​តានតឹង​ជាថ្មី​?



​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា ដែល​បង្ហាញ​ពី​ការរួបរួម​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ បានបញ្ចប់​ហើយ​។ វត្តមាន​របស់​អត្ត​ព​លិ​ក ក្រុម​សិល្បៈ និង​ក្រុម​នារី​លើកទឹកចិត្ត​របស់​កូរ៉េខាងជើង នៅលើ​ទឹកដី​កូរ៉េខាងត្បូង​ក៏​ចប់​ដូចគ្នា ហើយ​ត្រូវ​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​។ ទំនាក់ទំនង​អន្តរ​កូរ៉េ​ដែល​ល្អូ​ន​ល្អឺ​ន​ជាច្រើន​សប្ដាហ៍​មកនេះ មិន​ច្បាស់​ថា អាច​បន្ត​កើតមាន​ក្រោយ​ព្រឹត្តិការណ៍​កីឡា​នេះឡើយ​។

​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ដែលជា​ថ្ងៃ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​អូឡាំពិក​នោះ អត្ត​ព​លិ​ក​កូរ៉េ​ទាំងពីរ​មិនបាន​ស្លៀក​ឯកសណ្ឋាន​រួមគ្នា និង​មិន​ទង់​កូរ៉េ​តែមួយ ដូច​ថ្ងៃ​បើក​កម្មវិធី​ឡើយ​។ អត្ត​ព​លិ​ក​កូរ៉េខាងត្បូង​ស្លៀក​សម្លៀកបំពាក់​ពណ៌​ស កាន់​ទង់ជាតិ​កូរ៉េខាងត្បូង ឯ​ក្រុម​កីឡាករ​កូរ៉េខាងជើង​នាំគ្នា​ប្រើប្រាស់​ឯកសណ្ឋាន​ពណ៌​ក្រហម និង​កាន់​ទង់ជាតិ​កូរ៉េខាងជើង រំលេច​ផ្កាយ​ផង​។ 

​ងាក​ទៅ​ប្រតិភូ​របស់​អាមេរិក និង​កូរ៉េខាងជើង​វិញ គេ​មិនឃើញ​សោះការ​រាក់ទាក់​គ្នា​រវាង​មន្ត្រី​ប្រទេស​ទាំងពីរ ទោះជា​អង្គុយ​នៅក្បែរ​គ្នា​ក៏ដោយ​។ នៅ​ថ្ងៃ​បើក​កម្មវិធី​ទី​៩ ខែកុម្ភៈ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន មិន​ខ្វល់​វត្តមាន​លោក គីម យ៉ុង​ណា​ម ប្រមុខរដ្ឋ​កូរ៉េខាងជើង ដែល​អង្គុយ​ខាងក្រោយ​ខ្លួន​ឡើយ​។ នៅ​ថ្ងៃ​បិទ​វិញ លោកស្រី អ៊ី​វ៉ាន់​កា ត្រាំ កូនស្រី​លោក ដូ​ណា​ល់ ត្រាំ ក៏​មិន​យក​ភ្នែក​មើល​លោក Kim Yong-chol មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ដែរ​។

​អ​ម្រែ​ក​ធ្លា​ក់លើ​កូរ៉េខាងត្បូង​

​នៅពេលនេះ អ​ម្រែ​ក​ធ្ងន់​ត្រូវ​ធ្លា​ក់លើ​ស្មា​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​ត្រូវតែ​រក្សា​ស្ថានភាព​កក់ក្ដៅ​អំឡុងពេល​ព្រឹត្តិការណ៍​អូឡាំពិក​បន្តទៀត​។ ប្រធានាធិបតី​សេរីនិយម​លោក មូ​ន ចេ​អ៊ី​ន ត្រូវ​រក្សា​លំនឹង​ជញ្ជីង ដែល​ម្ខាង​គឺ​មហិច្ឆតា​ការស្វែងរក​សន្តិ​ភាពជា​មួយ​កូរ៉េខាងជើង និង​ម្ខាង​ទៀត គឺ​រក្សា​សម្ព័ន្ធភាព​ជាមួយ​អាមេរិក​។ ទោះជា​បាន​ពុះពារ​បញ្ហា​ច្រើន​មកហើយ​ក្ដី លោក មូ​ន ចេ​អ៊ី​ន មាន​ការងារ​ជាច្រើន​ដែល​ត្រូវធ្វើ ហើយ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​។​

​លោក មូ​ន ចេ​អ៊ី​ន ត្រូវ​ឆ្លើយតប​សំណើ​របស់លោក គីម ជុង​អ៊ុន ដែល​អញ្ជើញលោក​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​។ លិខិតអញ្ជើញ​នេះ​ត្រូវបាន​ប្រគល់​ឲ្យ​ផ្ទាល់​ដៃដល់​លោក មូ​ន ពី​សំណាក់​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់លោក គីម ។ លោក មូ​ន មិនទាន់​ឆ្លើយថា យល់​ទៅ​ភ្លាម​ឡើយ តែ​បានស្នើ​ឲ្យ​ភាគី​ទាំងពីរ​សងខាង​បង្កើត​ឱកាសល្អ​ជាមុនសិន​។ ប៉ុន្តែ​លោក​ត្រូវ​បន្ត​យកចិត្ត​កូរ៉េខាងជើង​ទៀត មុន​ឈានដល់​ការពិភាក្សា​បញ្ហាសំខាន់ៗ​។​

​តាមពិតទៅ រដ្ឋាភិបាល​កូរ៉េខាងត្បូង​រង​ការរិះគន់​មិនតិច​ឡើយ​ពី​ប្រជាជន​របស់ខ្លួន ព្រោះ​បាន​បន្ទន់ឥរិយាបថ​ខ្លាំងពេក​ចំពោះមុខ​កូរ៉េខាងជើង​។ ក្រុង​សេ​អ៊ូ​ល​ទទួល​រ៉ាប់រង​រាល់​ការចំណាយ​ទាំងអស់​របស់​ប្រតិភូ​ក្រុង​ព្យុងយ៉ាង ទាំង​ការហូ​ក​ចុក ស្នាក់នៅ និង​ធ្វើដំណើរ​។ ក្រុង​សេ​អ៊ូ​ល​ថែមទាំង​ព្យួរ​ទណ្ឌកម្ម​ឯកតោភាគី​របស់ខ្លួន​ផង ព្រោះ​ព្យុងយ៉ាង​បាន​បញ្ជូន​មន្ត្រី​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​។

​ការសម្របសម្រួល​គ្រប់យ៉ាង​ពី​សំណាក់​កូរ៉េខាងត្បូង ក៏មាន​គោលដៅ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ ធ្វើឡើង​ដោយ​រលូន ហើយ​អាច​អូសទាញ​កូរ៉េខាងជើង​ឲ្យ​បន្ត​បន្ទប់​ជំហរ​ទៀត​។ សម្រាប់​កូរ៉េខាងត្បូង ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​អន្តរ​កូរ៉េ គឺជា​ជំហាន​ដ៏​សំខាន់​ដើម្បី​ឈានដល់​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ឬក៏​អាច​ឈានដល់​ការចរចា​ស្ដីពី​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

​សន្តិភាព​នឹង​បន្ត ឬ​ភាព​តានតឹង​កើតឡើង​វិញ​?

​ខណៈដែល​ព្រឹត្តិការណ៍​អូឡាំពិក​ចប់​ទៅហើយនោះ អ្វីដែល​គេ​សង្ឃឹមទុក​នោះ ភាពកក់ក្ដៅ​នៅ​ឧបទ្វីប​កូរ៉េ​នៅតែ​បន្ត​មាន​ដដែល​។ ប៉ុន្តែ​វា​ជា​រឿង​ពិបាក​ស្មានថា ភាព​តានតឹង​នៃ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​អាច​កើតឡើង​ម្ដងទៀត​ឬ​យ៉ាងណា​។ ពីរ​ខែ​ដើមឆ្នាំ​២០១៨ ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​មាន​ភាព​ស្ងៀមស្ងាត់​ល្អ ស្រប​ពេលដែល​កូរ៉េខាងជើង​មិនបាន​បញ្ច​ញេ​សកម្មភាព​អ្វី​ធំដុំ ក្រៅពី​ការធ្វើ​ក្បួនព្យុហយាត្រា​កងទ័ព​មុន​បើក​ព្រឹត្តិការណ៍​អូឡាំពិក​មួយថ្ងៃ​។​

​យ៉ាងណាមិញ មាន​កត្តា​ចំនួន​បី​ដែល​អាច​ឲ្យ​ឧបទ្វីប​មួយ​នេះ​ឈានទៅរក​ផ្លូវ​សង្គ្រាម​ដូច​ពេលកន្លងមក ឬក៏​សន្តិភាព​នៅតែ​បន្ត​។ ទីមួយ គឺ​ទណ្ឌកម្ម​សន្ធឹកសន្ធាប់រ​បស់​អាមេរិក​។ អាមេរិក​ទើប​ដាក់ទណ្ឌកម្ម​មួយកញ្ចប់​សម្រាប់​កូរ៉េខាងជើង ដើម្បី​ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ ក៏ដូចជា​ដាក់​សម្ពាធ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​។ ទណ្ឌ​កម្មនេះ​ប្រៀបដូចជា​ការ​ជះ​សាំង​លើ​ភ្លើង ហើយ​កូរ៉េខាងជើង​បានចាត់ទុក​ជាការ​ប្រកាសសង្គ្រាម​ជាមួយ​ខ្លួន​។​

​កត្តា​ទី​ពីរ គឺ​សមយុទ្ធ​យោធា​របស់​អាមេរិក និង​កូរ៉េខាងត្បូង​។ កូរ៉េខាងត្បូង​បានសម្រេច​ចិត្ត​ផ្អាក​សមយុទ្ធ​រួមគ្នា​ជាមួយ​អាមេរិក​ដើម្បី​សម្រួល​ដល់​ដំណើការ​របស់​កីឡា​អូឡាំពិក​។ សមយុទ្ធ​រួមគ្នា​រំពឹងថា ចាប់ផ្ដើម​ម្ដងទៀត​ក្រោយ​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​ក្នុង​ខែមីនា​។ ក្នុងករណី​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​សមយុទ្ធ​រួមគ្នា​មែន​នោះ ក្រុង​ព្យុងយ៉ាង​ប្រាកដជា​ក្ដៅស្លឹកត្រចៀក​មិន​ខាន ហើយ​ទំនាក់ទំនង​ល្អូក​ល្អឺ​ន​ដែល​កសាង​ដោយ​លំបាក ក៏​រលាយ​វិញ​ដែរ​។​

​កត្តា​ទី​បី គឺ​កូរ៉េខាងជើង​អាច​សាកល្បង​នុយក្លេអ៊ែរ ឬក៏​បាញ់​មី​ស៊ី​ល​ជាថ្មីទៀត​។ កូរ៉េខាងជើង​ខកខាន​បាញ់​មី​ស៊ី​ល​ជាង​បី​ខែ​មកហើយ ខណៈ​ការបាញ់​ចុងក្រោយ ធ្វើឡើង​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ សមយុទ្ធ​យោធា​រួមគ្នា​របស់​អាមេរិក និង​កូរ៉េខាងត្បូង នឹង​ក្លាយជា​លេស​សម្រាប់​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​មិន​ខាន ព្រោះ​កូរ៉េខាងជើង​ចាត់ទុក​លំ​ហាត់​យោធា​នេះ​ជាការ​ប្រុងប្រៀប​ឈ្លានពាន​ខ្លួន​។ ការស្ងៀមស្ងាត់​មួយរយៈ​នេះ ទំនងជា​កូរ៉េខាងជើង​កំពុង​សំលៀង​មី​ស៊ី​ល​របស់ខ្លួន​ផង​ក៏​ថា​បាន​៕  


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com