អន្តរជាតិ
វៀតណាម​រឹបអូស​បាន​គ្រឿងញៀន​មានតម្លៃ ២,៥​លាន​ដុល្លារ​នៅជាប់​ព្រំដែន​ចិន​
26, Feb 2018 , 4:49 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​មួយ ប៉ូលិស​វៀតណាម​បាន​រឹបអូស​គ្រឿងញៀន​ដែលមាន​តម្លៃ​ប្រហែល​២,៥ លាន​ដុល្លារ​ដែល​ឈ្មួញ​ព្យាយាម​រត់ពន្ធ​ចូលទៅ​កាន់​ទឹកដី​ចិន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​វៀតណាម Thanh Nien ដែល​ចុះផ្សាយ​ថ្ងៃ​ចន្ទ​ទី ២៦ ខែកុម្ភៈ​។

 


​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន ដែលមាន​តម្លៃ​រហូតដល់ ២,៥​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ឈ្មួញ​ជនជាតិ​វៀតណាម​ប្រាំ​នាក់​រត់ពន្ធ​ដើម្បី​នាំចូល​ទៅកាន់​ប្រទេស​ចិន​តាម​ខេត្ត Cao Bang ប្រទេស​វៀតណាម ។ គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​រឹប​អូស ហើយ​ជនល្មើស​ប្រាំ​នាក់​នោះ​ក៏​ត្រូវបាន​ចាប់ខ្លួន​រួចរាល់​ហើយ​ដែរ​។

 បើតាម​សារព័ត៌មាន​វៀតណាម Thanh Nien  ការបង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​សុក្រ​ដល់​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​ប៉ូលិស​បានសម្រេច​បាញ់​ក​ញ្ច​ប់គ្រឿង​ញៀន​នៅ​ត្រូវបាន​គេ​លាក់ទុក​ក្នុង​រថយន្ត​មួយគ្រឿង​ដោយ​ព្យាយាម​បើក​ឆ្លងដែន​ដោយ​មិន​ឈប់​តាម​ការបញ្ជា​របស់​ប៉ូលិស​។

​មានតម្លៃ​ប្រហែល ២,៥ លាន​ដុល្លារ គ្រឿងញៀន​នោះ​មាន​ទំហំ​ជិត ១០០ គីឡូក្រាម ត្រូវបាន​ជនជាតិ​វៀតណាម​ទាំង​ប្រាំ​នាក់​នោះ​រត់ពន្ធ​ចេញមក​ពី​ប្រទេស​ឡាវ និង​គ្រោង​នាំ​ចូលទៅ​ប្រទេស​ចិន​ផង​។

​វៀតណាម​ត្រូវបាន​គេ​ស្គាល់​ថា​ជាទី​កន្លែង​សំខាន់​មួយ​សម្រាប់​ការដឹកជញ្ជូន និង​ឆ្លងកាត់​នៃ​គ្រឿងញៀន​ដែល​គេ​នាំ​មកពី​តំបន់ត្រីកោណមាស​វៀតណាម ថៃ និង​ឡាវ ដែលជា​តំបន់​ដែល​ផលិត​គ្រឿងញៀន​ធំ​បំផុត​មួយ​លើ​ពិភព​លិ​ក​នោះ​។

​កាលពី​ខែ​មុន ប៉ូលិស​វៀតណាម​ក៏បាន​បង្ក្រាប​ករណី​រត់​ពន្ធ​គ្រឿងញៀន​ផងដែរ ដោយ​ពេលនោះ​ប៉ូលិស​បាន​រឹបអូស​យក​ម្សៅ​ហេ​រ៉ូ​អ៊ី​ន​មាន​ទម្ងន់ ១៧០ គីឡូក្រាម​ដែលមាន​តម្លៃ​ប្រហែល ៣​លាន​ដុល្លារ​អាមេរិក​។ គ្រឿងញៀន​នោះ​ត្រូវបាន​គេ​ដឹក​ចេញពី​ប្រទេស​ឡាវ​ដូចគ្នា​។

​តាមពិតទៅ​វៀតណាម​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ដែល​តឹងតែង​ជាងគេ​លើ​ពិភពលោក​។ អ្នកណា​ក៏ដោយ​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​រត់ពន្ធ​គ្រឿងញៀន​ក្នុង​ទំហំ​លើ​ពី ៦០០​ក្រាម ឬក៏​មាន​អាភៀន​លើ​ពី ២០​គីឡូ​ក្រម​នឹងត្រូវ​ប្រឈមមុខ​នឹង​ទោស​ប្រហារជីវិត​ផង​៕



Tag:
 គ្រឿងញៀន​
  អាស៊ាន​
  ឡាវ​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com