អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​ស្នើ​អាមេរិក​កុំ​ដាក់​លក្ខខណ្ឌ​ចរចា​ជាមួយ​កូរ៉េខាងជើង​ខ្ពស់​ពេក​
26, Feb 2018 , 9:19 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ជួបជាមួយឧបនាយករដ្ឋមន្រ្តីចិន Liu Yandong (រូបភាព៖​ AP)
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ជួបជាមួយឧបនាយករដ្ឋមន្រ្តីចិន Liu Yandong (រូបភាព៖​ AP)
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ បានស្នើ​ឲ្យ​អាមេរិក​កុំ​ដាក់​លក្ខខណ្ឌ​ខ្ពស់​ពេក​ក្នុង​ការទាមទារ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​វិញ​នោះ​។ លោក មូ​ន ចេ​អ៊ី​ន និយាយ​បែបនេះ បន្ទាប់ពី​កូរ៉េខាងជើង​បង្ហាញ​ជំហរ​ចរចា តែ​អាមេរិក​បាន​ប្រាប់​ឲ្យ​បោះបង់​នុយក្លេអ៊ែរ​សិន​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ​ចង់​ការចរចា​ទល់មុខ​រវាង​អាមេរិក និង​កូរ៉េខាងជើង កើតឡើង​សិន រួច​ទើប​ភាគី​ទាំងអស់​ដាក់​លក្ខខណ្ឌ​តាម​ក្រោយ​។​



​ក្នុងជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន Liu Yandong ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានលើកឡើង​ពី​សារសំខាន់​នៃ​ការចាប់ផ្ដើម​ការចរចា​ទ្វេភាគី​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ ប៉ុន្តែ​លោក មូ​ន ចេ​អ៊ី​ន បានស្នើ​ឲ្យ​ភាគី​ទាំងអស់​បង្ហាញ​ឆន្ទៈ​ចរចា​របស់ខ្លួន និង​មិនត្រូវ​ទាមទារ​លក្ខខណ្ឌ​ខ្ពស់ ទាំង​ការចរចា​មិនទាន់​លេច​ជា​រូបរាង​ផង​នោះ​។

​ងាក​ទៅ​ចុង​សប្ដាហ៍​មុន​បន្តិច លោក Kim Yong-chol មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង បាន​ប្រា​ប់លោក មូ​ន ចេ​អ៊ី​ន ក្នុងជំនួប​បិទទ្វារ​ថា កូរ៉េខាងជើង​មាន​ឆន្ទៈ​គ្រប់គ្រាន់ និង​បើកចំហ​ដល់​ការចរចា​ជាមួយ​អាមេរិក​។ ប៉ុន្មាន​ក្រោយមក សេត​វិមាន​ក៏បាន​ឆ្លើយតប​វិញ និង​បាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​ជាមុន​។ សម្រាប់​អាមេរិក ការជជែក​ជាមួយ​កូរ៉េខាងជើង​មាន​គោលដៅ​តែមួយគត់ គឺ​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ​។

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ចំពោះមុខ​មន្ត្រីជាន់ខ្ពស់​ចិន លោក មូ​ន ចេ​អ៊ី​ន និយាយ​ដោយ​ត្រង់ៗ​ថា អាមេរិក​គួរ​ទម្លាក់​ការទាមទារ​របស់ខ្លួន ឯ​កូរ៉េខាងជើង​វិញ​ក៏ត្រូវ​បង្ហាញ​ជំហរ​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​វិញ​ដែរ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ​បាន​ប្រាប់​លោកស្រី Liu Yandong ដែរ​ថា វា​ជា​រឿង​សំខាន់​ដែល​អាមេរិក និង​កូរ៉េខាងជើង ត្រូវ​ចូល​តុ​ចរចា​មួយ​ទល់​មួយ​ឲ្យ​បាន​កាន់តែ​ឆាប់​។

​មេដឹកនាំ​កូរ៉េ​ខា​ត្បូង​ដដែល​នេះ​អះអាងថា ថ្មីៗ​នេះ កូរ៉េខាងជើង​បានបង្ហាញ​បង្ហាញ​ឆន្ទៈ​ដើម្បី​ជួប​ជជែក​ជាមួយ​អាមេរិក ឯ​អាមេរិក​វិញ​ក៏​និយាយ​ពី​សារសំខាន់​នៃ​ការសន្ទនា​ដើម្បី​សន្តិភាព​ដែរ​។ លោក មូ​ន ចេ​អ៊ី​ន ជឿថា ទំនាក់ទំនង​ល្អ​រវាង​កូរ៉េ​ទាំងពីរ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ដែល​បញ្ចប់​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ អាច​នាំទៅដល់​ការចរចា​ផ្ទាល់​រវាង​អាមេរិក និង​កូរ៉េខាងជើង ឬក៏​ការចរចា​ពហុភាគី​ដើម្បី​បញ្ចប់​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។

​ដោយឡែក​ក្នុងជំនួប​ជាមួយ​មន្ត្រី​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះដែរ លោក Kim Yong-chol ក៏​ប្រកាស​ម្ដងទៀត​ពី​ជំហរ​ចរចា​ជាមួយ​អាមេរិក ហើយ​ទ្វារ​ចរចា​នៅតែ​ចំហ​។ យ៉ាងណាមិញ អាមេរិក​ហាក់​នៅ​ស្ទាក់ស្ទើរ និង​មិនទាន់​ជឿ​កូរ៉េខាងជើង​ទាំងស្រុង​នៅឡើយ​ទេ​។ មិន​ត្រឹម​មិនទាន់​ជឿ​ទេ អាមេរិក​ក៏​នៅតែ​ប្រកាន់​ជំហរ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​កូរ៉េខាងជើង​ដើម្បី​បង្ខំ​ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​៕ 


Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com