សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ADB បោះទុន​ជាង ២០០​លាន​ដុល្លារ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ថាមពល​កកើតឡើង​វិញ​នៅ​អាស៊ាន​
26, Feb 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បោះទុន​ទំហំ ២៣៥​លាន​ដុល្លារ​គាំទ្រ​គម្រោង​ថាមពល​កើតឡើង​វិញ​( Renewable energy) របស់​ក្រុមហ៊ុន​ថាមពល B.Grimm Power របស់​ថៃ​ដើម្បី​ជំរុញ​ការ​ផ្គង់​ផ្គង់​ថាមពលអគ្គីសនី​នៅក្នុង​តំបន់​អាស៊ាន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អ​វិវឌ្ឍន៍​អាស៊ី​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ ២៣ ខែកុម្ភៈ​កន្លងមក​។



​កម្ចី​ដែលមាន​ទំហំ​ទឹកប្រាក់ ២៣៥ លាន​ដុល្លារ​អាមេរិក​នេះ នឹង​ផ្តល់​ឲ្យ​ទៅ​ក្រុមហ៊ុន B.Grimm Power ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍ​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​តំបន់​អាស៊ាន​។ គម្រោង​នេះ​នឹង​ជួយ​ជំរុញ​ការផលិត ចែកចាយ និង​ផ្គត់ផ្គង់​ថាមពលអគ្គីសនី​ដល់​កាន់​ទីផ្សារ​ថ្មីៗ​មានដូចជា កម្ពុជា ឥណ្ឌូណេស៊ី ឡាវ មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​វៀតណាម​ជាដើម​ផង​។​

​អគ្គនាយក​ទទួលបន្ទុក​ដំណើរការ​នៃ​វិស័យ​ឯកជន​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី Michael Barrow បាន​លើកឡើងថា ការអភិវឌ្ឍ​ថាមពល​កកើតឡើង​វិញ​ជា​រឿង​សំខាន់បំផុត​សម្រាប់​តំបន់​អាស៊ាន ក៏ដូចជា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ក្នុង​តំបន់​ផងដែរ​។​

«​ការអភិវឌ្ឍ​ថាមពល​កកើតឡើង​វិញ​នៅ​អាស៊ាន​ជា​រឿង​ចាំបាច់​ដើម្បី​ធ្វើយ៉ាងណា​បំពេញ​ឲ្យ​បាន​នូវ​តម្រូវការ​ថាមពល​ក្នុង​តំបន់ ហើយ​ក្រុមហ៊ុន B.Grimm Power នាំមុខគេ​ក្នុង​តំបន់​ក្នុងការ​អភិវឌ្ឍ​ថាមពល​ក្នុង​កកើត​ឡើងវិញ​នេះដែរ​»​។ លោក Michael Barrow បានលើកឡើង​ដូច្នេះ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​។

 «​ធនាគារអភិវឌ្ឍន៍អាស៊ី​មាន​មោទនភាព​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន B.Grimm Power ខណៈដែល​ក្រុមហ៊ុន​នេះ​បន្ត​ពង្រីក​យុទ្ធសាស្ត្រ​របស់ខ្លួន​នៅ​តំបន់​អាស៊ាន​»​។​
​គម្រោង​នេះដែរ​ក៏​នឹង​ផ្តោតលើ​ការផលិត​ថាមពល​សូ​ឡា ថាមពលខ្យល់ ជីវម៉ាស ការកែច្នៃ​សំណល់ ថាមពល​ផលិត​ចេញពី​ឧស្ម័ន របៀប​នៃ​ការ​ស្តុក​ទុក​ថាមពល និង​ពាក់ព័ន្ធ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​នៅ​តំបន់​អាស៊ាន​ដែរ​។

​ដូច្នេះហើយ ដោយ​ទទួលបាន​កម្ចី​នេះ ក្រុមហ៊ុន B.Grimm Power នឹងមាន​លទ្ធភាព​ក្នុងការ​បង្កើន​ការផលិត​ថាមពល​របស់ខ្លួន​បាន​រហូតដល់ ៥០ ភាគរយ​ពោលគឺ​បង្កើន​ពី ១៧០០ មេកា​វ៉ា​ត់ ទៅដល់ ២៥០០ មេកា​វ៉ា​ត់​ឯណោះ​ត្រឹម​ឆ្នាំ ២០២០ ខណៈដែល​ថាមពល​កកើត​ឡើងវិញ​ដែលមាន​ធ្លាប់​ចំណែក​ត្រឹម ១០​ភាគរយ​នឹង​កើតឡើង​ដល់ ៣០​ភាគរយ​ផងដែរ​៕

Tag:
 ADB
  ថាមពល​កកើត​ឡើងវិញ​
  អាស៊ាន​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com