អន្តរជាតិ
ប្រធានអាស៊ាន «សិង្ហបុរី» នឹងអាចរក្សាតួនាទីស្នូល និងឯកភាពផ្ទៃក្នុងអាស៊ាន?
× កិច្ចប្រជុំកំពូលអាស៊ាននឹងត្រូវរៀបចំឡើងនៅខែមេសាខាងមុខដោយសិង្ហបុរិនឹងធ្វើជាម្ចាស់ផ្ទះ ហើយបញ្ហាប្រឈមធំៗជាច្រើននៅក្នុងតំបន់នឹងត្រូវលើកយកមកពិភាក្សាគ្នាផងដែរដើម្បីកំណត់ផ្លូវដើរ និងធ្វើយ៉ាងណាធានាវិបុលភាព និងការលូតលាស់នៅក្នុងតំបន់។ មិនត្រឹមតែធានាការលូតលាស់របស់អាស៊ានប៉ុណ្ណោះទេ ប្រធានអាស៊ានសិង្ហបុរី ក៏ត្រៀមខ្លួនធានាឲ្យបាននូវការឯកភាពរវាងរដ្ឋសមាជិកអាស៊ាន ក៏ដូចជាតួនាទីស្នូលរបស់អាស៊ានផង ស្របពេលដែលពិភពលោកស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ និងប្រឈមមុខការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចធំៗក្នុងតំបន់ផងនោះ។
មូលបទសម្រាប់អាស៊ានឆ្នាំ ២០១៨ ដែលមានសិង្ហបុរីជាប្រធានប្តូរវេនគឺ «ភាពរឹងមាំ» (Resilience) និង« នវានុវត្ដន៍» (Innovation) ។ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង កន្លងមកបានពន្យល់ថា សិង្ហបុរីជ្រើសរើសមូលបទនេះ ក៏ព្រោះថា សិង្ហបុរីចង់ធានាឲ្យបានពីតួនាទីស្នូលរបស់អាស៊ានដែលអាចដោះស្រាយបញ្ហាប្រឈមនានាទាំងសន្តិសុខ សង្គម បរិស្ថាន និងសម្រេចបាននូវការរីកចម្រើនលូតលាស់នៃតំបន់អាស៊ានដែរ។
សម្រាប់ភាពរឹងមាំរបស់អាស៊ាន សិង្ហបុរីដើរតួជាអ្នកដឹកនាំអាស៊ានក្នុងការជួយលើកស្ទួយ និងធានាថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិដើម្បីអាចដោះស្រាយបញ្ហាប្រឈមសន្តិសុខទាំងប្រពៃណី និងមិនប្រពៃណីផង។ ចំពោះការលើកស្ទួយ «នវានុវត្ដន៍» វានឹងអនុញ្ញាតឲ្យអាស៊ានស្វែងរកវិធីសាស្ត្រថ្មីដើម្បីគ្រប់គ្រង និងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើប្រយោជន៍តំបន់ជាពិសេសជំរុញការប្រកួតប្រជែង,លើកម្ពស់ការកសាងសមត្ថភាព និងជំនាញរបស់ពលរដ្ឋក្នុងតំបន់ដែលជាផ្នែកមួយនៃការកាត់បន្ថយភាពក្រីក្រ ធានាការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន (Inclusive Growth) និង ជំរុញការសមាហរណកម្មតំបន់ផង។ មិនត្រឹមតែប៉ុណ្ណោះ សិង្ហបុរីត្រៀមជំរុញការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ភេរវកម្ម ក៏ដូចជាប្រឆាំងបទឧក្រិដ្ឋតាមអ៊ឺនធឺណិតផងដែរ។
១.គម្លៀតនៃការអភិវឌ្ឍនៅជាឧបសគ្គក្នុងការចាប់ផ្តើមគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាន
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសកន្លងមក សិង្ហបុរីបានឆ្លៀតផ្តួចផ្តើមឲ្យមានការបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ានដែលជា នឹងនាំមកនូវផលប្រយោជន៍ច្រើនសម្រាប់តំបន់ ជាពិសេសប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន។ គោលដៅនៃការបង្កើតបណ្តាញទីក្រុងឆ្លាតនេះគឺ លើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយការធានាគុណភាពនៃបរិស្ថាន និង ជំរុញសហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចផងដែរ។ វានឹងដើរតួនាទីជាអ្នកជំរុញការប្រើប្រាស់បច្ចេកវិទ្យា បម្លាស់ប្តូរពាណិជ្ជកម្ម បង្កើនភាពជាសហគ្រិន និងធានានិរន្តរភាពនៃបរិស្ថានក្នុងតំបន់ផងដែរ។
ហើយបើតាមប្រមុខការទូតសិង្ហបុរីលោក Vivian Balakrishan គម្រោងបណ្តាញទីក្រុងឆ្លាតថ្នាក់តំបន់នេះនឹងត្រូវចេញជារូបរាងឡើងនៅខែមេសាឆ្នាំ ២០១៨ ខាងមុខនេះ មុននឹងត្រូវអនុវត្តជាផ្លូវការនៅចុងឆ្នាំ ២០១៨។ លោកបានបន្ថែមថា ទីក្រុងឆ្លាតនេះក៏ផ្តោតលើការពង្រឹងសន្តិសុខអ៊ីនធឺណិត និងសម្រួលដល់លំហូរហិរញ្ញវត្ថុនៅទូទាំងតំបន់អាស៊ានដូចគ្នា។
ថ្វីបើ គម្រោងទីក្រុងឆ្លាតមានសារសំខាន់សម្រាប់ការលូតលាស់របស់អាស៊ានក៏ពិតមែន សិង្ហបុរី ដែលជាអ្នកផ្តួចផ្តើមគម្រោងនេះប្រហែលជាត្រូវប្រឈមបញ្ហាលំបាកច្រើន។ កម្រិតនៃការអភិវឌ្ឍខុសគ្នា ឬម្យ៉ាងទៀតហៅថា គម្លៀតនៃការអភិវឌ្ឍរវាងសមាជិកអាស៊ានជាន់ថ្មី និងចាស់នោះ នៅតែជាបញ្ហាធំដែលរាំងស្ទះការអនុវត្តគម្រោងដ៏មានសក្តានុពលនេះដែល។
ទាក់ទិនបញ្ហានេះ បណ្តារដ្ឋអាស៊ានត្រូវប្រឹងប្រែងទាំងអស់គ្នាដើម្បីសម្រេចបានផ្លែផ្កា ជាពិសេសពង្រឹងការអនុវត្តផែនការសកម្មភាពដែលមានសម្រាប់ដើម្បីកាត់បន្ថយគម្លៀតរវាងប្រទេសសមាជិកថ្មី និងចាស់ផង។ មិនត្រឹមតែប៉ុណ្ណោះ សិង្ហបុរីដែលជាប្រធានអាស៊ាន ត្រូវជំរុញឲ្យសមាជិកអាស៊ានផ្សេងទៀតពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូអាស៊ានដើម្បីជំរុញការចែករម្លែកបទពិសោធន៍ និងបច្ចេកវិទ្យាដែលជួយបម្រើប្រយោជន៍ប្រទេសអាស៊ានផងដែរនោះ។ កន្លងមក លោក លី សៀនឡុងធ្លាប់ជំរុញឲ្យសមាជិកអាស៊ានសហការឲ្យកាន់តែជិតស្និទ្ធជាមួយមហាអំណាចដែលមានបច្ចេកវិទ្យារីកចម្រើនដូចជាចិន កូរ៉េខាងត្បូង និងជប៉ុន ក្រោមក្របខណ្ឌអាស៊ានបូកបីផងដែរ។
២.សិង្ហបុរីត្រូវរក្សាតួនាទីស្នូល និងឯកភាពអាស៊ាន ក្នុងបរិបទនៃការប្រជែងឥទ្ធិពលរវាងមហាអំណាច
ក្រៅពីជំរុញការអភិវឌ្ឍនិងវិបុលភាពតំបន់អាស៊ាន ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន សិង្ហបុរី ក៏ត្រៀមខ្លួនដើម្បី អង្គការតំបន់អាស៊ានដែលមានសមាជិកដប់នេះនឹងនៅបន្តតួនាទីស្នូលរបស់ខ្លួនដោយធ្វើជាតួអង្គសំខាន់ដែលអាចជួយធានាស្ថិរភាព សន្តិភាពតំបន់ផងដែរ។
អាស៊ាននៅតែប្រឈមបញ្ហា ហើយអាចនឹងមានការបែកបាក់គ្នាផង នៅពេលអាស៊ីនៅតែជាទីលានមហាអំណាចពិភពលោកប្រកួតប្រជែងគ្នាដើម្បីពង្រឹងឥទ្ធិពលរៀងខ្លួននោះ។ ថ្វីបើលោក ដូណាល់ ត្រាំ ប្រកាសដាក់ចេញនយោបាយដម្កល់ប្រយោជន៍អាមេរិកជាធំក៏ពិតមែន វាមិនមែនមានន័យថា មហាអំណាចនេះបោះបង់ចោលតំបន់អាស៊ីឡើយ។ ក្រោយសហរដ្ឋអាមេរិកបញ្ចេញ យុទ្ធសាស្ត្រសន្តិសុខជាតិកន្លងមក គេអាចទស្សន៍ទាយដឹងថា ក្រុងវ៉ាស៊ីនតោននឹងបន្តបង្កើនតួនាទីរបស់ខ្លួនក្នុងតំបន់តាមរយៈការពង្រឹងទំនាក់ទំនងជាមួយដៃគូ និងសម្ព័ន្ធមិត្តក្នុងតំបន់ដូចគ្នាដើម្បីដោះស្រាយបញ្ហាសន្តិសុខតំបន់ដូចជា វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។ អ្វីដែលសំខាន់នោះ អាមេរិកក៏បន្តប្រឹងប្រែងធ្វើយ៉ាងទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់មហាយក្សចិនផងដែរ។
ចំណែកចិនដែលជាមហាយក្សជាន់ថ្មីនោះ ក៏មិនសប្បាយចិត្តនឹងវត្តមានរបស់អាមេរិកក្នុងតំបន់ដូចគ្នា។ តាំងពីដើមមក ចិនបន្តចោទប្រកាន់ថា អាមេរិកព្យាយាមបង្ករឿង និងដុតកម្តៅបង្កបញ្ហាក្នុងតំបន់។ ចិនខឹងអាមេរិកខ្លាំងនៅពេលដែលមហាអំណាចនេះបន្តលូកលាន់ក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ទាំងដែលមហាអំណាចមួយនេះគ្មានចំណែកសូម្បីតែបន្តិចក្នុងជម្លោះនោះ។
ពាក់ព័ន្ធបញ្ហានេះ ឯកអគ្គរដ្ឋទូតសិង្ហបុរី និងជាអតីតអគ្គលេខាធិកាអាស៊ានលោក Ong Keng Yong ធ្លាប់បញ្ជាក់ហើយថា បញ្ហាប្រឈមធំរបស់អាស៊ានគឺ សម្របខ្លួនក្នុងពេលដែលមានការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាចធំៗក្នុងតំបន់។ សមាជិកអាស៊ានអាចនឹងងាយបែកបាក់គ្នា បើគ្មានការត្រៀមខ្លួនដោះស្រាយបញ្ហានេះទេ។
«ទំនាក់ទំនងរវាងសមាជិកអាស៊ាន និងបណ្តាប្រទេសមហាអំណាចមានឥទ្ធិពលធំធេងលើសមត្ថភាពរបស់សមាជិកអាស៊ានក្នុងការរក្សាគោលនយោបាយដែលជាជំហររបស់អាស៊ាន និងគោលនយោបាយថ្នាក់ជាតិដែលខ្លួនចង់បាន។ នេះជាការលើកឡើងរបស់លោក Ong Keng Yong ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានសិង្ហបុរី Today ។
បុរីរដ្ឋសិង្ហបុរីដែលមាននយោបាយការបរទេសឆ្លាតវៃ និងប្រកបដោយទស្សនវិស័យវែងឆ្ងាយនោះបានបង្ហាញច្បាស់ហើយថា ទោះក្នុងស្ថានភាពណាក៏ដោយ សិង្ហបុរីមិនចាប់ឬរើសយកយកមហាអំណាចណាមួយផ្តាច់មុខឡើយទោះជាអាមេរិក ឬចិនក៏ដោយ។ សិង្ហបុរីក្លាយជាដៃគូរកស៊ីដ៏ជិតស្និទ្ធរបស់ចិន ខណៈដែលប្រទេសនេះក៏នៅរក្សាភាពជាដៃគូជិតស្និទ្ធផ្នែកសន្តិសុខ និងយោធាជាមួយអាមេរិកដែរ។ ដូច្នេះហើយ ក្នុងនាមជាប្រធានអាស៊ាន សិង្ហបុរី អាចដើរតួនាទីជាអ្នកតំណាងឲ្យប្រយោជន៍អាស៊ានផង និង ជាអ្នកជួយសម្របសម្រួលរវាងទំនាក់ទំនងអាមេរិក និងចិនផងដែរ។
បញ្ហាជម្លោះសមុទ្រចិនខាងត្បូងនៅតែជារឿងចម្រូងចម្រាសដែលអាចធ្វើឲ្យអាស៊ានបែកបាក់គ្នាដែរ។បើទោះបីជាឆ្នាំ ២០១៧ ពេលហ្វីលីពីនធ្វើជាប្រធានអាស៊ាន បញ្ហានេះហាក់បីថមថយកម្តៅក៏ដោយ វាមិនមានន័យថា បញ្ហានេះត្រូវបានដោះស្រាយចប់សព្វគ្រប់ឡើយ។ ហ្វីលីពីនបានបន្ទន់ជំហរដាក់ចិន ហើយអាស៊ានក៏រក្សាភាពស្ងៀមស្ងាត់ផងដែរនៅពេលដែលចិនបន្តសកម្មភាពរបស់ខ្លួនដោយកសាងកោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែសញ្ញាវិជ្ជមាននោះគឺ ក្រោមការដឹកនាំរបស់ហ្វីលីពីន អាស៊ាន និងចិនអាចបញ្ចប់ការចរចាបង្កើតគ្រោងឆ្អឹងក្របប្រតិបត្តិនៃគូភាគីសមុទ្រចិនខាងត្បូង (COC Framework)។
ប៉ុន្តែនៅឆ្នាំ ២០១៨ នេះគេនាំគ្នារង់ចាំមើលសិង្ហបុរីវិញម្តង ដោយគេចង់ដឹងថា ប្រទេសនេះនឹងមានលទ្ធភាពខ្ពស់ប៉ុណ្ណាក្នុងការ ចរចាផ្លូវការលើការបង្កើតក្រមប្រតិបត្តិនោះ។ អ្នកការទូតសិង្ហបុរីជាច្រើនរូបបានបង្ហើបថា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ការបង្កើតក្រមប្រតិបត្តិដែលល្អប្រសើរមួយ វាស៊ីពេលយូរ ហើយវាទាមទារការអត់ធ្មត់ខ្លាំងផងដែរ។
មិនមែនជាភាគីជម្លោះ សិង្ហបុរី មិនដែលបង្ហាញជំហរប្រឆាំងចិនដោយចំហរទេ ប៉ុន្តែរដ្ឋអាស៊ានមួយនេះព្យាយាមបង្ហាញថា បញ្ហានេះត្រូវដោះស្រាយដោយគោរពតាមច្បាប់អន្តរជាតិជាពិសេសអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២នោះ។ គេអាចដឹងមុនថា សិង្ហបុរីដែលមានបទពិសោធន៍ធ្វើជាប្រធានអាស៊ានប្រហែលបីដងរួចមកនោះ មិនទន់ភ្លន់ពេក ហើយក៏មិនរក្សាភាពស្ងៀមស្ងាត់ពេកដែរ ក្នុងករណីដែលចិនបន្តសកម្មភាពទន្ទ្រានវាតទីនៅតំបន់ជម្លោះនោះ។
ដោយឡែកបញ្ហាវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងក៏ជាអម្រែកដ៏ធ្ងន់សម្រាប់សិង្ហបុរីដែលជាប្រធានអាស៊ានឆ្នាំនេះ ហើយក៏ជាបញ្ហាដែលគំរាមកំហែងដែរ។ មកដល់បច្ចុប្បន្ន អាមេរិក នៅតែរក្សាជំហររឹងត្អឹងដាក់កូរ៉េខាងជើងបើទោះសញ្ញាវិជ្ជមានរវាងកូរ៉េទាំងពីរកើតមានឡើងក្តី។ អាមេរិកបន្តបញ្ចេញទណ្ឌកម្មថ្មីដែលធំបំផុតមិនធ្លាប់មានប្រឆាំងកូរ៉េខាងជើង ដើម្បីផ្តាច់ដង្ហើមហិរញ្ញវត្ថុរបបឯកោមួយនេះផងកាលពីសប្តាហ៍មុន ហើយក្រុងវ៉ាស៊ីនតោនក៏ព្រមានប្រទេសណាក៏ដោយដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើងឲ្យបញ្ឈប់ទំនាក់ទំនងនេះដែរ។
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងប្រហែលជាបន្តចិញ្ចឹមចិត្តជំរុញឲ្យអាស៊ានដាក់សម្ពាធលើកូរ៉េខាងជើងឲ្យកាន់តែខ្លាំង ឬមានចំណាត់ការពិតប្រាកដជាងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរបបផ្តាច់ការក្រុងព្យុងយ៉ាង។ តាំងពីដើមមកអាស៊ានមិនបង្ហាញជំហរណាមួយ មាំទាំប្រឆាំងកូរ៉េខាងជើងឡើយ ហើយរដ្ឋអាស៊ានក៏នៅរក្សាទំនាក់ទំនងពាណិជ្ជកម្មនិងការទូតជាមួយរបបនេះដែរ។ ហេតុផលគឺថា វាមានតែយន្តការអាស៊ានមួយប៉ុណ្ណោះដែលអាចទាញកូរ៉េខាងជើងឲ្យអង្គុយតុពិភាក្សាជាមួយប្រទេសដទៃទៀតបាន។ មួយវិញទៀតអាស៊ានក៏មិនបារម្ភខ្លាំងថា កូរ៉េខាងជើងនឹងប្រើប្រាស់មីស៊ីលឬនុយក្លេអ៊ែរបាញ់លើទឹកដីរបស់ខ្លួន ដូចអាមេរិក ជប៉ុន ឬកូរ៉េខាងត្បូងដែរ។
ប៉ុន្តែកន្លងមក វាមានសម្ពាធពីអាមេរិកផង ចង់មិនចង់ប្រទេសមួយចំនួនបានកាត់បន្ថយទំនាក់ទំនងជាមួយកូរ៉េខាងជើងដូចគ្នា។ ដូច្នេះហើយ ក្នុងនាមជាប្រធានអាស៊ាន សិង្ហបុរីត្រូវថ្លឹងថ្លែងឲ្យបានម៉ត់ចត់ពីយន្តការណាមួយដែលអាស៊ានត្រូវដាក់ចេញដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ពេលខ្លួនរងសម្ពាធខ្លាំង។ សិង្ហបុរីក៏ដូចជារដ្ឋអាស៊ានផ្សេងទៀត ជឿជាក់ថា ចិននៅតែមានឥទ្ធិពលនិងទឹកមាត់ប្រៃក្នុងការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ ហើយតិចឬច្រើនអាស៊ានបារម្ភផងដែរការប្រើប្រាស់វិធានការក្តៅប្រឆាំងកូរ៉េខាងជើងប្រៀបដូចជាការជះសាំងលើភ្លើង រុញច្រានឲ្យកូរ៉េខាងជើងធ្វើសង្គ្រាមនុយក្លេអ៊ែរផ្ទុះដូច្នេះដែរ។
ចំណែកបញ្ហាសំខាន់មួយទៀតដែលជាស្មុគស្មាញសម្រាប់អាស៊ាន និងចម្រូងចម្រាសបំផុតមួយនោះគឺបញ្ហាវិបត្តិរ៉ូហ៊ីងយ៉ា។ វាមិនមែនជារឿងថ្មីឡើយ ប៉ុន្តែគោលការណ៍មិនជ្រៀតជ្រែករបស់អាស៊ានធ្វើឲ្យការដោះស្រាយវិបត្តិមនុស្សជាតិនេះកាន់តែពិបាកមួយកម្រិតទៀត។ រយៈពេលចុងក្រោយ មីយ៉ាន់ម៉ារងការថ្កោលទោសខ្លាំងពីសហគមន៍អន្តរជាតិ ហើយមានការចោទប្រកាន់ថា មីយ៉ាន់ម៉ាកំពុងអនុវត្តគោលនយោបាយបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផង។
អាស៊ានដែលជាអង្គការតំបន់នោះរងការរិះគន់ដូចគ្នា ព្រោះអង្គការនេះមិនមានលទ្ធភាពក្នុងចូលរួមដោះស្រាយវិបត្តិមនុស្សជាតិនេះដែរ។ គេឃើញមានម៉ាឡេស៊ី និងឥណ្ឌានេះបានចេញមុខអំពាវនាវរកដំណោះស្រាយ និងបន្តទទូចឲ្យមីយ៉ាន់ម៉ាបញ្ចប់ហិង្សាប្រដាប់អាវុធ និងការសម្លាប់រង្គាល។ តែម៉ាឡេស៊ីហ៊ានរិះគន់មីយ៉ាន់ម៉ាខ្លាំងៗជាងគេ ខណៈឥណ្ឌូណេស៊ីប្រើវិធានការត្រជាក់ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា និងធានាជួយជ្រោមជ្រែងមីយ៉ាន់ម៉ាបើចាំសិនបាច់។
សម្រាប់ប្រធានអាស៊ានសិង្ហបុរីឯណោះវិញ ក៏ចៀសមិនផុតពីរងសម្ពាធសហគមន៍អន្តរជាតិខ្លាំងដូចគ្នា។ ប៉ុន្តែគេក៏មិនអាចរំពឹងថានឹងមានការផ្លាស់ប្តូរច្រើនឡើយនៅពេលដែលសិង្ហបុរីធ្វើជាប្រធានអាស៊ានឆ្នាំនេះ។ គេអាចដឹងថា សិង្ហបុរីជាសមាជិកដែលអនុវត្តគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេះជាប្រពៃណីមកហើយ ហើយវាប្រាកដណាស់សិង្ហបុរីក៏មិនលូកដៃក្នុងបញ្ហារ៉ូហ៊ីងយ៉ាខ្លាំងដែរ។
ទាក់ទិនបញ្ហានេះ លោក Ong Keng Yong បានផ្តល់យោបល់ថា ទោះបីជាគោលការណ៍មិនជ្រៀតជ្រែកនៅជាចំណុចស្នូលក្តី សិង្ហបុរីអាចផ្តោសំខាន់លើការចែកចាយជំនួយមនុស្សធម៌ និងធានាស្ថានភាពសន្តិសុខក្នុងរដ្ឋ Rakhine ត្រឡប់មកប្រក្រតី និងមានស្ថិរភាព។ គោលការណ៍មិនជ្រៀតជ្រែកមិនអាចរារាំងឬហាមឃាត់ ការបង្កើតកិច្ចសន្ទនា និងសហការរវាងភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាជាក់ស្តែងឡើយ៕
Tag:
អាស៊ាន
សិង្ហបុរី
សមុទ្រចិនខាងត្បូង
រ៉ូហ៊ីងយ៉ា
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com